មហាជននានាតែងមានជំនឿលើវត្តហាន់ជ័យថាជាទីឋានដែលមានទសបារមីពូកែស័ក្តិសិទ្ធិ ហើយតែងសម្រេចបំណងដល់អ្នកដែលទៅបែបន់រហូតមក ។ វត្តភ្នំហាន់ជ័យមានទីតាំងអំណោយផលល្អនៅលើកំពូលភ្នំប្របតាមដងទន្លេមេគង្គ ក្នុងឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ វត្តនេះមានចេស្តាបារមីពូកែស័ក្តិសិទ្ធិណាស់ សូម្បីតែយន្តហោះធ្លាប់ទម្លាក់គ្រាប់បែកប៉ងកម្ទេចចោលក៏មិនខ្ទេចដែរ ។ សព្វថ្ងៃប្រជាពលដ្ឋគ្រប់ស្រទាប់វណ្ណៈ មកពីគ្រប់ទិសទីតែងទៅបែបន់បួងសួងសុំសេចក្តីសុខ និងប៉ងប្រាថ្នាអ្វីមួយក៏បានសម្រេចតាមបំណង ។
![Picture]()
អ្នកស្រី សៅ ចាន់ធូ អាយុ៤៧ឆ្នាំ រស់នៅភូមិតាំងក្រាំង ឃុំសំបូរ ស្រុកបាធាយបានឲ្យដឹងថា នៅព្រឹកព្រលឹម ស្រាំងៗគាត់និងប្តីរបស់គាត់បានជិះម៉ូតូចេញពីផ្ទះទៅសែនផ្នូរឪពុកម្តាយនៅវត្តបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ធ្វើទៅតាមប្រពៃណីរាល់ឆ្នាំមិនដែលអាក់ខានម្តងណាឡើយ ។ បន្ទាប់មកពួកគាត់ក៏បានចូលទៅសម្រាកពិសាអាហារនៅក្រោមរោងមួយក្នុងវត្តភ្នំហាន់ជ័យដ៏ត្រជាក់ល្ហឹម ហើយបន្ទាប់ពីសាបាយរួចគាត់បានបែបន់សុំសេចក្តីសុខ សេចក្តីចម្រើនដល់គ្រួសាររបស់គាត់ ហើយក៏បានសម្រេចដូចបណំណងមែន ។ ជាក់ស្តែងដំណាំស្វាយចន្ទី និងដំឡូងមីក៏បានផលច្រើនគ្រាន់ដោះស្រាយជីវភាពគ្រួសារសមល្មម និងសល់ប្រាក់មួយចំនួនតម្កល់ទុកទៀតផង បារមីវត្តនេះពិតជាពូកែស័ក្តិសិទ្ធិមែន ។
![Picture]()
លោកព្រឹទ្ធាចារ្យមួយរូបមានវ័យ៧២ឆ្នាំ ដែលជាចាស់ទុំនៅវត្តហាន់ជ័យបានឲ្យដឹងថា ចាប់តាំងពីពេលដែលគាត់មកនៅវត្តនេះមានរយៈពេល៤ឆ្នាំហើយ ឃើញប្រជាពលរដ្ឋជាច្រើនក្នុងនោះមានទាំងថ្នាក់ឧកញ៉ាផងបានចូលមកបន់ស្រន់សុំលាភសុំជ័យ សុំសុខសួស្តីនៅក្នុងក្រុមគ្រួសារ ហើយក៏បានដូចសេចក្តីប្រាថ្នាមែន ។ បន្ទាប់មកអ្នកបួងសួងទាំងនោះបានយករបស់របរគ្រឿសក្ការៈទាំងឡាយទៅលាបំណន់ និងបានចូលបច្ច័យសម្រាប់កសាងសមិទ្ធផលផ្សេងៗក្នុងវត្តផងដែរ ។
![Picture]()
លោកតាបានរំលឹកថា កាលពីក្នុងសម័យលន់ នល់ មានយន្តហោះបានមកទម្លាក់គ្រាប់ណាប៉ាល់ពីលើអាកាសជាច្រើនលើកច្រើនសាប៉ងកម្ទេចវត្តភ្នំហាន់ជ័យនេះចោលទាំងស្រុង តែដោយមានបារមីពូកែស័ក្តិសិទ្ធិ គ្រាន់តែធ្វើឲ្យព្រះបដិមាក្នុងព្រះវិហាររោលខ្មៅបន្តិចតែប៉ុណ្ណោះ ។
ព្រះគ្រូចៅអធិការវត្តភ្នំហាន់ជ័យមានថេរដីកាថា ទីអារាមនេះនៅក្នុងសម័យលន់ នល់ ការទម្លាក់គ្រាប់បែកធ្វើឲ្យសមិទ្ធផលក្នុងទីអារាម រងការខូចខាតច្រើន នៅសល់តែព្រះបដិមាក្នុងព្រះវិហារ សល់កុដិ២ខ្នង និងសាលា១ខ្នង ។ លុះចូលដល់សម័យប៉ុល ពត ត្រូវបានបំផ្លាញខ្ទេចដោយរុះកុដិ និងសាលាក្នុងបរិវេណទីអារាមអស់គ្មានសល់ ។
![Picture]()
លុះដល់ឆ្នាំ១៩៧៩ វត្តបានកកើតឡើងវិញ និងបានកសាងសមិទ្ធផលជាបណ្តើរៗ រហូតមកដល់សព្វថ្ងៃមានការរីកចម្រើនខ្លាំង ជាក់ស្តែងទីធ្លាវត្តបានចាក់បេតុងយ៉ាងស្អាតគួរជាទីជ្រះថ្លានៃពុទ្ធបរិស័ទជិតឆ្ងាយដែលចូលមកធ្វើបុណ្យបំពេញទាននៅក្នុងវត្តនេះ ។
នៅលើភ្នំហាន់ជ័យមានប្រាសាទបុរាណចំនួន២ ក្នុងនោះប្រាសាទកសាងឡើងអំពីឥដ្ឋ និងប្រាសាទគុកឦសាន កសាងនៅក្នុងសម័យចេនឡា ។ នៅចង្កេះភ្នំមានប្រាសាទគុកព្រះធាតុបានជួសជុលរួច១០០ភាគរយ ។ ប្រាសាទមួយទៀតបានខូចខាតអស់សល់តែគ្រឹះខាងក្រោម ។ ប្រាសាទខូចខាតដោយសារតែកត្តាអាកាសធាតុច្រើនជាងមនុស្សបំផ្លាញ ។
![Picture]()
កន្លងមកក្រសួងវប្បធម៌បានចាត់ឲ្យក្រុមបច្ចេកទេសជួសជុលប្រាសាទនៅលើភ្នំហាន់ជ័យ ដែលបានខូចខាតគឺជួសជុលឲ្យបានល្អដូចដើមវិញ ។ ប្រាសាទដែលកសាងឡើងអំពីឥដ្ឋសម្រាប់គោរពតាមជំនឿព្រហ្មញ្ញសាសនា ពលរដ្ឋភាគច្រើននាំគ្នាគោរពតាមជំនឿ២បែបគឺ ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ៕ សាន សារិន
ចែករំលែកព័តមាននេះ