ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ សុំ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុងភូមិ​ចំនួន​០៣​គឺ ភូមិ​ត្បែង ភូមិ​គុម្ពោត​ទូក និង​ភូមិ​សង្គម ឃុំ​គគីរ​សោម​ស្រុក​ស្វាយ​ទាប បាន​មក​ជួបជុំ​គ្នា

ខេត្តស្វាយរៀង ៖ មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ក្នុងភូមិ​ចំនួន​០៣​គឺ  ភូមិ​ត្បែង ភូមិ​គុម្ពោត​ទូក និង​ភូមិ​សង្គម ឃុំ​គគីរ​សោម​ស្រុក​ស្វាយ​ទាប បាន​មក​ជួបជុំ​គ្នា​សំពះ​សុំ​ឲ្យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍​រក​យុត្តិធម៌ ដោយ​ចោទ​ថា មាន​ក្រុមហ៊ុន​វៀតណាម ជីក​ប្រឡាយ​លើក​អាចម៍ដី​ចាក់​ធ្វើ​ថ្នល់ រំលោភ​ដីស្រែ និង​ចាក់​ដី​លុប​លើ​ស្រូវ​របស់​ប្រជាពលរដ្ឋ បណ្តាល​ឲ្យ​ខូចខាត​ស្រូវ​របស់​ប្រជាពលរដ្ឋ​០៣​ភូមិ ហើយ​គ្មាន​អាជ្ញាធរ​ណា​ដោះស្រាយ​ឡើយ​។

ករណី​ប្រជាពលរដ្ឋ​រក​បទ​អន្តរាគមន៍​ពី​សម្តេច​ហ៊ុន​សែន​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​០០​ព្រឹក ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប​។​បើ​តាម​ឈ្មោះ ឃួ​ន មុនី​ល​ក្ខ័ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សង្គម ឃុំ​គគីរ​សោម បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​វៀតណាម បាន​យក​គ្រឿងចក្រ​មក​ជីក​ប្រឡាយ បង្ហូ​ទឹក និង​ចាក់​ដី លើក​ធ្វើ​ថ្នល់​ដឹក​អំពៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​០៣​ភូមិ​គឺ ភូមិ​ត្បែង ភូមិ​គម្ពោត​ទូក និង​ភូមិ​សង្គម ឃុំ​គគី​សោម ទី​១. ការ​ជីក​ប្រឡាយ​បាន​ប៉ះពាល់​ដីស្រែ​របស់​ប្រជាពលរដ្ឋ ដោយ​ក្រុមហ៊ុន​យក​អាចម៍ដី​ចាក់​លុប​ស្រូវពង្រោះ​របស់​ពួក​គាត់​អស់​ផ្ទៃដី​សរុប ទទឹង​៩​ម៉ែត្រ បណ្តោយ​ជាង​៤.០០០ ម៉ែត្រ ទី​២.​ខូច​ស្រូវ​ប្រជាពលរដ្ឋ​រាប់​ពាន់​ហិ​កតា ដោយ​រីង​គោក​ទឹក​ក្នុង​ស្រែ មូលហេតុ ហូរ​ទឹក​ចេញពី​ស្រែ​ចូល​ប្រឡាយ​ដែល​ក្រុមហ៊ុន​វៀតណាម​ជីក បង្ហូរទឹក​ទៅ​ប្រទេស​វៀតណាម​អស់​។

ទី​៣.​ជី​ប្រឡាយ​កាត់​ផ្លូវ​គោក្របី និង​ផ្លូវ​ប្រជាពលរដ្ឋ​ទៅ​ធ្វើស្រែ មិន​ដាក់​លូ ធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​វិញ​។ បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ សាន ច​ន្ថា អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​គម្ពោត​ទូក ឃុំ​គគីរ​សោម​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៣​ភូមិ​ខាងលើ បាន​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​សង​សំណង​ផល់​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​។ ១.​សង​សំណង​កា​ខូចខាត​ស្រូវពង្រោះ ២.​សង​សំណង​ថ្លៃ​ដីស្រែ ដែល​ក្រុមហ៊ុន​ចាក់​ដី​រំលោភ​យក​តាម​តម្លៃ​ទីផ្សារ​៣.​ធ្វើ​ទ្វារ​ទឹក បិទ​ទឹក​ទុក​ក្នុង​ប្រឡាយ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ចេញពី​ស្រែ​គោក​ទឹក​ងាប់​ស្រូវ ៤.​ដាក់​លូ កាត់​ប្រឡាយ​តាម​ផ្លូវ​ចាស់ (៥០០​ម៉ែត្រ​ដាក់​លូ​មួយ​) ដើម្បី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅ​ធ្វើស្រែ និង​យក​គោក្របី​ទៅ​ឃ្វាល​។

បើ​តាម​មន្ត្រី​មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មូលហេតុ​ក្រុមហ៊ុន​វៀតណាម ជីក​ប្រឡាយ​នេះ គឺ​ដើម្បី​បង្ហូ​ទឹក​ចេញពី​ចម្ការ​អំពៅ និង​ចាក់​ដី​ធ្វើ​ថ្នល់​ដឹក​កសិផល​អំពៅ​ទៅ​ប្រទេស​វៀតណាម​។ ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុមហ៊ុន​លោក កុយ សា​រ៉េ​ន មុខងារ​ជា​ស្មៀនឃុំ​ពពែ​ត បាន​ប្រមូល​ជួល​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គគីរ​សោម ឃុំ​ព្រៃ​តា​អី និង​ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប រាប់​ពាន់​ហិ​កតា​ក្នុង​១​ហិ​កតា​តម្លៃ​២០០​ដុល្លា ហើយ​បាន​យក​ដី​ទាំងនោះ​ទៅ​ជួល​បន្ត​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម​ក្នុង​១​ហិតា ៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​កុងត្រា​រយៈពេល​៣​ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨​។

ហើយ​កា​ជី​ប្រឡាយ​នេះ​គឺ ជីក​ចាប់ពី​ភូមិ​ព្រៃ​តា​អី ឃុំ​ព្រៃ​តា​អី កាត់​តាម​ភូមិ​ត្បែង ភូមិ​សង្គម និង​ភូមិ​គម្ពោត​ទូក ប្រវែង​៧​គីឡូម៉ែត្រ​ដល់​ព្រំដែន​កម្ពុជា វៀតណាម ចំណុច​បង្គោល​សីមា ព្រំដែន​លេខ​១៥៤​។​ហើយ​បះ​ពាល់​ដីស្រែ និង​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ គឺ​ទទឹង​៩​ម៉ែត្រ​បណ្តោយ ប្រមាណ​ជាង​៤​ពាន់​ម៉ែត្រ​។​ទាក់ទិន​ករណី​ប្រជាពលរដ្ឋ​ចោទ​ថា​មាន​ជួល​ដី​ឲ្យ​យួន​នេះ​ដែរ លោក កុយ សា​រ៉េ​ន ប្រធាន​ក្រុមហ៊ុន ស្រែ​ទិស​ខាងកើត​ត្រូវ​បាន​អភិវឌ្ឍន៍​(EASTERN RiCE FiELD DEVELOPMENT COL .TD)បាន​អះអាង​ថា គឺ​គ្មាន​ជួល​ដី​ឲ្យ​វៀតណាម​ទេ គ្រាន់តែ​ធ្វើ​វិនិយោគទុន​ជាមួយ​ក្រុមហ៊ុន​វៀតណាម និង​យក​មន្ត្រី​ជំនាញ​បច្ចេកទេស​ធ្វើការ​។

ហើយ​ពាក់ព័ន្ធ​ករណី ជីក​ប្រឡាយ​នេះ​គឺ​លោក​បាន​សុំ​ទៅ​អាជ្ញាធរ ឃុំ​ស្រុក​និង​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែរ សុំ​ស្តារ​ប្រឡាយ​ចាស់ ប្រជាពលរដ្ឋ​ក៏​បាន​យល់ព្រម ហើយ គោលបំណង​ជីក​ប្រឡាយ ១.​យក​ទឹក សម្រាប់​ឲ្យ​ប្រជា​កសិករ​ប្រើប្រាស់​បូមទឹក​ដាក់​ស្រូវ ពេល​មាន​ភាពរាំងស្ងួត និង​បង្ហូ​ទឹក​ចេញពី​ចម្ការ​អំពៅ ពេល​មាន​ទឹកជំនន់​។ ២.​ធ្វើ​ផ្លូវថ្នល់ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ងាយស្រួល​។ ចំពោះ​ផល​ប៉ះពាល់ ហូរ​ទឹក​ចេញពី​ស្រែ​ចូល​ប្រឡាយ ក្រុមហ៊ុន​បាន​ឲ្យ​ទប់ទឹក​ប្រឡាយ​នោះ​ហើយ​។

ផល​ប៉ះពាល់​ការ​ចាក់​ដី​លើ​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ​នោះ លោក​បាន​ចេញ​សំណង​ថ្លៃ​ស្រូវពូជ តាម​គ្រួសារ​ប៉ះពាល់ ខ្លះ​៥​សែន​រៀល​ខ្លះ​៣​សែន​រៀល និង​កំពុង​ពិនិត្យ​គ្រួសារ​ដែល​ប៉ះពាល់​បន្ត​ទៀត ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ទាមទារ​ថ្លៃ​ដី​ក្រុមហ៊ុន​មិន​អាច​មាន​លទ្ធភាព​ចេញ​សំណង​បាន​ឡើយ​។ លោក កុយ សា​រ៉េ​ន បន្ត​ទៀត​ថា ក្រុមហ៊ុន​EASTERN RiCE FiELD DEVELOPMENT COL .TD បាន​វិនិយោគ​ជួល​ដី​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​អំពៅ ចំនួន​២ ៣៨៣​ហិ​កតា និង​បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ជា​ច្រើន​ដែរ​។

ទាក់ទិន​ការ​ជីក​ប្រឡាយ​នេះ​ដែរ​លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៦​បាន​មាន​ប្រសាសន៍​ថា ប្រឡាយ​នេះ​បើ​គ្មាន​ទ្វារ​បិទ​បើក​ទេ​គឺ​ហូរ​ទឹក​ចេញពី​ស្រែ​ប្រជាពលរដ្ឋ​អស់ អាច​ខូច​ស្រូវ​ច្រើន​ហិ​កតា ចំណែក​អំពៅ​លិច​ទឹក​មិន​ខូច​ទេ​៕