ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាត រស្មី ទម្លាក់​កំហុស​ទៅ ជៀស ស្រួច វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​សាត​រស្មី បាន​ចេញ​មុខ​វាយបក​ទៅ​អតីត​ស្វាមី​លោក ជៀស ស្រួច ថា និយាយ​បំផ្លើស​បង្ខូច​កិត្តិយស​នាង ។ សាត រស្មី ចង់​ឲ្យ​ជៀស ស្រួច​កែប្រែ​ពាក្យ​សំដី​ជា​សាធារណៈ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង​សាត​រស្មី បាន​ចេញ​មុខ​វាយបក​ទៅ​អតីត​ស្វាមី​លោក ជៀស ស្រួច ថា និយាយ​បំផ្លើស​បង្ខូច​កិត្តិយស​នាង ។ សាត រស្មី ចង់​ឲ្យ​ជៀស ស្រួច​កែប្រែ​ពាក្យ​សំដី​ជា​សាធារណៈ ហើយ​អំពាវនាវ​ដល់​អ្នក​ដែល​រិះគន់​នាង​ឈប់​យល់​អាក្រក់​ចំពោះ​នាង​ទៀត ។

អតីត​កីឡាករ​ប្រដាល់​ជៀស ស្រួច ដែល​ធ្លាក់ខ្លួន​ក្រ​តោកយ៉ាក​បាន​ទម្លាក់​កំហុស​ទៅ​លើ​អតីត​ភរិយា គឺ​តារា​សម្តែង​សាត រស្មី ថា​ដាច់​ចិត្ត​ដើរ​ចោល​លោក​ព្រោះតែ​លុយ និង​ចង់​ប្រឡូក​ក្នុង​អាជីព​សិល្បៈ ។ ទទួលយក​ការ​ចោទ​បែប​នោះ មិន​បាន តារា​សម្តែង សាត រស្មី វាយបក​ទៅ ជៀស ស្រួច វិញ​ថា «​គ្រាន់តែ​ជា​ការ​សម្តែង​ធ្វើ​ឲ្យ​គេ​អាណិត ហើយ​ការ​ដែល​ឈាន​ដល់​លែងលះ​គ្នា​នោះ ព្រោះតែ​មិន​អាច​ទ្រាំទ្រ​នឹង​អំពើ​ខ្វះ​គុណធម៌​របស់​គេ​បាន​» ។

ការ​បង្ហាញមុខ​របស់​លោក​ជៀស ស្រួច បន្ទាប់​ពី​បាត់​មុខ​ជាង​១០​ឆ្នាំ​មក​ហើយ និង​ក្រោយ​ពេល​សាត រស្មី ទើបតែ​វិល​ចូល​ពិភព​សិល្បៈ​វិញ​ជាមួយនឹង​តំណែង​តួឯក​។ អតីត​កីឡាករ​ប្រដាល់​ជៀស ស្រួច បាន​រៀបរាប់​អំពី​ទុក្ខសោក ការ​លំបាក ដែល​ប្រែក្លាយ​រូប​លោក​ពី​ថៅកែ​ហាង កីឡាករ​ល្បី ជា​តារា​សម្តែង​ដែល​មហាជន​ស្គាល់​ច្រើន ធ្លាក់ខ្លួន​ក្លាយជា​អ្នកស៊ីឈ្នួល​លក់​កម្លាំង​ពលកម្ម គឺជា​កម្មករ​សំណង់ និង​អូស​រទេះ​ដូរ​យក​បាយ​ហូប​នៅ​តាម​តំបន់​ព្រំដែន ។

កីឡាករ​ជៀស ស្រួច ក៏​បង្ហាញ​ពី​អារម្មណ៍​ឈឺចាប់​ជុំវិញ​ករណី​ភរិយា​ក្បត់ចិត្ត​រត់​ចោល​លោក ទៅ​រក​អ្នក​ថ្មី​ព្រោះតែ​ប្រាក់​៣០០​ដុល្លារ​។ លោក​ជៀស ស្រួច បាន​ទម្លាយ​ឱ្យ​ដឹង​ថា​អតីត​ភរិយា​របស់​លោក គឺ​តារា​សម្តែង​ថ្ពាល់ខួច​នាង សាត រស្មី ។ ជៀស ស្រួច ថា ធ្លាប់​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ជាមួយ​សាត រស្មី ប៉ុន្តែ​នាង​ដាច់​ចិត្ត​ចាក​ចេញពី​លោក​បន្ទាប់​ពី​រៀប​ការ​បាន​២​ខែ​ប៉ុណ្ណោះ ។ មូលហេតុ​ដែល​រូប​លោក​ធ្លាក់ខ្លួន​រហូត​មក​ថ្ងៃនេះ ព្រោះតែ​ខូចចិត្ត​ជាមួយនឹង​អតីត​ប្រពន្ធ ដែល​ក្បត់ចិត្ត​ខ្លួន​លួចលាក់​មាន​ស្នេហា​ជាមួយ​កូនប្រុស​លោក​ឧកញ៉ា ទាំង​មិន​គិត​សោះ​ថា​ខ្លួន​មាន​ប្ដី ។ ពេល​ដឹង​រឿង​នេះ​ភ្លាម ជៀស ស្រួច ខូចចិត្ត​ជ្រើស​យក​ផ្លូវ​ចុះ​ចោលផ្ទះ​ដើម្បី​គេច​ចេញពី​ភាព​អាម៉ាស់ ។ បន្ទាប់​ពី​ចាក​ចេញពី​គ្រួសារ​ដោយ​ចោទ​ប្រពន្ធ​ថា ជា​ស្រី​ផិតក្បត់​រួច​មក ជៀស ស្រួច ក្លាយជា​មនុស្ស​តែលតោល​គ្មាន​ទីពឹង ធ្លាក់ខ្លួន​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ខេត្តមណ្ឌលគិរី រតនគិរី និង​ចុង​ក្រោយ​ក្លាយជា​កម្មករ​អូស​រទេះដឹក​ទំនិញ​នៅ​តំបន់​ជាយ​ដែន​ក្រុង​ប៉ោយ​ប៉ែ​ត ។

តារា​សម្តែង​នាង​សាត រស្មី ទទួលស្គាល់​ថា នាង​ជា​អតីត​ភរិយា​របស់​លោក​ជៀស ស្រួច​ពិតមែន ប៉ុន្តែ​នាង​បដិសេធ​សម្ដី​ចោទប្រកាន់​នាង​របស់​ជៀស ស្រួច ថា ពុំ​មែន​ជា​ការណ៍​ពិត​ទេ ព្រោះ​អ្វី​ៗ​ដែល​បាន​កើតឡើង​ក៏​មាន​កំហុស​របស់​លោក​ជៀស ស្រួច ដែរ ។ សាត រស្មី ថា ជៀស ស្រួច ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជក់​ថ្នាំ​ញៀន លេងល្បែង និង​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ចំពោះ​នាង​ច្រើន​ណាស់ ទើបត្រូវ​ចែកផ្លូវ​គ្នា​ទាំង​ពាក់កណ្ដាល​ទី ។ ក្រោយ​លែងលះ ជៀស ស្រួច នៅ​តែ​តាម​រករឿង​នាង រហូត​ដល់​ថ្នាក់​យក​កាំភ្លើង​តាម​រក​បាញ់​នាង​ទៀត ។

អតីត​ស្វាមី​ធ្លាក់ខ្លួន​ដល់​ថ្នាក់​នេះ សាត រស្មី អះអាង​ថា គឺ​ដោយសារ​អំពើ​របស់​គេ​ខ្លួនឯង​ខណៈ​ដែល​ការ​លែងលះ​គ្នា​នោះ គឺ​ដល់​តុលាការ​ត្រឹមត្រូវ ប៉ុន្តែ​លោក​ជៀស ស្រួច គេច​ចេញពី​ការ​កោះហៅ​របស់​តុលាការ​ទាំង​បី​ដង ទើប​តុលាការ​សម្រេច​ឲ្យ​លែងលះ​គ្នា​ជា​ស្ថាពរ​។

សាត រស្មី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បញ្ជាក់​ថា ក្រុម​គ្រួសារ​នាង ពិសេស​ឪពុក​នាង គឺជា​អ្នកមាន​មុខ​មាន​មាត់​ក្នុង​សង្គម តើ​អាច​ក្លាយជា​អ្នកលក់​ខ្លួន​ដូច​ការ​ចោទ​របស់​ជៀស ស្រួច ទេ​។ ចំពោះ​ការ​រៀបរាប់​ពី​ការ​លំបាក​របស់​លោក​ជៀស ស្រួច នោះ សាត រស្មី ថា «​គឺ​ត្រឹមតែ​ចង់បាន​ក្តី​អាណិត​ពី​មហាជន​ប៉ុណ្ណោះ​។ ការ​ធ្លាក់ខ្លួន​របស់​ជៀស ស្រួច គឺ​ក្រោយ​ពី​ស្រី​បារាំង ដែល​ធ្លាប់​ចិញ្ចឹម​គេ​ដកហូត​យក​ហាង​វិញ​។ នាង​ខ្ញុំ​សូម​ស្នើ​មនុស្ស​ពាក់ព័ន្ធ​នឹង​ការ​ឆ្កឹះឆ្កៀល​កកូរកកាយ និង​សំអុយ​កេរ្តិ៍ឈ្មោះ​នាង​ខ្ញុំ​ត្រូវ​តែ​សុំ​ទោស​ជា​សាធារណៈ​មុន​ពេល​នាង​ខ្ញុំ​ធ្វើ​ចំណាត់ការ​ទៅ​តាម​ផ្លូវច្បាប់​» ។

មាន​មតិ​លើក​ឡើង​ដែរ​ថា ក្នុង​នាម​ជា​មនុស្ស​ប្រុស​មិន​គួរ​បើក​កកាយ​រឿង​រា​៉​វ​របស់​អតីត​ប្រពន្ធ​ទេ បើ​ទោះជា​ពិត ឬ​មិន​ពិត​ក្ដី ព្រោះ​បាន​ចែកផ្លូវ​គ្នា​យូរ​មក​ហើយ ៕