ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ស្រង់​ស្ថិត​ក្នុង​គម្រោង​ការពារ​និង​អភិរក្ស

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ភ្នំ​ស្រង់​ដែល​មហាជន​ជឿ​ថា​មាន​បារមី​សក្តិ​សិទ្ធិ​ត្រូវ​អាជ្ញាធរ​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ពិគ្រោះ​យោបល់​គ្នា​គ្រោង​ដាក់​បញ្ចូល​ជា​តំបន់ការពារធម្មជាតិ ។ ការ​ដាក់​ភ្នំ​ស្រង់​ជា​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​នេះ

ខេត្តកំពង់ស្ពឺ ៖ ភ្នំ​ស្រង់​ដែល​មហាជន​ជឿ​ថា​មាន​បារមី​សក្តិ​សិទ្ធិ​ត្រូវ​អាជ្ញាធរ​ខេត្ត និង​ជំនាញ​ពាក់ព័ន្ធ​ពិគ្រោះ​យោបល់​គ្នា​គ្រោង​ដាក់​បញ្ចូល​ជា​តំបន់ការពារធម្មជាតិ ។ ការ​ដាក់​ភ្នំ​ស្រង់​ជា​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​នេះ មានការ​ជំរុញ និង​យកចិត្តទុកដាក់​ពី​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ។

លោកតា​លៀង ឃាង អាចារ្យវត្ត​ប្រាសាទ​មាស​ប្រាសាទ​ប្រាក់​នៅ​ជាប់ជើង​ភ្នំ​ស្រង់​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​អបអរសាទរ​ចំពោះ​គម្រោង​ដាក់​ភ្នំ​ស្រង់​ជា​តំបន់​ការ​ពារ​ធម្ម​ជាតិ​និង​អភិរក្ស​ជីវៈចម្រុះ ។ តំបន់​ជួរ​ភ្នំ​នេះ​សំបូរ​ទៅ​ដោយ​វត្ត​សម្រាប់​ពុទ្ធបរិស័ទ​គោរព​បូជា ម្យ៉ាងទៀត​ភ្នំ​ស្រង់​សំបូរ​ទៅ​ដោយ​អ្នក​ស្វែងរក​ធម៌ ព្រោះ​គេ​ជឿ​ថា​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ ។

ព្រះ​តេជគុណ​សុខ សូ​ជ័យ​រឹ​ទ្ធី ព្រះ​សមុហ៍​គណ​ខេត្តកំពង់ស្ពឺ គង់នៅ​វត្ត​កូន​ព្រះពុទ្ធ ស្ថិត​ក្នុង​ឃុំ​ស្រង់ ស្រុក​គងពិសី មាន​សង្ឃដីកា​ថា បើសិនជា​អាជ្ញាធរ​ខេត្ត​សម្រេច​អភិរក្ស​តំបន់​ភ្នំ​ស្រង់​មែន ព្រះ​អង្គ​សប្បាយ​រីករាយ​ណាស់ ព្រោះ​យល់​ថា​ការ​អភិរក្ស​ភ្នំ​ស្រង់ គឺជា​រឿង​ដ៏​ល្អ​ប្រសើរ​មួយ ព្រោះ​ភ្នំ​នេះ​សំបូរ​ទៅ​ដោយ​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ ។

លោកតា​អាចារ្យ​គណៈកម្មការ​វត្ត​កូន​ព្រះពុទ្ធ​ជា​ច្រើន​នាក់​លើក​ឡើង​ថា កាលពី​បុរាណ​នៅ​ខាងត្បូង​វត្ត​នេះ​មាន​រូងភ្នំ​មួយ បច្ចុប្បន្ន​គេ​ដាក់​ម៉ា​សុ​ី​ន​កិន​ថ្ម ។ រូងភ្នំ​នោះ​កាលពី​បុរាណ​បើ​អ្នកស្រុក​ណា​ត្រូវការ​ចានឆ្នាំង​សម្រាប់​យក​ទៅ​រៀបចំ​ពិធី​អ្វីមួយ ដូច​ជា​បុណ្យ ឬ​ការ​កូនចៅ អាច​ទៅ​អុជ​ធូប​នៅ​មុខ​រូងភ្នំ សុំ​ខ្ចី​ប្រាកដជា​បាន​ដូច​បំណង​មិន​ខាន ។ ក្រោយ​ចប់​ពិធី​អ្នក​ខ្ចី​ត្រូវ​យក​ចាន ឆ្នាំង​ទៅ​សង​វិញ បើ​មិន​ដូច្នោះ​ទេ​លើក​ក្រោយ​មិន​អាច​ខ្ចី​បាន​ឡើយ ។

សម័យ​ថ្ងៃមួយ​គ្រួសារ​មួយ​រស់នៅ​ភូមិ​នោះ​រៀបចំ​ពិធី​មង្គល​ការកូន ដោយ​ខ្វះ​ចានឆ្នាំង​ក៏​នាំ​គ្នា​ទៅ​អុជ​ធូប​សុំ​ខ្ចី​យក​ទៅ​ប្រើប្រាស់ តែ​ក្រោយ​ចប់​ពិធី​មិន​បាន​យក​ទៅ​សង​វិញ​ឡើយ​។ ស្រប​ពេល​នោះ​មាន​នារី​៤​នាក់​នាំ​គ្នា​ទៅ​ផ្ទះ​អ្នក​ខ្ចី​នោះ ហើយ​ត្រូវ​បុរស​៥​ទៅ​៦​នាក់ ជា​មនុស្ស​ស្រវឹង​ខួប​នាំ​គ្នា​ដេញចាប់​ក្នុង​គោលបំណង​ធ្វើបាប តែ​ដេញចាប់​មិន​បាន​ឡើយ ។ រហូត​ដេញ​ទៅ​ដល់​មុខ​រូងភ្នំ​ស្រាប់តែ​បាត់​នារី​ទាំងនោះ​អស់រលីង មិនដឹង ទៅ​ណា ។ ចាប់ពី​ពេល​នោះ​មក​អ្នកស្រុក​ផ្សេង​ទៀត​ដែល​ត្រូវការ​ខ្ចីចាន​ឆ្នាំង​យក​ទៅ​ប្រើ​ក្នុង​ពិធី ផ្សេង​ៗ​គឺ​ខ្ចី​មិន​ឡើយ ព្រោះ​បារមី​មិន​ឱ្យ​ទៀត​ទេ ហើយ​ក៏​សាបរលាប​រហូត​បច្ចុប្បន្ន ។

មន្ត្រី​មន្ទីរ​បរិស្ថាន​ម្នាក់​ឱ្យ​ដឹង​ថា ការ​ពិភាក្សា​គម្រោង​អភិរក្ស​ភ្នំ​ស្រង់​នេះ​សម្រេច​បាន​លទ្ធផល​ល្អ​ច្រើន​ហើយ ។ ការ​ពិភាក្សា​នេះ​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ទី​២៩ និង​ទី​៣០ មិថុនា ២០១៦ នៅ​មន្ទីរ​បរិស្ថាន​ខេត្ត ។ ប្រធានបទ គឺ​ការ​រៀបចំ និង​ដាក់​បញ្ចូល​ភ្នំ​ស្រង់​ជា​តំបន់ការពារធម្មជាតិ​ភូមិសាស្ត្រ​ខេត្តកំពង់ស្ពឺ ។

លោក​គាត រង្សី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ការ​សិក្សា​ពិគ្រោះ​យោបល់​ចំពោះ​គម្រោង​ដាក់​បញ្ចូល​ភ្នំ​ស្រង់​ជា​តំបន់ការពារធម្មជាតិ​នេះ​ធ្វើ​ឡើង​ដោយ​មានការ​ជំរុញ និង​យកចិត្តទុកដាក់​ពី​លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ។ លោក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​សិក្សា​តំបន់​មួយ​ចំនួន​ដើម្បី​បង្កើត​ជា​តំបន់ការពារធម្មជាតិ ក្នុង​នោះ​តំបន់​ភ្នំ​ស្រង់​នឹង​ក្លាយជា​តំបន់ការពារធម្មជាតិ​ថ្នាក់​ខេត្ត ។ មានការ​លើកទឹកចិត្ត​ឱ្យ​មានការ​ចូលរួម​ការពារ​អភិរក្ស​ជីវៈចម្រុះ​ឱ្យ​ល្អ​ប្រសើរ​នៅ​តំបន់​ភ្នំ​ស្រង់​ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​រួមចំណែក​លើកកម្ពស់​កម្រិតជីវភាព​សហគមន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​ឡើង ។

ចំណែក​លោក​ម៉ា សាវ៉ា​ត អភិបាលស្រុក​គងពិសី​បាន​អបអរសាទរ​គម្រោង​ការពារ​តំបន់​ភ្នំ​ស្រង់​ឱ្យ​ក្លាយជា​តំបន់ការពារធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ក្នុង​សហគមន៍​មួយ​នេះ ។

ភ្នំ​ស្រង់​លាតសន្ធឹង​៣​ស្រុក​គឺ​ស្រុក​គងពិសី ស្រុក​ប​សេដ្ឋ និង​ស្រុក​សំរោង​ទង និង​មាន​កម្ពស់​ប្រមាណ​៨០០​ម៉ែត្រ ៕