ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនកិច្ចមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នៅកម្ពុជា ជាការបើកទំព័រថ្មីនៃទំនាក់ទំនង​កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត…

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព​ជើង​គោក បានជួបពិភាក្សាការងារជាមួយ​លោកនាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហ្ស៊ីន (Tan Sri Dato Seri Zamrose Bin Mohd Zain) មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី ក្នុងឱកាសដែល​លោកនាយឧត្តមសេនីយ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃ០៣ ខែមីនា ឆ្នាំ២០២២។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យ​ការពារជាតិ។ កិច្ចសហប្រតិបត្តិការយោធាទ្វេភាគី គឺបានដំណើការបោះជំហានទៅមុខ និងទទួលបាន​លទ្ធផលផ្លែផ្កាជាច្រើន ជាអាទិ៍ ការបណ្តុះបណ្តាលសិក្ខាកាមយោធិនកម្ពុជាតាម រយៈកម្មវិធី Malaysian Defense Cooperation Program (MDCP) ចាប់តាំងពីឆ្នាំ២០០២, ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក និងការអញ្ជើញ​ចូលរួមរបស់គណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ក្នុងព្រឹត្តិការណ៍ពិព័រណ៍ការពារជាតិអាស៊ី (Defense Services Asia Exhibition-DSA) និងពិព័រណ៍ដែនអាកាស និងលម្ហសមុទ្រអន្តរជាតិឡាំងកាវី (Langkawi International Maritime and Aero- space Exhibition-LIMA) ជាដើម។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតកងទ័ពជើងគោក ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ចំពោះ​លទ្ធផល​នៃដំណើរទស្សនកិច្ចនេះ ដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព​ជើងគោក​នៃប្រទេសទាំងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងរឹងមាំ។

ជាក់ស្តែង ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាលើគោលគំនិត និងទិសដៅនៃកិច្ចសហប្រតិបត្តិការ​មួយចំនួន ដែលមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមមាន៖

១-ការបង្កើនសកម្មភាពកិច្ចសហប្រតិបត្តិការទេ្វភាគី ជាពិសេសក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសន្តិសុខព័ត៌មានវិទ្យា

២-ការលើកកម្ពស់កម្រិតនៃទំនាក់ទំនងឱ្យកាន់តែខ្ពស់ឡើងជាងពេលបច្ចុប្បន្ន តាមការរយៈការសម្រេចឱ្យ​ក្រុមការងារ​ចាប់ផ្តើមពិនិត្យ និងសិក្សាអំពីការរៀបចំយន្តការ Army to Army Talks ​

៣-ការរួមគ្នាសំលឹងមើលកាលានុវត្តភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗទៀតក្នុងពេលអនាគត។

ក្នុងឱកាសនោះផងដែរ ភាគីទាំងពីរ ក៏បានកត់សម្គាល់អំពីបញ្ហាប្រឈមផ្នែកសន្តិសុខអន្តរជាតិ ដែលកំពុងកើត​មាន ដូចជាបញ្ហាជំងឺរាតត្បាតជាដើម ដោយបានធ្វើការគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សា និងការបង្កើន​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេ ភាគីរវាងកងទ័ពជើងគោកទាំងពីរកម្ពុជា-ម៉ាឡេស៊ី ដែលជាគន្លឹះមួយដ៏មាន​ប្រសិទ្ធភាព រួមចំណែកជាមួយយន្តការពហុភាគីជាលក្ខណៈតំបន់ដែលមានស្រាប់ ដើម្បីជំរុញការកសាង​ទំនុក​ចិត្ត និងការយោគយល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណារួមគ្នាដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនានា និងបន្តគាំទ្រដល់សកម្មភាពនានាដែលនាំទៅដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា ទស្សនកិច្ចផ្លូវការនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងទំនាក់ទំនងរវាងកងទ័ពជើងគោក​នៃ​ប្រទេសទាំងពីរ ស្របពេលដែលឆ្នាំ២០២២ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតរវាងកម្ពុជា-ម៉ាឡេស៊ី៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ