រាជធានីភ្នំពេញ ៖ តារាកំប្លែងអ្នកនាង ខ្ញុង ទំនងជាអស់ឱកាសសម្តែងក្នុងក្រុមកំប្លែងនាយ ពាក់មី ដែលដឹកនាំដោយលោក សុវណ្ណ រិទ្ធី ទៀតហើយ បន្ទាប់តារាកំប្លែង និងសម្តែងសម្តីបាន នាង ពីយ៉ាពីន បានឆក់តំណែងរូបនាងក្នុងកម្មវិធី២គ្រួសារ នៅស្ថានីយទូរទស្សន៍ CTN។
នៅថ្ងៃនេះ តារាកំប្លែងនាយ ពាក់មី បានបង្ហាញនូវរូបថត២សន្លឹក ដោយអមជាមួយនឹងថា ណែនាំអោយបងប្អូនស្គាល់ប្រពន្ធថ្មីរបស់ខ្ញុំ (ស្រីពីន ) នៅផ្ទះលេខ២ ជំនួសតួអ្នកនាងខ្ញុង បងប្អូនចាំមើលផង តើសមត្ថភាពគាត់យ៉ាងណាដែរ? កម្មវិធី ២គ្រួរសារ។

តាមរយៈសាររបស់នាយ ពាក់មី នាពេលនេះបានធ្វើឲ្យមហាជន ជាពិសេសប្រិយមិត្តអ្នកតាមដានកម្មវិធីខាងលើ បានសម្តែងនូវការចាប់អារម្មណ៍ចំពោះវត្តមាន ពីយ៉ាពីន ខណៈពេលដែលមហាជនកំពុងតែចង់តាមដានពីវាសនារបស់អ្នកនាង ខ្ញុង នៅ CTN ក្រោយផ្ទុះរឿងរ៉ាវជំពាក់បំណុលគេរាប់សិបម៉ឺនដុល្លារ។
ដោយឡែក ពាក់ព័ន្ធការប្រកាសខាងលើពីនាយ ពាក់មី នាពេលនេះ អ្នកដឹកនាំកម្មវិធីកំសាន្ត២គ្រួសារ លោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ បានទទួលស្គាល់ថា រឿងនេះជាការពិត ក្នុងពេលដែលលោកកំពុងតែសាកល្បងមើលការសម្តែងរបស់នាង ពីយ៉ាពីន។

លោក សុវណ្ណរិទ្ធី ហៅតា វ៉ិចទ័រ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា មូលហេតុដែលលោកយកគាត់ (ពីយ៉ាពីន) មកសម្តែងនាពេលនេះ ដោយសារលោកបានមើលឃើញពីសមត្ថភាពរបស់គាត់ដែលអាចសម្តែងតាមអ្វីដែលកម្មវិធីចង់បាន។ លោកថា គាត់មានទេពកោសល្យស្រាប់ ទាំងកាចឆ្នាស់ឆ្នើម និងក្រម៉ិចក្រមើម ស្របទៅតាមកម្មវិធីដែលយើងចង់បាន បើទោះបីជាការសម្តែងលើកដំបូងរបស់គាត់នេះ មិនទាន់សមតុងគ្នាជាមួយនឹងក្រុមកំប្លែងចាស់ៗរបស់យើងក៏ដោយ ប៉ុន្តែទៅនឹងវានឹងល្អ។
យ៉ាងណា បើតាមលោក វ៉ិចទ័រ ថា រូបលោក និងនាយ ពាក់មី នឹងខិតខំព្យាយាមពន្យល់ដល់ ពីយ៉ាពីន ដើម្បីឲ្យបានយល់ច្បាស់ពីកម្មវិធី ដើម្បីឲ្យនាងសម្តែងទៅមានភាពស៊ីសង្វាក់គ្នាជាមួយនឹងតារាផ្សេងទៀតនៅក្នុងក្រុម ខណៈពេលលោកជឿថា ទៅថ្ងៃមុខតារាកំប្លែងស្រីរូបនេះនឹងធ្វើបានល្អ ព្រោះនាងមានបទពិសោធន៍ស្រាប់។

ដោយឡែកពាក់ព័ន្ធជាមួយនឹងវត្តមានអ្នកនាង ខ្ញុង វិញ លោក សុវណ្ណ រិទ្ធី ហៅតា វ៉ិចទ័រ បានលើកឡើងថា សម្រាប់កម្មវិធី២គ្រួសារនេះ គឺអ្នកនាង ខ្ញុង លែងមានឱកាសសម្តែងទៀតហើយ ដោយជំនួសនាង ពីយ៉ាពីន ដែលលោកបានយកនាងមកជំនួសនៅក្នុងកម្មវិធីខាងលើនេះជាមុនសិន។
យ៉ាងណាលោកតា វ៉ិច ទ័រ បញ្ជាក់ថា សម្រាប់វត្តមានរបស់អ្នកនាង ខ្ញុង អាចមានមុខសម្តែងកំប្លែងបន្តទៀតនៅ CTN ទៀតឬ
យ៉ាងណានោះ លោកមិនអាចសន្មត់បានឡើយ ពោលគឺអាស្រ័យទៅលើកម្មវិធីដែលយើងអាចនឹងបង្កើតឡើងថ្មីបន្ថែមទៀត។
ទាក់ទងបញ្ហាខាងលើនេះ កោះសន្តិភាពនៅមិនទាន់អាចស្វែងរកការបកស្រាយណាមួយពីអ្នកនាង ខ្ញុង បាននៅឡើយទេ ខណៈពេលដែលការសាកសួរនៅមិនទាន់មានការឆ្លើយតបពីតារាកំប្លែងរូបនេះ។
ជាការកត់សម្គាល់ សម្រាប់វត្តមានរបស់ ពីយ៉ាពីន នាពេលនេះ ចាត់ទុកគឺជាតារាកំប្លែងថ្មីទី៣ហើយ សម្រាប់កម្មវិធី២គ្រួសាររបស់ស្ថានីយទូរទស្សន៍ CTN បន្ទាប់ពីវត្តមានរបស់តារាកំប្លែងជើងចាស់ នាយ ចាបចៀន និងតារាកំប្លែងស្ងួតល្បីតាមរយៈយូធូប ពូណុយ៕












ចែករំលែកព័តមាននេះ