ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​បាត់​ចំណូល​មិន​តិច​ជាង​ ១,៦ ​ពាន់​លាន​ដុល្លារ ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ពី​អ្នកទេសចរ​ជនជាតិ​ចិន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​ មានការ​រក​ឃើញ​ថា ​ភ្ញៀវ​ទេសចរ​បរទេសដែល​មក​ទស្សនា​កម្ពុ​ជានា​ពេល​កន្លង​មក​ក្នុង​ម្នាក់​ចំណាយ​ប្រាក់ប្រមាណ​ពី ​៥០០ ​ទៅ ​៨០០ ​ដុល្លារ​នៅ​ក្នុង​ការ​ដើរ​កម្សាន្ត​នៅ​កម្ពុជា ​។ ជនជាតិ​ចិន​ត្រូវ​បាន​គេ​អះអាង​ថា​…

រាជធានី​ភ្នំពេញ ៖​ មានការ​រក​ឃើញ​ថា ​ភ្ញៀវ​ទេសចរ​បរទេសដែល​មក​ទស្សនា​កម្ពុ​ជានា​ពេល​កន្លង​មក​ក្នុង​ម្នាក់​ចំណាយ​ប្រាក់ប្រមាណ​ពី ​៥០០ ​ទៅ ​៨០០ ​ដុល្លារ​នៅ​ក្នុង​ការ​ដើរ​កម្សាន្ត​នៅ​កម្ពុជា ​។ ជនជាតិ​ចិន​ត្រូវ​បាន​គេ​អះអាង​ថា​ បាន​ចាយវាយ​ក្នុង​ចំនួន​ច្រើន​ជាង​ភ្ញៀវ​បរទេស​ជាតិ​សាសន៍​ដទៃ​ទៀត ​។ ពោល​ជនជាតិ​ចិន​ម្នាក់​បាន​ចាយ​មិន​តិច​ជាង ​៨០០ ​ដុល្លារ​នោះ​ទេ ។

លោក​បណ្ឌិត​ គី សេរី​វឌ្ឍន៍ ​នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​ចិន នៃ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ និង​ជា​សិក្សា​ស្រាវជ្រាវ​សេដ្ឋកិច្ច​ផង​នោះ និយាយ​ថា ​ភ្ញៀវ​ទេសចរ​ចិន​ត្រូវ​បាន​ចាត់ទុកជា​ភ្ញៀវ​ដែល​ចាយ​លុយ​ច្រើន​ជាងគេ​ក្នុង​ចំណោម​អ្នកទេសចរ​អន្តរជាតិ​ដទៃ​ទៀត ​។
ក្នុង​ឆ្នាំ​ ២០១៩ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​មក​ដល់​កម្ពុជា​មាន​ចំនួន​ប្រមាណ ​២,៣​ លាន​នាក់ និង​ឆ្នាំ ​២០២០​ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ជាង ​៣០​ ម៉ឺន​នាក់ និង​បន្ត​ធ្លាក់​ចុះ​ដល់​ទៅ​ត្រឹម​ជាង ​៤ ​ម៉ឺន​នាក់​ក្នុង​ឆ្នាំ ​២០២១ ​កន្លង​ទៅ​នេះ ។

យើង​គិត​មើល បើ​ភ្ញៀវ​ចិន​មក​លេង​កម្ពុជា​បាន​ធ្លាក់​ចុះ​រហូត​ដល់ ​២​ ជាង​លាន​នាក់​ ។ បើ​គិត​ជា​ចំណូល​តើ​កម្ពុជា​ខាតបង់​ក្នុង​ចំនួន​ប៉ុន្មាន​ ។ ២​ លាន​គុណ​នឹង ​៨០០​ ដុល្លារ វា​មាន​ទំហំ​ប្រមាណ​ ១,៦​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ​។ ការ​បាត់បង់​ភ្ញៀវ​ទេសចរ​ចិន​ចូល​ម​កម្ពុជា គឺជា​ការ​បាត់បង់​ចំណូល​ដ៏​ធំ​មួយ​នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា ។ ​នេះ​ជា​ការ​បញ្ជាក់​របស់​លោក គី សិរី​វឌ្ឍន៍ ​។

អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ខាង​នេះ បាន​ស្នើ​ដល់​ពលរដ្ឋ​កម្ពុជា​សាទរ​នូវ​កំណើន​វត្តមាន​របស់​ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​កម្ពុជា ដើម្បី​បង្កើន​ប្រាក់​ចំណូល​ដល់​ប្រជាពលរដ្ឋ ដល់​សេដ្ឋកិច្ចជាតិ និង​ការ​វិនិយោគ​ថ្មី​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​ ថា​ នៅ​ឆ្នាំ​ ២០១៩ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ជាង ​៧ ​លាន​នាក់​និង​ទទួល​បាន​ចំណូល​ពី​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​ជិត ​៥ ​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បង្កើត​ការងារ​បាន​ជាង ​៦០​ ម៉ឹ​ន​នាក់​ ។ តែ​ឆ្នាំ​២០២០ ​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​សរុប​ត្រឹមតែ​ជាង ១,៣​ លាន​នាក់​ប៉ុណ្ណោះ ហើយ​ចំណូល​ដែល​បាន​មក​ពី​ទេសចរ​អន្តរជាតិ​វិញ​បាន​ធ្លាក់​ចុះ​ជិត ​៨០% គឺ​មក​នៅ​ត្រឹម​ជាង​ ១​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

លោកស្រី​ ឆាយ ស៊ី​វលី​ន ​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​ក៏​បាន​លើក​ឡើង​ថា ចំណូល​បាន​មក​ពី​អ្នកទេសចរ​អន្តរ ជាតិ​ជា​ចំណូល​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ទាំង​សេដ្ឋកិច្ចជាតិ ​និង​ចំណូល​របស់​ប្រជាពលរដ្ឋ ។ ការ​បង្កើត​នូវ​រមណីយដ្ឋាន​ទេសចរណ៍​បន្ថែម គឺជា​ការ​បង្កើន​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចូល​មក​ដល់​កម្ពុជា​កាន់តែ​ច្រើន ។ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត​គួរតែ​បង្កើត​រមណីយដ្ឋាន​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ដើម្បី​ទាក់ទាញ​ការ​ចំណាយ​កាន់តែ​ច្រើន​ ។

កម្ពុជា​បាន​កំពុង​បើក​ប្រទេស​ឡើង​វិញ ទទួល​ស្វាគមន៍​អ្នកទេសចរ​បរទេស​ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​ហើយ ប៉ុន្តែ​នៅ​ពេល​នេះ​វត្តមាន​វីរុស​បំប្លែង​ថ្មី​អូ​មី​ក្រុង​ បាន​បង្ក​ជា​ក្តី​បារម្ភ​ជា​ថ្មី​ចំពោះ​វិស័យ​ទេសចរណ៍ ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ