រាជធានីភ្នំពេញ ៖ អ្នកនាងសុខ ចាន់ធីតា ហៅតុ បានធូរស្បើយចិត្តដោយស្វាមីធូរស្រាលពីជំងឺបេះដូង ។ ក្រោយព្យាបាលជាមួយគ្រូពេទ្យខ្មែរបានស្បើយរួចមកនាងតុបានបញ្ជូនស្វាមីទៅពិនិត្យស្គែនសរសៃឈាម នៅប្រទេសវៀតណាមទៀតតាមវេជ្ជបញ្ជា ។
ស្វាមីតារាកំប្លែងនាងតុ គឺលោកខ្យង ត្រូវគ្រូពេទ្យហាមកុំឱ្យមានអារម្មណ៍តានតឹង ហើយត្រូវផ្តាច់ស្រា និងបារីទើបរក្សាសុខភាពបានល្អ១០០% ។
កាលពីពេល ថ្មីៗកន្លងមក នាងតុនិយាយថា«ជំងឺប្តីខ្ញុំនឹងជាបើធ្វើតាមគ្រូពេទ្យ តែប្រសិនបើថ្ងៃក្រោយគាត់ប្រព្រឹត្តស្រា បារីគឺងាយឈឺឡើងវិញ ព្រោះពេទ្យនិយាយថា មនុស្ស ម្នាក់ៗអ្នកខ្លះកើតមកគឺមានជំងឺនេះមកស្រាប់តែម្តង ប៉ុន្តែបើយើងទៅពេទ្យពិនិត្យជាប្រចាំ ពេទ្យឲ្យថ្នាំក៏មិនអាចធ្ងន់ដែរ ។ តែបើប្រឹងស្រា បារីច្រើននាំឲ្យសរសៃឈាមយើងឆាប់ស្ទះ មួយទៀតស្វាមីខ្ញុំគាត់កន្លងមកហាត់ប្រាណជ្រុល ពេលមានជំងឺហ្នឹង ហើយខំធ្វើការងារ ធ្ងន់ៗ ពេកក៏នាំឲ្យបេះដូងដើរញាប់ ឈាមធ្វើទុក្ខតែម្តង ។ កន្លងមកប្តីខ្ញុំដូចជាមិនមានបញ្ហាបេះដូងទេ តែដល់ពេលមានរឿងបែបនេះ ទើបដឹងថាយើងមិនចេះតែបណ្តោយឲ្យសុខភាពខូចខាតទេ មានតែតាមដានជាមួយពេទ្យ ព្រោះមួយប្រាវមុនគឺលស់ព្រលឹងមិនស្ទើរទេ » ។
គ្រាស្វាមីឈឺនោះនាងតុខកខានច្រៀងកាត់សក់មង្គលការប្រមាណបួនដប់រោងធ្វើឱ្យបាត់ប្រាក់ចំណូលច្រើន ។ ទោះជាយ៉ាងណាក្តីនៅពេលមានបញ្ហានោះ ម្ចាស់ដើមការអធ្យាស្រ័យដោយនាងតុឲ្យអ្នកផ្សេងទៅជំនួស។ «គ្មានអ្នកណាហៅការឈឺមកពេលណាបានឡើយ ស្រាប់តែកើត ភ្លាមៗទាំងយើង ទាំងគេគឺមិនចង់ឈឺដាច់ខាត ។ ពេលនេះនាងខ្ញុំមិនអាចផ្តេកផ្តួលតាមសភាពការណ៍ឡើយ គឺសម្រេចចិត្តដើរច្រៀងកាត់សក់មង្គលការ ធ្វើពិធីការិនីតាមពិធីជប់លៀង មង្គលការឡើងវិញ ព្រោះអស់លុយច្រើនដែរ។ ទោះជាត្រូវចេញធ្វើការតែឯង ប្តីមិនដើរតាមដូចមុនក៏មិនឲ្យគាត់តាមដែរ សុខចិត្តឲ្យគាត់សម្រាកប៉ុន្មានខែសិន នាងខ្ញុំរ៉ាប់រងតែឯងសិនចុះ ព្រោះប្តីប្រពន្ធមានតែការជួយគ្នាទេគឺល្អ ។ ស្រីតុអស់លុយច្រើនណាស់ សូមបងប្អូនមេត្តា ជួយៗផង ហៅកាត់សក់ការកូនប្រុសស្រីផង មានតែអាជីពច្រៀងនេះហើយអាចទ្រទ្រង់តទៅទៀតបន្ថែមពីការងារមួយចំនួននៅតាមកញ្ចក់ទូរទស្សន៍ » ។
នាងតុនឹងនិយាយលួងលោមស្វាមីឱ្យរក្សាសុខភាពតាមវេជ្ជបញ្ជា ធ្វើយ៉ាងណាឱ្យសុខភាពបានប្រសើរដូចដើមហើយអាចបំពេញការងារឡើងវិញ ៕
ចែករំលែកព័តមាននេះ