ខេត្តសៀមរាប៖ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា បានដាក់ឱ្យដំណើរការវង់ទស្សនាថ្មី នៅប្រាសាទបាយ័ន ក្នុងន័យដើម្បីសម្រួលដល់លំហូរនៃការចូលទស្សនារបស់ភ្ញៀវទេសចរ ក្នុងប្រាសាទបាយ័ន កុំឱ្យកកកុញ។ ប្រាសាទបាយ័ន នាពេលនេះ ត្រូវបានជួសជុលនៅផ្នែកខ្លះ។
លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ការរៀបចំវង់ទស្សនាថ្មី នៅប្រាសាទបាយ័ននេះ ដើម្បីរៀបចំលំហូរភ្ញៀវតាមប្រាសាទ ឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ហើយដើរទស្សនាផ្ទាំងចម្លាក់រឿងមិនគ្រប់ជ្រុងជ្រោយ។
លោក សុធារ៉ា បញ្ជាក់ថា ការរៀបចំនេះ ក៏ក្នុងបំណងឱ្យអ្នកទេសចរ បានដឹងពីគុណតម្លៃប្រាសាទ ដែលមានដូចជា ប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ ដែលកន្លងមកទេសចរ តែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគម្លាតសុវត្ថិភាពដល់ទេសចរ ខណៈដែលជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយ។ ការធ្វើដូច្នេះ អាចកាត់បន្ថយពីហានិភ័យ រក្សាគម្លាតបានច្រើន ស្របតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។
លោក សុធារ៉ា បន្តថា វង់ទស្សនាថ្មីនេះ មានជម្រើស ក្នុងការទស្សនា ចំនួន ៣ខ្សែ ដោយ រៀបចំ នៅជាន់ទី១ និងទី២ ស្របពេលដែលជាន់ទី៣ បានបិទបណ្ដោះអាសន្ន ដើម្បីជួសជុល។ ខ្សែទី១ មានរយៈពេល ១ម៉ោង និង ៤៥នាទី ហើយខ្សែទី២ មានរយៈពេល ៥៥នាទី និងខ្សែទី៣ មានរយៈពេល ៤៥នាទី។
បន្ថែមពីនេះ ការរៀបចំវង់ទស្សនាថ្មីនេះ ក៏មានការរៀបចំនៅចំណុចទីតាំង ដែលថតរូបភាពស្អាត ចំនួន ៤កន្លែង ដើម្បីឱ្យទេសចរ ផ្តិតរូបភាពពួកគេ ជាមួយចំណុចពិសេសទាំងនោះ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏បានរៀបចំផ្ទាំងព័ត៌មានថ្មី នៅតាមរោងទង ចំនួនបីភាសាផងដែរ មានភាសាខ្មែរ អង់គ្លេស និងចិន។
លោកអនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បន្ថែមថា កន្លងមក អាជ្ញាធរជាតិអប្សរា ធ្លាប់បានរៀបចំវង់ទស្សនានេះ នៅតាមប្រាសាទផ្សេងៗទៀតរួចហើយ ដូចជា ប្រាសាទអង្គរវត្ត ប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយស្រី ជាដើម។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា ក៏កំពុងគិតគូរ ក្នុងការរៀបចំតាមប្រាសាទដទៃទៀតផងដែរ ក្នុងន័យរៀបចំលំហូរវង់ទស្សនារបស់ទេសចរ និងលើកពីគុណតម្លៃប្រាសាទទាំងនោះ ជាដើម៕ ច័ន្ទ រស្មី
ចែករំលែកព័តមាននេះ