ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន អ្នក​រត់​តាក់ស៊ី​ជម្រិត​តាម​រថយន្ត រួច​ទម្លាក់​ចោល​តាម​ផ្លូវ

7 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​អះអាង​តាម​ទូរស័ព្ទ​ថា ត្រូវ​អ្នក​រត់​តាក់ស៊ី និង បក្សពួក​ជម្រិត​យក​ទូរស័ព្ទ​១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​សរុប​ជិត​២​ម៉ឺន​បាត​(​ប្រាក់​ថៃ​) រួច​ទម្លាក់​ចោល​កណ្តាលផ្លូវ

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​អះអាង​តាម​ទូរស័ព្ទ​ថា ត្រូវ​អ្នក​រត់​តាក់ស៊ី និង បក្សពួក​ជម្រិត​យក​ទូរស័ព្ទ​១​គ្រឿង និង​ប្រាក់​មួយ​ចំនួន​សរុប​ជិត​២​ម៉ឺន​បាត​(​ប្រាក់​ថៃ​) រួច​ទម្លាក់​ចោល​កណ្តាលផ្លូវ​នៅ​ចំណុច​សាលា​ក្រហម ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ ។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ហេង វិ​ឆៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​ពលករ​ធ្វើការ​ផ្នែក​សំណង់​នៅ​ខេត្ត​អាយុ​ធ្យា​ប្រទេស​ថៃ និង មាន​ទីលំនៅ​ភូមិ​កូប ឃុំ​អំពិល​ប្រាំ​ដើម ស្រុក​ប​វេ​ល ។

ពលករ​រង​គ្រោះ​ខាងលើ​រៀបរាប់​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ចេញពី​ទឹកដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គ្រោង​ទៅ​ភូមិកំណើត​មើល​ឪពុក​ឈឺ​នៅផ្ទះ តែ​ត្រូវ​អ្នក​រត់​តាក់ស៊ី​ហៅ​ជិះ​រថយន្ត​ដោយ​ប្រាប់​ថា រថយន្ត​គេ​ត្រូវ​ចេញដំណើរ​ហើយ ។ ពលករ​ខាងលើ​បន្ត​ថា ក្នុង​រថយន្ត​នោះ​មាន​គ្នា​៤​នាក់​រួម​ទាំង​អ្នកបើកបរ ហើយ​អ្នកដំណើរ​ម្នាក់​បាន​ចុះ​តាម​ផ្លូវ​នៅ​សល់​តែ​៣​នាក់​ក្នុង​រថយន្ត​ប៉ុណ្ណោះ លុះដល់​ចំណុច​ស្ងាត់​ក្នុង​ឃុំ​ស្រុក​ខាងលើ​ស្រាប់តែ​អ្នកបើកបរ និង បុរស​ម្នាក់​ទៀត​សង្ស័យ​ជា​បក្សពួក​គ្នា​បាន​សម្លុត​សួរ​រក​ប្រាក់ និង យក​ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុ​ង Galaxy J7 ពណ៌​ទឹកមាស​អស់​១​គ្រឿង និង ប្រាក់​ថៃ​៣​ពាន់​បាត សរុប​ទាំងអស់​ជិត​២​ម៉ឺន​បាត ។

ជន​រង​គ្រោះ​បន្ត​ថា ក្រោយ​ក្រុម​ជនសង្ស័យ​ជម្រិត​រួច គេ​ទម្លាក់​ឲ្យ​ខ្លួន​ចុះ​តាម​ផ្លូវ រួច​បើករថយន្ត​កាម​រី​គេច​ត្រឡប់​ទៅ​ទិស​ខាងលិច​វិញ​បាត់​ស្រមោល ។

អ្នក​រត់​តាក់ស៊ី​ម្នាក់​ផ្សេង​ទៀត​ដែល​ជួប​ពលករ​រង​គ្រោះ តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ដំបូង​ឃើញ​ពលករ​ខាងលើ​ដើរ​ស្ពាយ​កាបូប​តាម​ដងផ្លូវ ហើយ​ពេល​សួរនាំ​គេ​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ត្រូវ​មនុស្ស​២​នាក់​ជម្រិត​ក្នុង​រថយន្ត​កាម​រី​យក​ប្រាក់​អស់ គ្មាន​ប្រាក់​ជិះ​រថយន្ត​ទេ ។ អ្នក​រត់​តាក់ស៊ី​ចិត្តធម៌​ខាងលើ​ក៏​បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ផ្ទះ​សាច់ញាតិ​នៅ​ភូមិ​ពង្រ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ដើម្បី​ខ្ចីប្រាក់​ឲ្យ​ថ្លៃ​រថយន្ត និង បន្តដំណើរ​ទៅ​ភូមិកំណើត ។

ករណី​ខាងលើ​នេះ សង្ឃឹមថា សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នឹង​ចាត់វិធានការ​រកមុខ​ជនល្មើស​យក​មក​ផ្តន្ទាទោស​ដើម្បី​កុំ​ឲ្យ​អ្នកដំណើរ​ខ្លាចរអារ​ទៅ​ទៀត ។

គួរ​បញ្ជាក់​ថា ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​ស្ងាត់​ពលករ​ឆ្លងកាត់​ទៅ​មក​ដី​ថៃ ហើយ​ក្រុម​ពលករ​ងាក​ទៅ​ឆ្លង​ព្រំដែន​ទៅ​មក​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង ក្នុងស្រុក​កំ​រៀង ខេត្តបាត់ដំបង ឬ ច្រក​អន្តរជាតិ​ព្រំ ក្នុង​ខេត្ត​ប៉ៃលិន​វិញ ព្រោះតែ​មាន​ករណី​ជម្រិត​ទារប្រាក់​ពី​ក្រុម​មេខ្យល់​ខ្លាំង​ពេក ៕