ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ជិត​១៩​ម៉ឺន​នាក់​រីករាយ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​នៅ​ខេត្តសៀមរាប

2 ឆ្នាំ មុន
  • សៀមរាប

ភ្ញៀវ​ទេសចរ​ជិត​១៩​ម៉ឺន​នាក់ រីករាយ​បុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​សៀមរាប​-​អង្គរ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែធ្នូ ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ដើម្បី​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ទទួល​បានការ​

ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ជិត​១៩​ម៉ឺន​នាក់ រីករាយ​បុណ្យ​ឆ្លង​ឆ្នាំ​សកល នៅ​សៀមរាប​-​អង្គរ ក្នុង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែធ្នូ ដល់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២ ដើម្បី​ទទួល​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ ដែល​ទទួល​បានការ​ចាក់​វ៉ាក់សាំង​ពេញ​លេញ ក្រោយ​ពេល​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​២០​កុម្ភៈ ២០២១ ព្រមទាំង​ការ​បើក​ឲ្យ​ដំណើរ​ឡើង​វិញ ដំណើរ​ទេសចរ​វ៉ាក់សាំង​នោះ រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​រៀបចំ​តុបតែង​លម្អ​សម្រាប់​ឆ្លង​ឆ្នាំ​សកល​នា​ពេល​ខាង​មុខ ស្រប​ពេល​គម្រោង​ផ្លូវ ៣៨​ខ្សែ​នឹង​ត្រូវ​បញ្ចប់ ។

ក្នុង​សកម្មភាព​រៀបចំ​តុបតែង​លម្អ​ផ្លូវ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព​ក្រុង​សៀមរាប ឲ្យ​កាន់តែ​មាន​ភាព​ស្រស់​ត្រកាល​ឡើង​វិញ ដោយ​បំពាក់​ភ្លើង​បំភ្លឺ​សាធារណៈ និង​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រមទាំង​រៀបចំ​តុបតែង​សួន​ស្ពាន​ព្រះរាជ​ដំណាក់ ដើម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ឆ្នាំ​២០២២ ស្រប​ពេល​ផ្លូវ​៣៨​ខ្សែ គ្រោង​នឹង​បញ្ចប់​តាម​ផែនការ​ដែល​បាន​គ្រោងទុក ។

រដ្ឋបាល​ខេត្តសៀមរាប បាន​លើក​ឡើង​ការងារ​រៀបចំ​កែ​លម្អ​នេះ គឺជា​ការ​រំលេច​នូវ​សោភ័ណ​ភាព បៃតង​នៅ​តាម​ដងស្ទឹង តាម​រុក្ខវិថី​នានា​ក្នុង​ក្រុង បរិវេណ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ក៏​ដូច​ជា នៅ​តាម​សួនច្បារ ដើម្បី​រៀ​ចំ​ភ្លើង​ពណ៌នា​ពេល​រាត្រី​ឲ្យ​កាន់តែ​មានការ​ទាក់ទាញ​អារម្មណ៍​ពី សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដើម្បី​មក​ទស្សនា​កម្សាន្ត​ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២២ នេះ ។

ម្យ៉ាងទៀត ក៏​ជា​ការ​រួមចំណែក​ក្នុង​ការ​ជម្រុញ​ការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ខេត្តសៀមរាប ក្នុង​ការ​ស្តារ​ឡើង​វិញ នូវ​រាល់​វិស័យ​ក្នុង​ខេត្តសៀមរាប​ជាដើម​។ ក្នុង​បរិបទ​កូ​វី​ដ​១៩​នេះ ក្នុង​ឱកាស​ឆ្លង​ឆ្នាំ​សកល ២០២១-២០២២ ដោយ​មាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ក្នុង​បុណ្យ​ឆ្លង​ឆ្នាំ​សកល ដែល​មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២១ មក​ដល់​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២២ តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​មក​ពី​បណ្តា​ខេត្ត​-​រាជ​ធានី បាន​ចូល​មក​ដើរ​កម្សាន្ត នៅ​តាម​រមណីយដ្ឋាន​នានា រួម​ទាំង​រាត្រី​ឆ្លង​ឆ្នាំ​នៅ​ខេត្តសៀមរាប ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល​២០២១ ឈាន​​ចូល​ឆ្នាំ​២០២២ មាន​ចំនួន​ប្រមាណ​ជា​ជិត​១៩​ម៉ឺន​នាក់ ក្នុង​នោះ​ភាគច្រើន​ដ៏​លើសលុប គឺ​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស ។

តាម​ការ​ប៉ាន់​ប្រមាណ​នោះ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​អ្នកដំណើរ​កម្សាន្ត​ទាំងនោះ មាន​មក​ពី​បណ្តា​ខេត្ត​នានា ប្រមាណ​ជា​ជិត ៧៦% គឺ​ស្មើនឹង​ប្រមាណ​ពី​១៤​ទៅ​១៥​ម៉ឺន​នាក់ ហើយ​ភ្ញៀវ​ម្ចាស់ផ្ទះ​មាន​ប្រមាណ​ជា​ពី​៤​ទៅ​៥​ម៉ឺន​នាក់​ទៀត ។ ជា​លក្ខណៈ​ពិសេស​គួរ​កត់សម្គាល់​នោះ គឺ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​របស់​ប្រជាពលរដ្ឋ​បាន​ឆ្លុះ​បង្ហាញ​អំពី​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​កំពុង​ស្ថិត​ក្នុង​ប្រក្រតី​ភាព​ថ្មី ទម្លាប់​រស់​ជាមួយ​កូ​វី​ដ​-១៩ ហើយ​កត្តា​ប្រុង​ប្រយ័ត្ន គឺជា​គន្លឹះ​ស្នូល​នៃ​សេចក្តីសុខ​ចម្រើន ។

ក្នុង​របាយការណ៍​ដដែល​នោះ បាន​ប្រាប់​ឲ្យ​ដឹង​ថា គោលដៅ​សំខាន់​ៗ​នៃ​ដំណើរ​កម្សាន្ត​នោះ មាន​ដូច​ជា​រមណីយដ្ឋាន​អង្គរ ប្រហែលជា​១៧​ម៉ឺន​នាក់​, រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ប្រហែល​៥​ពាន់​នាក់​, សហគមន៍​ទេសចរណ៍​-​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេង​ៗ មាន​ប្រហែលជា​១៤​ពាន់​នាក់ ។

តាម​ការ​កត់សម្គាល់ បណ្តា​ភ្ញៀវ​ទេសចរ​ទាំងនោះ បាន​ជួបជុំ​គ្នា​កម្សាន្ត​រាត្រី​ឆ្លង​ឆ្នាំ​នៅ​ក្រុង​សៀមរាប ដូច​ជា​នៅ​ផាប់​ស្ទ្រី​ត និង​នៅ​សួនច្បារ​ព្រះរាជ​ដំណាក់ ។ ក៏​ប៉ុន្តែ​យ៉ាង​ហោច​ណាស់ នៅ​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​ថ្មី ឆ្លង​ឆ្នាំ​សកល​នេះ មាន​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង ប្រហែល​ជាង​៤០០​នាក់​ផង​ដែរ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ឱកាស​ដំណើរការ​ឆ្លង​ឆ្នាំ​សកល​នេះ ចំពោះ​ការងារ​ចរាចរណ៍ មាន​បង្ក​លក្ខណៈ​ល្អ ក្នុង​ការ​សម្រួល​ចរាចរណ៍​ទៅ​មក​បាន​ល្អ​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ដោយ​ខេត្តសៀមរាប ទទួល​បាន​ចំណងដៃ​ថ្មី អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នូវ​ផ្លូវ​៣៨​ខ្សែ ត្រូវ​បាន​ស្ថាបនា​រួចរាល់ ស្រប​ពេល​ដែល​ខេត្តសៀមរាប រៀបចំ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល ២០២១-២០២២​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ