រាជធានីភ្នំពេញ ៖ រហូតដល់ពេលនេះរវាងតារាចម្រៀងនាងទេព បូព្រឹក្ស និងនាងពេជ្រ សោភា ត្រូវអ្នកគាំទ្រសង្ស័យថាមិនទាន់ជានាគ្នានៅឡើយទេ ក្រោយពីមានជម្លោះជាមួយគ្នាជាយូរមកហើយនោះ ។
មន្ទិលសង្ស័យពីទំនាស់រវាងទេព បូព្រឹក្ស និងពេជ្រ សោភា នៅមិនទាន់បានផ្សះផ្សារហូតដល់សព្វថ្ងៃនេះ បន្ទាប់ពីតារាចម្រៀងនាងទេព បូព្រឹក្ស បង្ហោះរូបជាមួយCoach ទាំងបីរបស់កម្មវិធី The Voice ដោយមិនមានពេជ្រ សោភា ។
កត្តាមួយនេះធ្វើឱ្យអ្នកគាំទ្រយល់ថា ចំណងមិត្តភាពរបស់តារាចម្រៀងទាំងពីរនោះនៅមិនទាន់បានផ្សះផ្សាវិញទេ វាប្រៀបបានទៅនឹងកែវដែលបែកប្រេះស្រាំហើយមិនងាយនឹងតភ្ជាប់គ្នាវិញបាន ។
ទស្សនិកជនមួយចំនួនរិះគន់តារាចម្រៀងនាងទេព បូព្រឹក្ស ថា ជាតារាជំនាន់ក្រោយ តែមានចរិតក្រអឺតក្រទមដាក់ ពេជ្រ សោភា ដែលជាអ្នកសិល្បៈរៀមច្បង ។ ប្រិយមិត្តទាំងនោះអះអាងថា ពេជ្រ សោភា មិនចូលចិត្តទេព បូព្រឹក្សទេ ។
បន្ទាប់ពីរងការរិះគន់ និងការជជីកសួរពីរឿងនោះ តារាចម្រៀងវ័យក្មេងនាងទេព បូព្រឹក្ស បានចេញវីដេអូឃ្លីបបកស្រាយកាលពីពេល ថ្មីៗកន្លងមកថា ចំណងមិត្តភាពរវាងនាង និងពេជ្រ សោភា បានផ្សះផ្សាយូរមកហើយ ។
ទេព បូព្រឹក្ស និយាយថា «រូបនាងខ្ញុំ និងបងពេជ្រ សោភា មិនមានបញ្ហាអ្វីជាមួយនឹងគ្នាទៀតទេ ប៉ុន្តែមានផេកមួយបានយករូបនាងខ្ញុំមកកាត់តជាមួយតារា ផ្សេងៗក្នុងផលិតកម្មតែមួយ ដោយមិនមានបងភា ។ ក្រោយពីការបង្ហោះរួចមកមានប្រិយមិត្តមួយចំនួនសរសេរស្តីឲ្យនាងខ្ញុំថា មិនគោរពរៀមច្បង តែការណ៍ពិតខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាដឹងពីណាមកទេ ប៉ុន្តែដើមឡើយខ្ញុំទទួលស្គាល់ថាធ្លាប់មានបញ្ហាតិចតួចចំពោះការយល់ច្រឡំ ហើយនាងខ្ញុំក៏បានសុំទោសបងភារួចហើយ តែរឿងនេះវាបានកើតឡើងយូរហើយ តាំងពីនាងខ្ញុំចូលច្រៀងដំបូងមកម្ល៉េះ» ។
ពាក់ព័ន្ធទៅនឹងរូបថតដែលនាងថតជាមួយ Coach ទាំងបីដោយមិនមានពេជ្រ សោភា នោះ ត្រូវទេព បូព្រឹក្ស បញ្ជាក់ថា «នាងខ្ញុំបានទៅមើលកុន ប៉ុន្តែក្រោយមើលកុនរួចនាងខ្ញុំក៏ឡើងទៅលេងអ្នកទាំងនោះ ។ ពេលដែលនាងខ្ញុំឡើងទៅលេង នាងខ្ញុំក៏បានសុំថតរូបជាមួយពួកគាត់ ព្រោះថ្ងៃនោះនាងខ្ញុំឃើញពួកគាត់តែងខ្លួន ស្អាតៗ ដោយមិនបានថតជាមួយបងភា ដោយសារគាប់ជួនពេលនោះបងភា មិនទាន់មកដល់ ។
ត្រង់ចំណុចនេះបានធ្វើឲ្យមានការយល់ច្រឡំពីទស្សនិកជនមួយចំនួន ដោយបានអះអាងថា នាងខ្ញុំ និងបងភាមានការស្អប់ខ្ពើមគ្នា និងថា បងភា ស្អប់នាងខ្ញុំជាដើម ប៉ុន្តែការយល់ឃើញនេះមិនមានមូលដ្ឋានឡើយ ព្រោះទស្សនិកណាម្នាក់ដែលលឺពាក្យសំដីនេះពីនាងខ្ញុំដែរទេ ហើយនាងខ្ញុំក៏ជឿថា បងភា ក៏មិនដែលនិយាយពាក្យនេះដែរ» ។
ដើម្បីកុំឲ្យមានមន្ទិលសង្ស័យបន្ថែមទៀតនោះ ទេព បូព្រឹក្ស សន្យាថា នាងនឹងព្យាយាមស្វែងរកឱកាសថត និង Live Video ជាមួយ ពេជ្រ សោភា ឲ្យទស្សនិកជនបានឃើញម្តង ចៀសវាងការភាន់ច្រឡំទៀត ៕
ចែករំលែកព័តមាននេះ