ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ​​៥រូប ត្រូវបាន​តែងតាំង ផ្លាស់ប្ដូរមុខតំណែង ជាមេបញ្ជាការ កងរាជអាវុធហត្ថក្រុង និងស្រុក​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ៖   នាយទាហាននៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ចំនួន ៥រូប ត្រូវបានតែងតាំងផ្លាស់ប្ដូរមុខតំណែង ជាមេបញ្ជាការ​កងរាជអាវុធហត្ថក្រុង និងស្រុក នាព្រឹកថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២២ ក្រោមការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុងស្រុក មេបញ្ជាការបញ្ជាការរង និងនាយទាហាន បានចូលរួមផងដែរ។

ដោយអនុវត្តទៅតាមសភាពការណ៍ និងការកែទម្រង់កងទ័ព ក៏ដូចជាកងរាជអាវុធហត្ថទូទាំងប្រទេស  ដោយឡែក កងរាជអាវុធហត្ថខេត្តព្រះសីហនុ នាថ្ងៃនេះ ត្រូវបានប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន​នៃកងរាជ​អាវុធហត្ថ ចំនួន ៥រូប ជាមេបញ្ជាការក្រុងចំនួន ២រូប ស្រុកចំនួន ១រូប និងនាយទាហានចំនួន ២រូប ដើម្បីកែសម្រួល ទៅតាមក្របខណ្ឌ លក្ខណៈភូមិសាស្ត្រ និងស្ថានភាពជាក់ស្តែង ក្នុងខេត្តព្រះសីហនុ​។

ចំពោះនាយទាហាន ដែលទើបទទួលបានមុខតំណែងថ្មី  រួមមាន៖

១-លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ជំនួសមេបញ្ជាការកងរាជអាវុធហត្ថចាស់ ត្រូវទៅទទួលភាកិច្ចថ្មី ជាមេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តកែប

២-លោកអនុសេនីយ៍ឯក ពិន ធារ៉ា ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកោះរ៉ុង​ ជំនួសមេបញ្ជាការចាស់ ត្រូវទទួលភារកិច្ចថ្មី

៣-លោកអនុសេនីយ៍ឯក ម៉ែន វណ្ណា ជាមេបញ្ជាការមូលដ្ឋាន​កងរាជអាវុធហត្ថស្រុកព្រៃនប់ ជំនួសមេបញ្ជាការចាស់ ត្រូវទទួលភារកិច្ចថ្មី នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ​​។

មានប្រសាសន៍នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដីឡើងថា ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនាយទាហាននៃកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដោយទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឲ្យ​រៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាននៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ នាពេលនេះ​។

ក្នុងនាម​លោក ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សូមកោតសរសើរចំពោះវិរភាពដ៏អង់អាចក្លាហាន​របស់នាយ​ទាហាន-នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុទាំងអស់ ដែលបានបំពេញតួនាទី ភារកិច្ច ក្នុងការអនុវត្តការងារការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សង្គម និងការងារជំនាញ ទទួលបានជោគជ័យ​យ៉ាងច្រើនជូនប្រទេសជាតិ ក្នុងរយៈពេលកន្លងមក ដែលធ្វើឱ្យសារធារណៈជន ជាតិ-អន្តរជាតិ ទទួលស្គាល់ និងមានជំនឿជឿជាក់កាន់តែខ្លាំង មកលើកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុយើង។

លោក​មេបញ្ជាការ ក៏បានផ្តាំផ្ញើ សូមឲ្យនាយទាហាន ដែលទើបទទួលតំណែងថ្មី ត្រូវអនុវត្ត រាល់ការងារជំនាញ ពាក់ព័ន្ធនឹងការងាររដ្ឋបាលទូទៅ ការងារបង្កា រត្រូវចូលរួមសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុង-ស្រុក ចំពោះការងារពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសទូទៅ ត្រូវរាយការណ៍មកបញ្ជាការដ្ឋាន តាមមន្ទីរជំនាញ ក្នុងករណីចាំបាច់​បន្ទាន់ ត្រូវរាយការណ៍និងសុំបទបញ្ជាពីលោកមេបញ្ជាការ។ ក្នុងនោះ ក៏ត្រូវប្រកាន់ភ្ជាប់លក្ខណៈសម្បត្តិចំនួន ០៥ចំណុច៖ ស្មោះត្រង់ ត្រូវស្អាតស្អំ សុភាពរាបសា ឈ្លាសវៃ និងអង់អាចក្លាហាន។

នៅក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង តំណាងឱ្យនាយទាហាន​នៃកងរាជអាវុធហត្ថខេត្ត ដែលទើបទទួលបានមុខតំណែងថ្មី​នាពេលនេះ បានឡើងប្ដេជ្ញាចិត្ត ដោយលើកឡើងថា ដើម្បី​ឆ្លើយតប​ទៅនឹងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ គ្រប់ជាន់ថ្នាក់ លោកត្រូវអនុវត្ត​ស្មោះត្រង់ ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុឯករាជ្យសន្តិភាព បន្តលើកកម្ពស់​សមត្ថភាព ការយល់ដឹង​ឱ្យបានទូលំទូលាយ ដើម្បីគ្រប់គ្រងបញ្ជា និងកសាងអង្គភាពឯកភាពសាមគ្គីភាពស្មោះត្រង់ឆន្ទៈ និងសមត្ថភាពការងាររួមគ្នា​អនុវត្តឲ្យបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន៕ ឈុន គឹមហៃ