ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា បន្តប្រកាន់នូវគោលការណ៍ «អ្នកចាក់​វ៉ាក់សាំងរួច មិនត្រូវធ្វើចត្តាឡីស័កទេ»

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖ ​ក្នុងពេលបើក​វេទិកា​ទេសចរណ៍​អាស៊ាន លើកទី៤០​ នៅ​ខេត្តព្រះសីហនុ នាព្រលប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ នេះ សម្តេច​តេជោ…

ខេត្តព្រះសីហនុ៖ ​ក្នុងពេលបើក​វេទិកា​ទេសចរណ៍​អាស៊ាន លើកទី៤០​ នៅ​ខេត្តព្រះសីហនុ នាព្រលប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា បន្តប្រកាន់នូវគោលការណ៍កំណត់ថា «អ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចហើយ នៅពេលចូល​មកកម្ពុជា គឺ​មិនត្រូវធ្វើចត្តាឡីស័កឡើយ បើសិនជាពិនិត្យ ធ្វើតេស្ត មិនមានផ្ទុកជំងឺកូវីដ១៩ទេនោះ»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា ការសម្រេចរបស់កម្ពុជា លើអ្នកដំណើរ​ទាំងអស់ដូច្នេះ មិនមែនជា​ការដាក់ទណ្ឌកម្ម​លើអ្នកមិន​ចាក់វ៉ាក់សាំងនោះទេ តែដើម្បីការពារ​ដល់ប្រជាពលរដ្ឋ ដែល​បានចាក់វ៉ាក់សាំងរួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភ្ញៀវ​បរទេស រួមទាំង​អ្នកដំណើរទាំងអស់ ដែល​មកដល់កម្ពុជា នាពេលកន្លងមក និងនៅពេលនេះ គឺមិនត្រូវបានតម្រូវ​ឲ្យធ្វើចត្តាឡីស័កទេ ឲ្យតែបានចាក់វ៉ាក់សាំង និងពិនិត្យ​​មិនមានកើតកូវីដ ហើយ​ភ្ញៀវទាំងអស់ ក៏អាចធ្វើដំណើរ​ទៅគ្រប់ទីកន្លែង នៅកម្ពុជាយើង​បាន​។

ជាមួយនឹង​ការប្រកាសពីការបន្តលើកលែងចត្តាឡីស័ក ចំពោះ​អ្នកចាក់វ៉ាក់សាំងរួច សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាស​ពីទិសដៅរបស់កម្ពុជា ក៏ដូចជាអាស៊ាន ដែលកម្ពុជា ជាប្រធាន នៅឆ្នាំ២០២២ នេះ គឺការបន្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រួមទាំង​ការបើកច្រក​របៀង​​នៃការធ្វើដំណើរ​ក្នុងអាស៊ាន និងក្នុងក្របខណ្ឌ​ប្រទេស​ដៃគូអាស៊ាន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសជាថ្មីទៀត ពីទិសដៅរបស់អាស៊ាន នៅឆ្នាំ២០២២ គឺ​មិនមែន​មាន​តែបញ្ហាមីយ៉ាន់ម៉ាមួយនោះទេ អាស៊ាន ដែលកម្ពុជាធ្វើជាប្រធាននេះ មានកិច្ចការជាច្រើន ត្រូវធ្វើ។ អាស៊ាន មិនមែនជា​ចំណាប់ខ្មាំង​របស់​មីយ៉ាន់ម៉ាឡើយ។ កិច្ចការរបស់អាស៊ាន នៅឆ្នាំ២០២២ មានច្រើន ដោយរាប់ទាំង​ធ្វើយ៉ាងណា​ឲ្យវិស័យ​ទេសចរណ៍រស់ឡើងវិញ ខណៈដែល​កូវីដ១៩ មិនទាន់ច្បាស់លាស់​នៅឡើយ។​

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការប្រកាសរបស់​នាយករដ្ឋមន្ត្រីអេស្ប៉ាញ ដែល​បានប្រកាសដ៏គួរ​ឲ្យភ្ញាក់ផ្អើល ពីការចាត់ទុក​ជំងឺកូវីដ ជាជំងឺផ្តាសាយ។ ការប្រកាសដូច្នេះ​ ត្រូវបាន​សម្តេចតេជោ លើកឡើងថា សម្តេច​ហាក់ដូចជាមាននិន្នាការគាំទ្រ តែសម្តេចថា ត្រូវធ្វើដោយប្រយ័ត្នប្រយែង ហើយ​ក្នុងនោះ វិធានការចាក់វ៉ាក់សាំង និង​វិធានការការពារខ្លួន ៣កុំ-៣ការពារ ដែល​យើងកំពុង​អនុវត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ នៅតែជាវិធានការចាំបាច់​ ហើយត្រូវបន្តអនុវត្តទៅទៀត​។

សូមរម្លឹកថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ​។ វេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែង​របស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍ មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩ រយៈពេលប្រមាណ ២ឆ្នាំកន្លងទៅនេះ។

វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការប្រកាសបើកគោលដៅទេសចរណ៍​ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះ នឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅ​ទេសចរណ៍សុវត្ថិភាពមួយ ក្នុងតំបន់អាស៊ាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ