ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ អតីតផ្កាយ២ យោធា និងគូកន ​ឡើងជ្រុញ កាត់ក្តីលើបណ្តឹងបរិហារបង្កាច់កេរ្តិ៍​

6 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​៖ តាមការគ្រោងទុករបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នឹងលើកយកសំណុំរឿងអតីតផ្កាយ ២យោធា នឹងគូកន មកកាត់ក្តី ពាក់ព័ន្ធលើបណ្តឹងបរិហាបង្កាច់កេរ្តិ៍​។…

រាជធានីភ្នំពេញ​៖ តាមការគ្រោងទុករបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ នឹងលើកយកសំណុំរឿងអតីតផ្កាយ ២យោធា នឹងគូកន មកកាត់ក្តី ពាក់ព័ន្ធលើបណ្តឹងបរិហាបង្កាច់កេរ្តិ៍​។ សំណុំរឿងនេះ មានជនត្រូវចោទ ២នាក់ គឺ​ម្នាក់ ឈ្មោះ សូយ ចាន់សឿន ភេទប្រុស អា យុ ៤៥ ឆ្នាំ ជាអតីតផ្កាយ២ យោធា មានទីលំនៅផ្ទះលេខ៣១០ E០ មហាវិថីព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ​ហើយកំពុងជាប់ឃុំ នៅពន្ធនាគារខេត្តកំពង់ស្ពឺ។ ម្នាក់ឈ្មោះ សូ បិនឡា ភេទប្រុស អាយុ ៤៣​ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេ​ខ ផ្លូវបេតុង ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ។

ជនត្រូវចោទទាំង ២​នាក់ រងនូវពាក្យបណ្តឹងរបស់ឈ្មោះ កើត ខេង ភេទប្រុស អាយុ ៥០​ឆ្នាំ មុខរបរ ជាអាជីវករ នៅរាជធានីភ្នំពេញ​។ ក្នុង​​ពាក្យបណ្តឹង ជនរងគ្រោះ បានចោទប្រកាន់ជនត្រូវចោទទាំង ២នាក់ ពីបទ.បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅ​រាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២០ ដែលបទល្មើសនេះ មានបញ្ញត្តិឲ្យផ្តន្ទាទោស តាមមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

ពាក្យបណ្តឹង បានបញ្ជាក់ទៀតថា នៅក្នុងអំឡុ​ង ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា បានប្តឹងលោក កើត ខេង និងឈ្មោះ ជា ឡង់ឌី ពីបទ.លួច ឆបោក និងក្លែងលិខិតសាធារណៈ ហើយពាក្យបណ្តឹងនោះ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជ​ធានីភ្នំពេញ បើកការស៊ើបអង្កេតតាមនីតិវិធី ដោយរកមិនឃើញមានបទល្មើស ដូច​ការចោទប្រកាន់នោះ ទើបតំណាងអយ្យ​ការសម្រេចតម្កល់ទុកឥតចាត់ការ​។ ផ្អែកទៅលើទង្វើរបស់ជនសង្ស័យ ឈ្មោះ សូយ ចាន់សឿន និង សូ បិនឡា បានឃុបឃិតគ្នា ប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានឯកសារគ្រប់គ្រាន់ ជាតឹកតាង សម្រាប់បង្ហាញជូនស្ថាប័នអយ្យការ ដែលសបញ្ជាក់ឲ្យឃើញថា ឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា ត្រូវជាប់ពាក់ព័ន្ធទៅនឹងបទល្មើស.បរិហារ បង្កាច់កេរ្តិ៍ .ទើបធ្វើឲ្យលោក កើត ខេង ជាជនរងគ្រោះ កើតទុក្ខ មិនសុខចិត្ត ក៏ប្តឹងតបតវិញ​​។ ដូច្នេះរង់ចាំមើលអ្នកប្តឹងគេដោយគ្មានភស្តុតាងជាក់លាក់ ត្រូវគេប្តឹងវិញ នឹងទៅជាយ៉ាងណា​? ​

 សូមបញ្ជាក់ថា អតីតផ្កាយ២ យោធា សូយ ចាន់សឿន នៅជាប់បណ្តឹងជាច្រើនករណីទៀត ដែលតុលាការរាជធានី ខេត្ត នឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់។ សំណុំរឿង ដែលក្តៅជាងគេនោះ គឺបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ប្តឹងលោក សូយ ចាន់សឿន ពីបទ« ហិង្សាដោយមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោ យខុសច្បាប់»។ ដោយសារតែបណ្តឹងនេះហើយ ទើប​លោក សូយ ចាន់សឿន ត្រូវចាប់ឃុំខ្លួន នៅពន្ធនាគារ​។

នៅព្រឹកថ្ងៃទី៤ ខែមករានេះដែរ អនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ បាននាំខ្លួនជនសង្ស័យ ជាអតីតផ្កាយ២ សូយ ចាន់សឿន មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យចៅក្រមស៊ើបសួរសាកសួរបន្ថែម លើពាក្យបណ្តឹងក្នុងសំណុំរឿងថ្មីមួយទៀត។ ក្រោយពីសាកសួរចប់ អនុរក្សពន្ធនាគារ ក៏បានដឹកជនសង្ស័យទៅឃុំខ្លួនកន្លែងដើមវិញ​៕​ ឃឹម ប៊ុនណាក់

Picture
Picture
Picture
Picture
Picture