ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំ​២០២២ ភ្លាម សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ស្រែអំបិល​-​កោះកុង​

2 អាទិត្យ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែមករា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន…

​ភ្នំពេញ​៖ តាម​ការគ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែមករា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤ ចំណុច​ស្រែអំពិល ក្នុង​ខេត្ត​ព្រះសីហនុ ទៅកាន់​ខេត្តកោះកុង មាន​ប្រវែង ១៤៨ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​ប្រមាណ ៦៥ ១៤០ ០០០​ដុល្លារ​អាមេរិក ក្រោម​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ និង​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។ ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល នឹងត្រូវ​ប្រើប្រាស់ សម្រាប់​ការងារ​ដោះស្រាយ​ផលប៉ះពាល់ និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ផងដែរ​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា គម្រោង​សាងសង់​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ មាន​ប្រវែង​សរុប ១៤៨​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ចំណុចប្រសព្វ​ជាមួយ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ ស្ថិត​ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។ គម្រោង​នេះ រួមមាន​៖ ផ្លូវ ២​គន្លង មាន​ប្រវែង ១២២.៩​គីឡូម៉ែត្រ ទទឹងផ្លូវ ១១​ម៉ែត្រ និង​ផ្លូវ ៤​គន្លង មាន​ប្រវែង ២៥.១​គីឡូម៉ែត្រ ទទឹង​ចាប់ពី ១៨.៥​ម៉ែត្រ ដល់  ២១.៥​ម៉ែត្រ​។ ផ្លូវ​នេះ មាន​ចំណុច​ប្រសព្វ ចំនួន ៥​កន្លែង ដែល​នឹងត្រូវ​ធ្វើការ​កែសម្រួល រួមមាន​៖ ចំណុចប្រសព្វ​ចំការ​ហ្លួង ចំណុចប្រសព្វ​ស្រែអំបិល ចំណុច​ប្រសព្វ​ផ្លូវបំបែក ចូលទៅ​គិរីសាគរ ចំណុចប្រសព្វ​ផ្លូវបំបែក ចូលទៅ​ទំនប់​វា​រី​អគ្គិសនី និង​ចំណុចប្រសព្វ​ផ្លូវបំបែក ចូលទៅ​ព្រលានយន្តហោះ​ខេត្តកោះកុង​។​

​គម្រោង​នេះ នឹង​ប្រើប្រាស់​រយៈពេល​សាងសង់ ចំនួន ៣២​ខែ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០២៤ សាងសង់​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​កូរ៉េ ILSUNG & HANIL Joint Venture និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​សម្ព័ន្ធ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេក​ទេស KCI & KECC Joint Venture​។

​កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០០៨ ផ្លូវជាតិ​លេខ​៤៨ បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ក្រោយ​ស្ថាបនា ដោយ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) មាន ២​គន្លង ប្រវែង​សរុប ១៥០​គីឡូម៉ែត្រ សាងសង់​ដោយ​ក្រុមហ៊ុន​ថៃ ក្រោម​ប្រាក់កម្ចី​ពី​រដ្ឋាភិបាល​ថៃ​។ ក្នុងនោះ រាជរដ្ឋាភិបាល​ថៃ ក៏បានផ្តល់​ជំនួយឥតសំណង​សាងសង់​ស្ពាន ចំនួន ៤​កន្លែង តាមផ្លូវ​ជាតិ​លេខ​៤៨​នោះ​ផងដែរ​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា ប្រភេទ​ផ្លូវ​កៅស៊ូ​ពីរ​ស្រទាប់ (DBST) នេះ មាន​អាយុកាល ជា​មធ្យម​ពី ៥​ឆ្នាំ ទៅ ៨​ឆ្នាំ ប្រសិនបើ​មានការ​ថែទាំ​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស និង​មិនមាន​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​។ ការ​សម្រេច​សាងសង់​ផ្លូវជាតិ​លេខ​៤៨ ជា ២​គន្លង នៅក្នុង​អំឡុង​ពេលនោះ គឺ​ផ្អែកលើ​ចំនួន​ចរាចរណ៍​ដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ និង​អ្នកដំណើរ​ឆ្លងកាត់ ដែលមាន​ចំនួន​តិច​នៅឡើយ គឺ​សរុប​ប្រមាណ​ត្រឹមតែ​ជាង ៥០០​គ្រឿង​/​ថ្ងៃ​ប៉ុណ្ណោះ រួមមាន​៖ យានយន្ត​ប្រមាណ​ជាង ៣០០​គ្រឿង និង​ទោចក្រយានយន្ត​ប្រមាណ​ជាង ២០០​គ្រឿង​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លើកឡើងថា បច្ចុប្បន្ន ចំនួន​ចរាចរណ៍​នៅលើ​ផ្លូវជាតិ​លេខ​៤៨ កើនឡើង​ច្រើន ពោលគឺ​មាន​សរុប​ប្រមាណ ៣ ៣៣៩​គ្រឿង ក្នុង​មួយថ្ងៃ រួមមាន​៖ យានយន្ត​ប្រមាណ ១ ៩៦២ គ្រឿង និង​ទោចក្រយានយន្ត​ប្រមាណ ១ ៣៧៧​គ្រឿង​។ បន្ថែម​ពីលើ​នោះ គួបផ្សំ​ជាមួយ​កំណើនសេដ្ឋកិច្ច​ការ​កើន ឡើង​នៃ​សកម្មភាព​ពាណិជ្ជកម្ម វិនិយោគ និង​ទេស​ចរណ៍ នៅតាម​តំបន់ឆ្នេរ​សមុទ្រ​របស់​កម្ពុជា ទើប​តម្រូវឱ្យ​ផ្លូវជាតិ​លេខ​៤៨​នេះ ត្រូវ​ស្ថាបនា​លើក​កម្រិត​គុណភាព​ឡើងវិញ ដោយ​​ក្រាល​បេតុង​កៅស៊ូ​(AC) អ៊ុត​កម្រាស់ ៧​សង់ទីម៉ែត្រ និង​ក្រាល​បេតុង​សរសៃដែក​កម្រាស់ ២៥​សង់ទីម៉ែត្រ (​ត្រង់​ផ្លូវ​ប្រសព្វ​) ពង្រីក​ផ្លូវ​ជា ៤​គន្លង ចំនួន ២៥.១​គីឡូម៉ែត្រ សាងសង់​ស្ពាន​ថ្មី​ចំនួន ០៤​កន្លែង មាន​ប្រវែង​សរុប ១១៣​ម៉ែត្រ និង​ដាក់លូ​មូល​បេតុង ១៤០​កន្លែង (​ថ្មី ១៥​កន្លែង និង​ពង្រីក ១២៥​កន្លែង​) និង​លូ​ប្រអប់ ១៥​កន្លែង (​ថ្មី ៣​កន្លែង និង​ពង្រីក ១២​កន្លែង​) រួមទាំង​ការងារ​បំពាក់​បរិក្ខារ​សុវត្ថិភាព​ផ្លូវថ្នល់ និង​បរិក្ខារ​ចរាចរណ៍​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លូវជាតិ​លេខ​៤៨​នេះ គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​មួយ​របស់​ប៉ូល​សេដ្ឋកិច្ច​ទី​២ ដែល​រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្ត​កែប ខេត្តកំពត និង​ខេត្តកោះកុង ដែលជា​តំបន់ឧស្សាហកម្ម​ទេសច​រណ៍​ធម្មជាតិ និង​តំបន់​មាត់សមុទ្រ​។ ផ្លូវជាតិ​លេខ​៤៨​នេះ ត​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​១០ ដែល​កំពុង​ដំណើរ ការសាងសង់ និង​ត​ភ្ជាប់​ទៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្ត​ប៉ៃលិន មកកាន់​តំបន់ឆ្នេរ​កម្ពុជា ហើយ​ផ្លូវ​នេះ នឹងត្រូវ​បានចាត់ទុក​ថា ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏ មាន​សក្តានុពល​របស់​កម្ពុជា ក្នុង​ការជួយ​សម្រួល​ដ​ល់​ការតភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ និង​ការធ្វើ​សមាហរណកម្ម ត​ភ្ជាប់​ផ្ទៃក្នុង​ប្រទេស ជាពិសេស​កំពង់ផែ​ទឹក​ជ្រៅ​នៅ ក្រុងព្រះសីហនុ សំដៅ​រួមចំណែក​ក្នុងការ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ និង​ការដឹកជញ្ជូន​ដំណាំ​កសិផល និង​កសិឧស្សាហកម្ម ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ឆាប់រហ័ស និង​ចំណាយ​តិច​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បន្ថែមថា ផ្លូវជាតិ​លេខ​៤៨ នឹង​ជួយ​ជំរុញ​បន្ថែម​សក្តានុពល​តំបន់​ទេសចរណ៍ នៅក្នុង​ខេត្តកោះកុង ក៏ដូចជា​តំបន់​ទេសចរណ៍​គិរីសាគរ ដែលជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅ​ភាគ​និរតី​នៃ​ប្រទេស​កម្ពុជា និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់​ជាប់​ព្រំប្រទល់​ជាមួយ​ប្រទេសជិតខាង ដែល​រំពឹងថា នឹង​រួមចំណែក​ក្នុងការ​ទាក់ទាញ​វិនិយោគិន និង​ជំរុញ​ការនាំចេញ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​៤ ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​នេះ​ផងដែរ​។  បន្ថែម​ពីលើ​នេះ ផ្លូវ​មួយ​ខ្សែ​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​អាស៊ាន​ហាយ វ៉េ​១២៣ (ASEAN Highway 123) និង​ជា​របៀង​មាត់សមុទ្រ​ខាងត្បូង​របស់​មហា​អនុតំបន់​មេគង្គ​GMS (R10)​ដែល​ភ្ជាប់​ប្រទេស​កម្ពុជា ទៅ​ប្រទេស​ថៃ តាម​ច្រកព្រំដែន ចាំ​យាម ក្នុង​ខេត្តកោះកុង​៕

Picture
Picture
Picture
Picture