ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿង​ស្រវឹង​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្ក​គ្រោះថ្នាក់​ដល់​ទារក​ក្នុង​ផ្ទៃ​មែន​ទេ?

7 ឆ្នាំ មុន

ការ​ទទួលទាន​គ្រឿង​ស្រវឹង​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ ។ អត្រា​នៃ​ការ​កើត​មុន​ពេល​កំណត់​ឬ​កូន​កើតមក​មាន​ទម្ងន់​ខុស​ពី​ប្រក្រតី អាច​កើនឡើង​ទ្វេ​មួយ​ជា​ពីរ

ការ​ទទួលទាន​គ្រឿង​ស្រវឹង​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​ទារក​ក្នុង​ផ្ទៃ ។ អត្រា​នៃ​ការ​កើត​មុន​ពេល​កំណត់​ឬ​កូន​កើតមក​មាន​ទម្ងន់​ខុស​ពី​ប្រក្រតី អាច​កើនឡើង​ទ្វេ​មួយ​ជា​ពីរ ប្រសិនជា​ការ​ទទួលទាន​នោះ​ធ្វើ​ឡើង​អំឡុង​ពេល​ពពោះ​៣​ខែ​ដំបូង ។ អត្រា​គ្រោះថ្នាក់​ខាងលើ​នៅ​តែ​មាន​កម្រិត​ខ្ពស់ បើ​ទោះ​ណា ការ​ទទួលទាន​នោះ​បន្ថយ​មក​នៅ​ត្រឹម​២​កែវ​ក្នុង​មួ​យស​ប្តា​ហ៍​ក្តី ។

ការ​ពិសោធ​តាមដាន​លើ​ស្ត្រី ១២៦៤​នាក់​ពី​សំណាក់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ Leeds University បង្ហាញ​ថា ស្ត្រី​ពពោះ​ដែល​ផឹកស្រា​ច្រើន​ជាង​២​កែវ​ក្នុង​មួ​យ​សប្តា​ហ៍ ១៣​ភាគរយ​ត្រូវ​ប្រឈម​នឹង​កូន​កើតមក​មាន​ទម្ងន់​ស្រាល​ខុស​ពី​ធម្មតា​ខណៈ​៤,៣​ភាគរយ​ផ្សេង​ទៀត ប្រឈម​កូន​កើត​មិន​គ្រប់​ខែ ។ ហានិភ័យ​ទាំងនេះ​នឹង​កើនឡើង​ទ្វេ​ដង​ចំពោះ​ស្ត្រី​ដែល​កំពុង​ពពោះ​៣​ខែ​ដំបូង ។

សមាជិក​ក្រុម​អ្នក​ស្រាវ លោកស្រី Camilla Nykjaer បាន​ថ្លែង​ថា ការ​រក​ឃើញ​របស់​យើង​នេះ​គឺជា​សារ​មួយ​ដែល​ចង់​បង្ហាញ​ថា ស្ត្រី​គួរ​ផ្តល់​ដំបូន្មាន​ឱ្យ​ចៀសវាង​ពី​គ្រឿង​ស្រវឹង​ជា​ពិសេស​នៅ​ពេល​មាន​គម្រោង​យក​កូន​ឬ​អំឡុង​ពេល​ពពោះ ។ លោកស្រី​បាន​បន្ត​ថា ក្រោយ​ការ​ពិសោធ  យើង​បាន​រក​ឃើញ​ថា ៣​ខែ​ដំបូង​គឺជា​កំឡុង​ពេល​ដែល​ការ​អភិវឌ្ឍ​របស់​ទារក​ក្នុង​ផ្ទៃ​ងាយ​នឹង​រង​ផល​ប៉ះពាល់​ពី​ឥទ្ធិពល​គ្រឿង​ស្រវឹង​។ ចំពោះ​បណ្តា​ស្ត្រី​ដែល​អនុវត្ត​តាម​សៀវភៅ​ណែនាំ​សុខភាព​(​ផឹក​ត្រឹម​២​កែវ​ក្នុង​មួ​យស​ប្តា​ហ៍​)​គឺ​នៅ​តែ​រង​ផល​ប៉ះពាល់​ខ្ពស់​ផង​ដែរ ។ ទោះជា​យ៉ាងនេះ​ក្តី លោកស្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បណ្តា​ស្ត្រី​ពពោះ​មិន​គួរ​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ការ​រក​ឃើញ​លើក​នេះ​ទេ ដ្បិត​ផល​ប៉ះពាល់​បើ​គិត​លើ​ស្ត្រី​ធម្មតា​ម្នាក់​ៗ​គឺ​មិន​ខ្ពស់​ណាស់ណា​នោះ​ទេ ។

កាលពី​ឆ្នាំ​២០០៧ នាយកដ្ឋាន​សុខភាព​របស់​អង់គ្លេស​បាន​ចេញ​សេចក្តីណែនាំ​មួយ​ដោយ​បញ្ជាក់​ថា បណ្តា​ស្ត្រី​គួរ​ជៀសវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ខណៈ​ពួក​គេ​មាន​គម្រោង​យក​កូន​និង​ថា ពួក​គេ​មិន​គួរ​ទទួលទាន​លើស​ពី​មួយ​កែវ​ឡើង​ក្នុង​មួ​យស​ប្តា​ហ៍​នោះ​ឡើយ ៕