ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ​ជិត​50​លាន​នាក់​ធ្វើ​ចំណាកស្រុក​ព្រោះតែ​សង្គ្រាម

7 ឆ្នាំ មុន

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មូលនិធិ​សម្រាប់​កុមារ​នៃ​អង្គការសហប្រជាជាតិ (UNICEF) ឱ្យ​ដឹង​ថា កុមារ​ជិត​៥០​លាន​នាក់​នៅ​លើ​ពិភពលោក​ធ្វើ​ចំណាកស្រុក​ដោយសារ​តែ​សង្គ្រាម និង​ទំនាស់​

AFP ផ្សាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា មូលនិធិ​សម្រាប់​កុមារ​នៃ​អង្គការសហប្រជាជាតិ (UNICEF) ឱ្យ​ដឹង​ថា កុមារ​ជិត​៥០​លាន​នាក់​នៅ​លើ​ពិភពលោក​ធ្វើ​ចំណាកស្រុក​ដោយសារ​តែ​សង្គ្រាម និង​ទំនាស់​នៅ​ក្នុង​ប្រទេស ។ ការ​សិក្សា​ស្រាវជ្រាវ​ពី​ទិន្នន័យ​នៅ​លើ​ពិភពលោក​របស់​យូ​នី​សេ​ហ្វ​ឃើញ​ថា មាន​កុមារ​ដល់​ទៅ​២៨​លាន​នាក់ ចាកចោល​ផ្ទះសម្បែង​ដើម្បី​គេច​ពី​អំពើ​ហិង្សា និង​ទំនាស់​ផ្ទៃក្នុង ដោយ​ចំនួន​នោះ​មាន​ជនភៀសខ្លួន​ជា​កុមារ​ប្រហែល​១០​លាន់​នាក់ ។

យុវជន​ប្រហែល​១​លាន​នាក់​នៅ​រង់ចាំ​ការ​សុំ​ជ្រកកោន និង​១៧​លាន​នាក់​ត្រូវធ្វើ​ចំណាកស្រុក​នៅ​ក្នុង​ប្រទេស និង​មិន​អាច​ចូល​ដល់​ការ​ជួយ​សង្គ្រោះ​ផ្នែក​មនុស្សធម៌​បន្ទាន់​បាន។ លើស​ពី​នេះ​កុមារ​២០​លាន​នាក់​ទៀត ចាំបាច់​ត្រូវ​ចាកចោល​ផ្ទះសម្បែង​ក្នុង​ហេតុផល​ផ្សេង​គ្នា ដូច​ជា​ត្រូវ​ក្រុម​អន្ធពាល​រារាំង ឬ​គេច​ពី​ភាព​ក្រ​ក្រ​ជាដើម ។

UNICEF ថ្លែង​ថា «​កុមារ​ភាគច្រើន​ប្រឈម​មុខ​នឹង​ការ​ល្មើស​លើ​ផ្លូវភេទ ឬ​រារាំង ព្រោះ​ពួក​គេ​ជា​បុគ្គល​គ្មាន​ការ​ចុះ​សញ្ជាតិ គ្មាន​សា្ថ​ា​នភា​ព​ផ្នែក​ផ្លូវច្បាប់​ច្បាស់លាស់ និង​គ្មាន​ប្រព័ន្ធ​ណាមួយ​ដើម្បី​តាមដាន​ពី​ជីវភាព​របស់​ពួក​គេ ហើយ​កុមារ​ទាំងនេះ​គឺជា​ពលរដ្ឋ​ដែល​រង​គ្រោះ​តាម​ផ្លូវច្បាប់ ។ មាន​កុមារ​ជា​ច្រើន​នាក់​បាន​ធ្វើ​ដំណើរ​ឆ្លង​ដែន​ដោយ​ខ្លួនឯង និង​កាលពី​ឆ្នាំ​មុន​មាន​យុវជន​ជាង​១០០.០០០​នាក់ បាន​ឃ្លាត​ចាក​ពី​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​សុំ​ភៀសខ្លួន​នៅ​ក្នុង​៧៨​ប្រទេស ដោយ​កើន​លើស​ពី​តួ​លេច​ស្ថិតិ​នៅ​ឆ្នាំ​២០១៤ ដល់​ទៅ​៣​ដង ។

ទន្ទឹម​នឹង​នេះ​យូ​នី​សេ​ហ្វ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី «​ការ​គ្មាន​សមតុល្យ​កើន​ឡើងជា​រឿយ​ៗ» ជា​ជនភៀសខ្លួន ព្រោះ​កុមារ​មាន​ប្រហែល​១​ភាគ​៣​នៃ​ប្រជាជន​នៅ​លើ​ពិភពលោក ប៉ុន្តែ​មាន​ចំនួន​ដល់​ទៅ «​ពាក់កណ្តាល​» ពី​បណ្តាជន​ភៀសខ្លួន​ទាំងអស់ ។ នៅ​ក្នុង​ឆ្នាំ​២០១៥ មាន​កុមារ​ភៀសខ្លួន​ប្រហែល​៤៥% ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​អគ្គលេខា​ធិការ​ជនភៀសខ្លួន​នៃ​អង្គការសហប្រជាជាតិ គឺ​មាន​កុមារ​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ យូ​នី​សេ​ហ្វ អំពាវនាវ​ដល់​រដ្ឋាភិបាល​នានា​នៅ​ទូ​ទាំង​ពិភពលោក បញ្ឈប់​ការ​ឃុំឃាំង​កុមារ​ដែល​ត្រូវការ​ភៀសខ្លួន ឬ​សុំ​ការ​ភៀសខ្លួន ត្រូវ​បម្រើ​ផ្នែក​សុខភាព​រួម​ទាំង​ទ្រទ្រង់​ដល់​នយោបាយ​បញ្ឈប់​ការ​មើលងាយ​ជាតិ​សាសន៍ និង​បែងចែក​វណ្ណៈ​ជាដើម ៕​