ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពង់​ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ ក្រុងកែប ​សម្ពោធ​បើក​ឲ្យប្រើប្រាស់​ជា​ផ្លូវការ​

2 ឆ្នាំ មុន

ខេត្ត​កែប ៖ នាព្រឹកថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន…

ខេត្ត​កែប ៖ នាព្រឹកថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កំពង់​ផែ​ទេសចរណ៍ កែប​-​កោះទន្សាយ ក្រុងកែប ខេត្ត​កែប ដោយ​មានការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​មណ្ឌល​ភូមិភាគ​ទី​៥ អ្នកតំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​កែប ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ត​កែប មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ផង​ដែរ ។

ថ្លែង​ទៅ​កាន់​អង្គពិធី នា​ឱកាស​នោះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់​អំពី​នយោបាយ​ឈ្នះ​-​ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំ​មក​នូវ​ការ​បញ្ចប់​ទាំងស្រុង​នូវ​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និង​បាន​ធ្វើ​ឱ្យ​កម្ពុជា ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ជា​ពិសេស វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និង កំពង់​ផែ និង​មានការ​ទទួលស្គាល់ និង​ស្មើមុខស្មើមាត់​ជាមួយ​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ និង​ពិភពលោក ។ សន្តិភាព​នេះ​បាន​នាំ​ឱ្យ​យើង​ទាំងអស់​គ្នា មាន​លទ្ធភាព​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន ជា​ពិសេស​សមិទ្ធផល ដែល​បាន​លេច​ចេញ​ជា​រូបរាង​ឡើង​នា​ពេល​នេះ ក្នុង​ចំណោម​សមិទ្ធផល​ជា​ច្រើន​ទៀត ដែល​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា បាន​ផ្តល់​ជា​ចំណងដៃ​ជូន​ដល់​ប្រជាពលរដ្ឋ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​ថា នៅ​ពេល​ខាង​មុខ រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន គ្រោង​នឹង​សាងសង់​កែ​លម្អ​ផ្លូវជាតិ​លេខ​៣១ ផ្លូវជាតិ​លេខ​៣៣ ផ្លូវជាតិ​លេខ​៤១ ដើម្បី​ធ្វើ​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រទាក់ក្រឡា​គ្នា និង​ត​ភ្ជាប់​ខេត្ត​កែប​ជាមួយ​ផ្លូវជាតិ លេខ​៣ ដែល​ទើបបាន​សាងសង់​ចប់​ជា​ស្ថាពរ​នា​ពេល​ថ្មី​ៗ ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន កសិផល ឧស្សាហ​ផល ជា​ពិសេស ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យមក​ទស្សនា​ខេត្ត​កែប កាន់តែ​ច្រើន​ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​កំពង់​ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ​នេះ មាន​សកម្មភាព​កាន់តែ​មាន​ភាព​មមា​រញឹក ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​ថ្លែងអំណរគុណ​ចំពោះ​អគ្គនាយកដ្ឋាន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អាជ្ញាធរ​ខេត្ត កែប និង​ក្រសួង​-​ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​រួម​សហការ​យ៉ាង​សកម្ម ធ្វើ​ឱ្យ​សម្រេច​នូវ​សមិទ្ធផល​កំពង់​ផែ​ទេសចរណ៍​-​កោះទន្សាយ ដ៏​ថ្មីស្រឡាង​នេះ​ឡើង​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ដ្រីរាជការ និង​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នានា​នៅ​ក្នុង​ខេត្ត​កែប ក៏​ដូច​ជា​ជនរួមជាតិ​ទាំងអស់​ជួយ​ថែរក្សា អភិវឌ្ឍ និង​មក​ធ្វើ​ទេសចរណ៍ នៅ​រមណីយដ្ឋាន​ធម្មជាតិ​ខេត្ត​កែប និង​បន្ដ​ចូលរួម​សហការ​ខិតខំ​បំពេញការងារ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើ​ថែម​ទៀត ដើម្បី​លើកកម្ពស់​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​សុវត្ថិភាព ការ​ថែទាំ និង​ការ​អភិវឌ្ឍ​ផ្លូវ​-​ស្ពាន ឆ្នេរ និង​កំពង់​ផែ​ទេសចរណ៍​របស់​យើង ជា​ពិសេស​ផ្លូវ​ចូល និង​សំណង់​កំពង់​ផែ​នេះ ដើម្បី​ប្រើប្រាស់​ឱ្យ​មាន​និរន្ដរភាព និង​យូរអង្វែង ។

បន្ថែម​ពីលើ​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​សំណូមពរ​ដល់​អ្នកគ្រប់គ្រង​កំពង់​ផែ​ទេសចរណ៍​នេះ ក៏​ដូច​ជា ម្ចាស់​ទូក ឬ នាវា បំពាក់​នូវ​សម្ភារៈ បរិក្ខា និង​ឧ​បរ​ណ៍​ផ្សេង​ៗ​ឱ្យ​បាន​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ទាំង​អ្នកបើកបរ​ទូក ឬ​នាវា ទាំង​អ្នក​រួម​ដំណើរ ពាក់អាវ​ពោង​ឱ្យ​បាន​គ្រប់​ៗ​គ្នា ដើម្បី​ធានា​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ទៅ​មក អ្នកបើកបរ​ទូក ឬ​នាវា ត្រូវ​ចេះ​បញ្ជា​ទូក ឬ​នាវា​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ព្រមទាំង​ចេះ​ប្រើប្រាស់​នូវ​ឧបករណ៍​ទាំងនោះ ដើម្បី​ទទួល​ព័ត៌មាន​អំពី​អាកាសធាតុ និង​បាតុភូត​នានា​ឱ្យ​បាន​ស្ទាត់ជំនាញ​មុន​នឹង​បញ្ជា​ទូក ឬ​នាវា​ក្នុង​ពេល​ធ្វើ​នាវាចរណ៍ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ផង​ដែរ​សុំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​វិធានការ ៣-​កុំ ៣-​ការពារ និង​ត្រូវ​បន្ត​សម្រប​បន្ស៊ាំ​ខ្លួន និង​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូ​វី​ដ​-១៩ ទៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ជា​ពិសេស​ចូលរួម​ទប់​ស្គា​ត់​ការ​រាលដាល​មេរោគ​អូ​មី​ក្រុង ដែល​ជា​មេរោគ​កូ​វី​ដ​-១៩ ប​ម្លែ​ង​ខ្លួន​ថ្មី​ដ៏​កាច​សាហាវ​ឱ្យ បាន​ជោគជ័យ​ដើម្បី​រក្សា​ជីវិត និង​ស្តារ​សេដ្ឋកិច្ច​-​សង្គម យើង​ឡើង​វិញ​។

សូម​ជម្រាប​ជូន​ថា កំពង់​ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ​នេះ សាងសង់​ដោយ​អគ្គនាយកដ្ឋាន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​អគ្គនាយកដ្ឋាន​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​រចនា​បទ​ទំនើប អាច​ទទួល​នាវា​ទេសចរណ៍​ធំ​ៗ ចំនួន​៣​គ្រឿង ដែល​ក្នុង​១​គ្រឿង អាច​ផ្ទុក​អ្នកដំណើរ​ចំនួន​១៥០​នាក់ និង​ទូក​ទេសចរណ៍​តូច​ៗ​មួយ​ចំនួន ក្នុង​ពេល​អនាគត​កំពង់​ផែ​នេះ នឹង​អាច​ទទួល​នាវា​ទេសចរណ៍​ច្រើន​ជាង​នេះ​ទៀត នៅ​ពេល​ជីក​ស្តារ​ឃ្ល​ង ផ្លូវ​នាវា​បាន​ជ្រៅ​បន្ថែម​ទៀត ។

កំពង់​ផែ​នេះ​ត្រូវ​បាន​សាងសង់​លើ​ទីតាំង​កំពង់​ផែ​ចាស់​មាន​ផ្ទៃក្រឡា​សរុប ៣,៤៧០​ម៉ែត្រការ៉េ និង​មាន​ផ្លូវ​បេតុង​ចូល​ផែ​ទំហំ ១៣​ម​គុណ​១០០​ម និង​អគារ​រដ្ឋបាល​ទំហំ​១០​ម​គុណ​៣០​ម ដោយ​រួម​បញ្ចូល​ទាំង​អគារ​រដ្ឋបាល​លក់​សំបុត្រ និង​អគារ​អ្នកដំណើរ​រង់ចាំ និង​បាន​ចំណាយ​ថវិកាជាតិ​សរុប​ចំនួន ៤,៨៨០​លាន​រៀល ស្មើនឹង ប្រមាណ ១,២០០,០០០​ដុល្លារ​អា​មេ​រិ​ក ។

កំពង់​ផែ​ទេសចរណ៍​កែប​-​កោះទន្សាយ​នេះ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​ជូន​អតិថិជន ក៏​ដូច​ជា​បង្កើត​ការងារ​ធ្វើ និង​បង្កើន​ជីវភាព​រស់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កែប​ទាំងមូល មាន​ទីតាំង​ឋិត​ក្នុងភូមិ​សាស្ត្រ​ឆ្នេរ ប្រកបដោយ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល ជាមួយនឹង​ការ​កែ​លម្អ​ក្រុង និង​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​ៗ​ជា​ច្រើន​បន្ថែម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ