ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​ខ្ពស់​ណាស់ លួច​ឈូស​ឆាយដី​ភ្នំ​របស់​រដ្ឋ​នៅ​ពេល​យប់ ដែល​រដ្ឋអំណាច​ដេក​លង់លក់​លែង​ក្រោក

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

៖ ភ្នំ​បាទ​សិរី ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​នានា​ជា​ច្រើន​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ភ្នំ​មួយ​នេះ​ត្រូវ​បាន​ប្រភព​រាយការណ៍​មក​ថា

ខេត្តកំពង់ស្ពឺ ៖ ភ្នំ​បាទ​សិរី ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​នានា​ជា​ច្រើន​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ភ្នំ​មួយ​នេះ​ត្រូវ​បាន​ប្រភព​រាយការណ៍​មក​ថា កំពុង​តែ​រង​នូវ​ការ​ឈូស​ឆាយ​ព្រៃ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត​មាន​លុយ និង​មាន​គ្រឿងចក្រ ក្នុង​គោលបំណង​កាន់កា​.​ប់​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន​។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ឈ្មួញ​បាន​ប្រើ​គ្រឿងចក្រ​ប្រភេទ​អេ​ស្កា​វ៉ា​ទ័​រ ដែល​ភាគច្រើន​គេ​តែង​ហៅ​ថា​អា​អ៊ិ​ច ឈូស​ឆាយ​ព្រៃ​ក្នុង​គោលបំណង​វាតទី​ដី​ភ្នំ​មួយ​នេះ ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​ដែល​ភាគច្រើន​ឈ្មួញ​តែងតែ​ធ្វើ​សកម្ម​ភាព​នៅ​ពេល​យប់ ចំណែក​ពេល​ថ្ងៃ​វិញ​គឺ​គេ​បញ្ឈរ​គ្រឿងចក្រ​ចោល​មិន​ដំណើរការ​នោះ​ទេ​។ ការ​ធ្វើ​ដូច្នេះ ក៏​ទំនងជា​ឈ្មួញ​រូប​នោះ បានដឹង​ថា បើ​គេ​ធ្វើការ​ឈូស​ឆាយ​កាយ​ដី​ព្រៃ​នៅ​ពេល​ថ្ងៃ ច្បាស់​ជា​រង​នូវ​ការ​ចាប់​បង្ក្រាប​ជា​មិន​ខាន តែបើ​គេ​ធ្វើ​នៅ​ពេល​យប់ អាជ្ញាធរ និង​សមត្ថកិច្ច​ដេក​លក់​អស់ហើយ នោះ​គឺ​គេ​មិន​ត្រូវ​បាន​បង្ក្រាប​ឡើយ​។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ​ដែរ លោក គឹ​ម តាប់ អនុប្រធាន​ភូមិ​តាំង​ស្នោរ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង បាន​ប្រាប់​ថា ទីតាំង​ភ្នំ​គឺជា​ដី​របស់​រដ្ឋ ចំណែក​អ្នក​ដែល​ធ្វើ​សកម្មភាព​ឈូស​ឆាយ​នេះ គឺ​គាត់​មាន​ដី​ជាប់​នឹង​ជើងភ្នំ​បាទ​សិរី​នេះ ហើយ​ត្រូវ​បាន​ស្គាល់​ថា ឈ្មោះ ទូច ភឿន ជា​អ្នក​រកស៊ី​ខាង​គ្រឿងចក្រ​។ ហើយ​ការ​ឈូស​ឆាយ​របស់​ឈ្មោះ ទូច ភឿន នេះ គ្មាន​អាជ្ញាធរ និង​សមត្ថកិច្ច​ណា​ដែល​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើ​នោះ​ឡើយ តែ​សកម្មភាព​នេះ​គឺជា​សកម្មភាព​ខុសច្បាប់​ទាំងស្រុង​។ ហើយ​ករណី​ខាងលើ​នេះ គឺ​កើតឡើង​ជិត​១​ខែ​មក​ហើយ លោក​ក៏​បាន​រាយការណ៍​ទៅ​ខាង​ឃុំ​ដែរ​។

ចំណែក​លោក ឆាយ សឿង មេឃុំ​ទំព័រ​មាស ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ភ្នំ​បាទ​សិរី​នេះ អាជ្ញាធរ​មូលដ្ឋាន​មិន​ដែល​ទទួលស្គាល់​ការ​ទិញ​លក់ ឬ​ដោះ​ដូរ​ពី​នរណា​ម្នាក់​ឡើយ តែ​ម្ចាស់​ដី​ដែល​មាន​ទីតាំង​ជាប់​ភ្នំ​នេះ តែងតែ​លួច​ធ្វើ​សកម្ម​ភាព​ឈូស​ឆាយ​ទន្ទ្រាន​យក ដែល​ភាគច្រើន​ត្រូវ​បាន​គេ​រាយការណ៍​មក​ថា ធ្វើ​ឡើង​នៅ​ពេល​យប់ រឿង​នេះ​វា​ពិបាក​ណាស់ សម្រាប់​សមត្ថកិច្ច​មូលដ្ឋាន ព្រោះ​ពេល​យប់​មន្ត្រី​ទាំងអស់​ត្រូវ​បាន​ទៅ​សម្រាក​នៅផ្ទះ​រៀង​ៗ​ខ្លួន​អស់ហើយ ដូច្នេះ​វា​ជា​ឱកាសល្អ​សម្រាប់​ឈ្មួញ​ដែល​មាន​មហិច្ឆតា​រំ​លោ​.​ភយ​ក​ដី​ព្រៃរបស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​នេះ ធ្វើ​សកម្មភាព​បាន​ដោយ​រលូន​។ ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ ២០២២​នេះ លោក​នឹង​ដឹកនាំ​ក្រុមការងារ​ចុះ​ទៅ​ពិនិត្យ​មើល បើ​មាន​សកម្មភាព​លោក​នឹង​រាយការណ៍​ជូន​ថ្នាក់លើ​សុំ​គោលការណ៍​ឃាត់​គ្រឿងចក្រ​តែ​ម្តង​។

យោង​តាម​ប្រភព​ក្រៅផ្លូវការ បានអោយ​ដឹង​ថា មូលហេតុ​ដែល​ឈ្មួញ​ធ្វើការ​ឈូស​ឆាយដី​ព្រៃរបស់​រដ្ឋ​នេះ គឺ​មាន​អ្នកមាន​អំណាច​ម្នាក់ ជា​អ្នក​ឈរ​នៅ​ពីក្រោយ​ខ្នង ទើប​ឈ្មួញ​បានចិត្ត​ហ៊ាន​ប្រព្រឹត្តិ​ក្នុង​ការ​រំ​លោ​.​ភយ​ក​ដី​ព្រៃរបស់​រដ្ឋ​មក​ធ្វើ​ជា​កម្មសិទ្ធិ​នេះ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​តាំង​ស្នោរ ឃុំ​ទំព័រ​មាស ស្រុក​សំរោង​ទង ជា​ច្រើន​គ្រួសារ​ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ ក៏​ដូច​ជា​សមត្ថកិច្ច​មូលដ្ឋាន សូម​មេត្តា​ចាត់វិធានការ​លើ​ឈ្មួញ​ទុ​ច្ច​រឹត​ដែល​រំ​លោ​.​ភ​បំពាន​យក​ដី​ភ្នំ​ធ្វើ​ជា​កម្មសិទ្ធិ​នេះ នឹង​ចាត់ការ​តាម​ច្បាប់​ផង ហើយ​សូម​ដកហូត​នេះ​ទុកជា​សម្បត្តិ​រដ្ឋ ដើម្បី​ធ្វើ​ជា​ដី​ព្រៃ​បំរុង​សម្រាប់​ដាំ​កូន​ឈើ​អោយ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទៅ​ថ្ងៃ​អនាគត​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ