សៀមរាប៖ របររកឃ្មុំ ដែលយកចេញពីក្នុងព្រៃ តាមបែបធម្មជាតិ និងអ្នកលក់ទឹកឃ្មុំ គឺអាចរកចំណូលទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាសហគមន៍។ ការប្រមូលទឹកឃ្មុំព្រៃ ក៏បានចូលរួមចំណែកការពារព្រៃឈើ ដែលពួកគាត់លែងទៅប៉ះពាល់ដល់ធនធានធម្មជាតិផងដែរ។
ពិតណាស់ ក្រៅពីរកទឹកឃ្មុំ បានមកលក់ហើយ ក្រុមប្រជាសហគមន៍ ក៏ចាំបាច់ត្រូវបង្ហាញពីទឹកឃ្មុំរបស់ខ្លួនសុទ្ធល្អ មិនលាយទឹកស្ករ ដែលផ្តល់នូវទំនុកចិត្តដល់អតិថិជន ហើយអាចជួយធ្វើឱ្យពួកគាត់ លក់បានក្នុងតម្លៃមួយខ្ពស់។
មានមនុស្សមិនតិចទេ តែងនិយាយថា បានចាញ់បោកអ្នកលក់ ដោយសារទិញទឹកឃ្មុំ មកហើយ មិនសុទ្ធ។ ប្រការនេះ ធ្វើឱ្យអ្នកខ្លះ មិនចង់ទិញទឹកឃ្មុំបន្តទៀត។
ក្នុងន័យបង្ហាញទំនុកចិត្ត និងមិនចង់ឱ្យពលរដ្ឋ ដែលទិញទឹកឃ្មុំ ហើយចាញ់បោកគេ ដោយសារទឹកឃ្មុំមិនសុទ្ធនោះ លោក ហុង ពឿន ដែលសព្វថ្ងៃរស់នៅ ក្នុងភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានរៀបរាប់តាមបទពិសោធន៍របស់លោក ពីទឹកឃ្មុំសុទ្ធបែបធម្មជាតិ។ លោក ឱ្យធ្វើពិសោធន៍សាកល្បង ៣យ៉ាង គឺទី១-ប្រើស្លឹកខ្ទឹម ទី២-ប្រើបារី និងទី៣-ប្រើក្រដាស។ ក្នុងនេះ ដូចជា បារី គឺយើងអាចយកមួយដើម មកជ្រលក់ក្នុងទឹកឃ្មុំ ហើយយកមកអុជនឹងភ្លើង បើវាឆេះ ហើយយើងអាចយកមកជក់បាន នោះបញ្ជាក់ថា វាជាទឹកឃ្មុំសុទ្ធ។ ប៉ុន្តែបើជាទឹកឃ្មុំក្លែងក្លាយ គឺពេលអុជបារីទៅ វាមិនឆេះទេ។
សម្រាប់ក្រដាសវិញ គឺឱ្យប្រើទឹកឃ្មុំ បន្តក់ពីលើ។ បើសង្កេតឃើញថា ក្រដាសនោះ មិនជា្របលេចមកម្ខាងទៀតទេ មានន័យថា ទឹកឃ្មុំនោះសុទ្ធហើយ។ ប៉ុន្តែផ្ទុយមកវិញ បើវាជ្រាបលេចសើមក្រដាសមកម្ខាងទៀត មានន័យថា ទឹកឃ្មុំនោះ មិនសុទ្ធឡើយ។
ចំណែកវិធីមួយទៀត គឺឱ្យយកស្លឹកខ្ទឹមមួយដើម មកជ្រលក់ទៅក្នុងទឹកឃ្មុំ។ បើសិនជាវារួញ ឬស្វិត បញ្ជាក់ថា ជាទឹកឃ្មុំសុទ្ធ។ តែបើទឹកឃ្មុំមិនសុទ្ធវិញ នៅពេលជ្រលក់ហើយ ស្លឹកខ្ទឹមនោះ វានឹងនៅរក្សាភាពដើមដដែល។ ពោលគឺមិនស្វិត ឬរួញខុសទ្រង់ទ្រាយដើមសោះឡើយ។
លោក ហុង ពឿន ដែលមានអាយុ ៣៧ឆ្នាំ បានឱ្យដឹងថា ឃ្មុំដែលលោកចេញទៅរក ហើយប្រាថ្នាចង់បាននោះ គឺឃ្មុំចង្អេរ ពីព្រោះវាផ្តល់ទឹកច្រើនក្នុងមួយផ្លិត ចាប់ពី ៤-១០លីត្រ ហើយលោកលក់ ក្នុងមួយលីត្រ ៨០០០០រៀល។ ពេលខ្លះ រកបានហើយ ក៏ខ្វះអ្នកទិញ ដែលនាំឱ្យជួបស្ថានភាពលំបាកផងដែរ។
ពាក់ព័ន្ធក្នុងរឿងនេះដែរ លោក ជិន វណ្ណនី អ្នកគ្រប់គ្រង និងផលិតទឹកឃ្មុំចិញ្ចឹមរបស់ក្រុមហ៊ុនអង្គរខ្មែរ ហាន់នី ប៊ី ដែលសព្វថ្ងៃ មានទីតាំងលក់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ក្រុមហ៊ុនលោក បើចង់ដឹងថា ជាទឹកឃ្មុំសុទ្ធ ឬមិនសុទ្ធ គឺក្រុមហ៊ុនលោក នឹងបញ្ចូលក្នុងមន្ទីរពិសោធន៍ឱ្យដល់អតិថិជនមើល។ នេះគឺជាកត្តាមួយសំខាន់ ដែលយើងអាចវែកញែកពីប្រភេទទឹកឃ្មុំច្បាស់លាស់ បានយ៉ាងពិតប្រាកដ។ ផ្ទុយទៅវិញបើយើងយកតាមការពិសោធន៍បែបវិធីផ្សេងៗវិញ ឃើញថា វាក៏អាចយកជាផ្លូវការបានដែរ ប៉ុន្តែគ្រាន់តែវាមិនពេញលេញ ១០០ភាគរយទេ ហេតុនេះ ទាល់តែយើងចូលមន្ទីរពិសោធន៍ ទើបដឹងច្បាស់លាស់។
លោក វណ្ណនី អ្នកឯកទេសឃ្មុំចិញ្ចឹម បានបញ្ជាក់ថា នៅពេលចូលក្នុងមន្ទីរពិសោធន៍ យើងអាចដឹងពីសារជាតិរបស់វាបាន ព្រោះថា ក្នុងទឹកឃ្មុំ វាមានសារជាតិចិញ្ចឹមជាច្រើនយ៉ាង តាំងតែពីវីតាមីន ប៉ូតាស្យូម ម៉ាញេស្យូម សូដ្យូម និងសារជាតិជាច្រើនទៀត។ នៅពេលចូលមន្ទីរពិសោធន៍ យើងនឹងដឹងពីសារជាតិទាំងអស់នេះ និងសារជាតិទាំងអស់នេះហើយ ដែលរាងកាយរបស់យើង ត្រូវការចាំបាច់បំផុត។
លោកបានបញ្ជាក់ដែរថា បើនិយាយពីទឹកឃ្មុំចិញ្ចឹមនេះ គឺពឹងផ្អែកទៅលើផ្កាព្រៃ មានន័យថា បើព្រៃកន្លែងនោះ មានចេញផ្កាល្អ យើងក៏អាចប្រមូលបានផលល្អដែរ ដោយក្នុងនេះ ២សប្តាហ៍ អាចប្រមូលទឹកបាន ១ដង ឬក៏ ១០ថ្ងៃ ឬបើយូរបំផុត ២០ថ្ងៃ អាចប្រមូលទឹកបានម្តង និយាយរួម បើផ្កាព្រៃកន្លែងនោះ មានច្រើន ហើយល្អ គឺយើងអាចប្រមូលបាន ២ដង ក្នុងមួយខែម្តងប៉ុណ្ណោះ ដោយក្នុងមួយប្រអប់ ឬមួយសំបុក ប្រមូលបានចន្លោះពី ៣ ទៅ ៤លីត្រ។
អ្នកចិញ្ចឹមឃ្មុំ និងកំពុងបើកលក់ នៅលើខ្នងភ្នំគូលេនរូបនេះ បានបញ្ជាក់បន្ថែមថា ការចិញ្ចឹមឃ្មុំធម្មជាតិ គឺតែងប្រមូលបានពីព្រៃធម្មជាតិ ចន្លោះពីខែធ្នូ ដល់ខែមេសា ដែលជាទឹកឃ្មុំល្អ និងមានគុណភាពខ្ពស់៕ សុខ សារ៉ាយ





ចែករំលែកព័តមាននេះ