រាជធានីភ្នំពេញ ៖ បុរសជាងដែកម្នាក់ខ្យល់គដេកស្លាប់នៅក្នុងមុងតែម្នាក់ឯង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ក្រោយពីបានជួបជុំគ្នាហូបបាយ និងផឹកស្រាបៀរអស់ ១៨កំប៉ុង ជាមួយនិងក្រុមជាងដែកដែលធ្វើការជាមួយគ្នា៣នាក់ទៀត កាលពីពេលល្ងាច។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងសិប្បកម្មដែកមួយកន្លែង ផ្ទះលេខ៨៥៧B ក្រុម៤៤ ភូមិ៧ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជួប សំណាង អាយុ៤០ឆ្នាំ មុខរបរជាងដែក(នៅលីវ)ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅក្នុងភូមិតាប៉ាវ ឃុំស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ មុនពេលកើតហេតុ ខណៈពេលដែលមិនឃើញបុរសជាជាងដែកខាងលើមិនឡើងមកធ្វើការងារដូចសព្វដងនោះ ស្ត្រីជាថៅកែក៏បានចុះទៅបន្ទប់ស្នាក់នៅរបស់គេខាងក្រោមគោះទ្វារដើម្បីហៅឲ្យមកធ្វើការ។
តាមប្រភពដដែលបានប្រាប់ឱ្យដឹងថា ប៉ុន្តែនៅពេលនោះបុរសរូបនោះ គេមិនបានចេញមកបើកទ្វារឡើយ ហើយស្ត្រីជាថៅកែ ក៏បានរត់ទៅហៅកូនជាងផ្សេងទៀតឲ្យមកជួយហៅតែនៅតែមិនក្រោក និងបើកទ្វារដដែល។ ដោយមានការសង្ស័យក៏បាននាំគ្នាទៅយកកូនសោចាក់ចូលទៅខាងក្នុង ហើយបើកមុងដាស់អង្រួនបុរសរូបនោះ ស្រាប់តែដងខ្លួនមានសភាពរឹងកំព្រឹស ស្លាប់បាត់ទៅហើយ ។
ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង និងទៅប្តឹងកម្លាំងនគរបាលមូលដ្ឋានឲ្យចុះមកមើលតែម្តង។ ប្រភពផ្ដល់ព័ត៌មានបានបន្តថា កាលពីល្ងាចមិញបុរសរងគ្រោះបានហូបបាយជួបជុំគ្នាជាមួយនឹងក្រុមជាងៗដែលធ្វើការជាមួយគ្នាចំនួន៣នាក់ ដោយបានផឹកស្រាបៀរអស់ចំនួន១៨កំប៉ុងផងដែរ រហូតដល់យប់ជ្រៅក៏បានបែកផ្លូវគ្នាខ្លះទៅផ្ទះ និងចូលដេករៀងៗខ្លួន លុះព្រឹកឡើងក៏បានប្រទះឃើញរូបគេដេកស្លាប់បែបនេះ។ ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចជំនាញក៏បានចុះមកធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យបានឃើញថា បុរសរងគ្រោះបានស្លាប់ដោយសារតែជំងឺគាំងបេះដូង រួចហើយទើបប្រគល់សពទៅឲ្យក្រុមគ្រួសារបញ្ជូនយកទៅធ្វើបុណ្យនៅវត្តច្បារអំពៅទៅតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ