រាជធានីភ្នំពេញ ៖ លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា គូសបញ្ជាក់ថា បើទោះបីជាស្ថិតនៅក្នុងបរិបទកូវីដ-១៩ក្តី ក៏កីឡាករ កីឡាការិនីវាយកូនបាល់កម្ពុជានៅតែបន្តការហ្វឹកហាត់នៅតាមតំបន់នីមួយៗ ដើម្បីចូលរួមប្រជែងសមត្ថភាពនៅក្នុងការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ដែលជាជំហានថ្មីមួយទៀតក្នុងដំណើរឆ្ពោះទៅស្វែងរកមេដាយឲ្យបាន៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ចំពោះកម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីវាយកូនបាល់កម្ពុជា គឺទទួលយកបាន ខណៈមន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាលជាដើមក៏ត្រូវបានពង្រឹងសមត្ថភាពក្នុងពេលជាមួយគ្នាដែរ។ «យើងកំពុងបន្តកិច្ចខិតខំបន្ថែមទៀត ចំពោះការអភិវឌ្ឍសមត្ថភាព កីឡាករ កីឡាការិនី ហើយខ្ញុំមានក្តីសង្ឃឹមខ្ពស់ថា ប្រភេទកីឡាវាយកូនបាល់កម្ពុជានឹងបង្កើតឱកាសថ្មីមួយ ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ពីក្នុងការប្រកួតកម្រិតតំបន់ នាស៊ីហ្គេម ឆ្នាំ២០២៣»។
លោក ទេព រិទ្ធិវិទ្ធ លើកឡើងទៀតថា ឆាប់ៗខាងមុខនេះសហព័ន្ធនឹងទទួលបានកីឡាករ កីឡាការិនីខ្មែរ-អាមេរិក២នាក់បន្ថែមទៀតមកចូលរួមជាមួយសហព័ន្ធវាយកូនបាល់កម្ពុជា ជាពិសេសគឺសមាសភាពកីឡាករចាស់ៗ ដែលមានបទពិសោធន៍អន្តរជាតិច្រើន ដូចជាកីឡាករ ប៊ុន កេន្នី ជាដើមនោះ នឹងត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីដណ្ដើមមេដាយកីឡាស៊ីហ្គេមឆ្នាំ២០២៣។
«ជាមួយនឹងការប្រឹងប្រែងរួមគ្នានេះ យ៉ាងហោចណាស់ក៏យើងត្រូវយកមេដាយឲ្យបាន៣គ្រឿង ដោយក្នុងគោលដៅមេដាយ៣គ្រឿងនេះ គឺឆ្ពោះទៅរកមេដាយមាស១គ្រឿងហើយ។
អត្តពលិកខ្មែររស់នៅអាមេរិក២នាក់ ដែលជាគោលដៅដណ្តើមមេដាយមាសក្នុងស៊ីហ្គេម២០២៣នោះ គឺពួកគាត់មាន Rangking អន្តរជាតិខ្ពស់»។ លោក ទេព រិទ្ធិវិទ្ធ បញ្ជាក់បន្ថែម។
ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានចាត់ទុកថា ការជួយជ្រោមជ្រែងទាំងសម្ភារ ស្មារតី ក៏ដូចជាថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជារឿងសំខាន់បំផុត ជាពិសេសនៅក្នុងបរិបទជំងឺកូវីដ-១៩នេះ បើមិនមានការគាំទ្រពីក្រសួងអប់រំនោះទេ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក៏មិនមានឱកាសបានបន្តសកម្មភាពអភិវឌ្ឍសមត្ថភាពអត្តពលិកបែបនេះឡើយ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ