ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់​ធម្មជាតិ​រហាល​កេស អា​វៀន ត្រៀម​បើក​ទទួល​អ្នកទេសចរ​ឆាប់​ៗ​នេះ

5 ខែ មុន
  • បន្ទាយមានជ័យ

​ប្រធាន​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​រហាល​កេស អា​វៀន គ្រោង​នឹង​បើកទ្វារ​ឡើង​វិញ​ទទួល​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត និង​ទស្សនា​សត្វ​ស្លាប​ដ៏​ច្រើន​សំបូរ​បែប បន្ទាប់​ពី​

ខេត្តបន្ទាយមានជ័យ​ ៖ ​ប្រធាន​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​រហាល​កេស អា​វៀន គ្រោង​នឹង​បើកទ្វារ​ឡើង​វិញ​ទទួល​អ្នកទេសចរ​ទៅ​លេង​កម្សាន្ត និង​ទស្សនា​សត្វ​ស្លាប​ដ៏​ច្រើន​សំបូរ​បែប បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើង​វិញ ។

លោក​នេ​ត ណុ​ក ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ឈ្នួ​រ​មាន​ជ័យ និង​ជា​អនុប្រធាន​សហគមន៍ និង​លោក​ខុ​ង ប៊ុ​ន ជំទប់​ទី​១ និង​ជា​ប្រធាន​តំបន់ការពារធម្មជាតិ​រហាល​កេស អា​វៀន ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១​ថា​តំបន់​ធម្មជាតិ​រហាល​កេស អា​វៀន ស្ថិត​ក្នុង​ឃុំ​ឈ្នួ​រ​មាន​ជ័យ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ មូលហេតុ​ដែល​សហគមន៍​ដាក់​ឈ្មោះ​«​រហាល​កេស អា​វៀន​» ដោយសារ​កាលពី​យូរលង់​មក ចាស់​ៗ​តែងតែ​និយាយ​ថា​កន្លែង​បឹង​ហៅ​ថា​រហាល​ដែល​មាន​ផ្ទៃដី​ទឹក​ប្រមាណ​ជា​៥​ហិ​កតា សំបូរ​ទៅ​ដោយ​ត្រី​កេស ទើប​ហៅ​ថា​រហាល​កេស ដោយ​បន្ថែម​ពាក្យ​«​កេស​» ។

Picture

មួយ​ផ្នែក​ទៀត​នៅ​ជាប់​គ្នា​នោះ​មាន​ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ​ជា​២៣​ហិ​កតា មាន​រាង​ក្រវេច​ក្រវៀន ដែល​គេ​ហៅ​ថា​អា​វៀន ។ បច្ចុប្បន្ន​ក្រុមការងារ​បាន​ដាក់​ឈ្មោះ​ថ្មី​ភ្ជាប់​គ្នា​ថា តំបន់ការពារធម្មជាតិ​រហាល​កេស​អា​វៀន ដោយ​រហាល​កេស​គឺ​ផ្នែក​អភិរក្ស​ពូជ​ត្រី និង​អា​វៀន​ផ្នែក​ខាង​អភិរក្ស​សត្វ​ស្លាប​ចម្រុះ​ជា​ច្រើន​ប្រភេទ ។ រយៈពេល​ប្រមាណ​ជាង​៤​ឆ្នាំ​មក​ហើយ សត្វ​ស្លាប​កាន់តែ​ច្រើន និង​សំបូរ​បែប​រស់ ដូច​ជា​កុកស ខ្វែក​យប់​(​ខ្វែក​ធំ​) កុកក្រក ក្រ​ង៉ ទុង ក្អែកទឹក ត្រយង សត្វ​ស្មោញ ដែល​ជា​សត្វ​កម្រ​ជិត​ដាច់​ពូជ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង និង​សត្វ ផ្សេង​ៗ​ជា​ច្រើន​ប្រភេទ​ទៀត​រៀបរាប់​មិន​អស់ ។

Picture

លោក​ខុ​ង ប៊ុ​ន ឲ្យ​ដឹង​ថា​«​នៅ​តំបន់ការពារធម្មជាតិ​រហាល​កេស​អា​វៀន​មានការ​ងារ​ចំនួន​២ ជា​ស្នូល គឺ​អភិរក្ស និង​អភិវឌ្ឍន៍ ។ ការងារ​ស្នូល​គឺ​ក្រុមការងារ​នៅ​តែ​ការពារ​យាមល្បាត​ជា​ប្រចាំ​ថ្ងៃ ដែល​មិន​អាច​អាក់ខាន​បាន ដើម្បី​ទប់ស្កាត់​ការ​លួច​បរបាញ់​សត្វ​ស្លាប និង​ការ​លួច​ឆក់​ត្រី​ជាដើម​ក្នុង​តំបន់​នេះ ។ ពោល​បើ​យើង​ចង់​អភិវឌ្ឍ​ប្រែក្លាយ​តំបន់​នេះ​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍ បើ​យើង​មិន​អភិរក្ស​មុន​ទេ យើង​មិនដឹង​ជា​យក​អ្វី​ទៅ​អភិវឌ្ឍ​នោះ​ទេ សំខាន់​គឺ​យើង​ត្រូវ​ថែរក្សា​ឲ្យ​បាន​នូវ​អ្វី​ដែល​កំពុង​តែ​មាន​នេះ​ឲ្យ​បាន​គង់វង្ស ទើប​អភិវឌ្ឍ​ឲ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍​បាន​» ។

ប្រភព​ដដែល​បញ្ជាក់​ថា​តំបន់ការពារធម្មជាតិ​រហាល​កេស អា​វៀន គឺ​មានការ​ទទួលស្គាល់​ពី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ចាប់ពី​អាជ្ញាធរ​មូលដ្ឋាន រហូត​ដល់​ក្រសួងបរិស្ថាន ។ ម្យ៉ាងវិញទៀត​មាន​អង្គការ​ជា​ដៃគូ​មួយ​បាន​ជួយ​លើ​គម្រោង​អភិវឌ្ឍ ដោយ​គាំទ្រ​គម្រោង​នេះ​១០​ខែ អនុវត្ត​ចាប់ពី​ខែកញ្ញា ឆ្នាំ​២០២១ បញ្ចប់​នៅ​ចុងខែ​មិថុនា ឆ្នាំ​២០២២ លើ​ទំហំ​ទឹកប្រាក់​ចំនួន​៣.៧៣៤​ដុល្លារ ដើម្បី​ស្តា​របឹង​ធ្វើ​ខ្យូ​ស និង​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ។

Picture

លោក​ខុ​ង ប៊ុ​ន ថា​ជា​ទិស​ដៅ​ប្រែក្លាយ​តំបន់​ឲ្យ​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ដើម្បី​រក​ចំណូល​ឲ្យ​អ្នក​រស់នៅ​ក្នុង​តំបន់​តាម​រយៈ​ធនធាន​ដែល​មាន​ស្រាប់ និង​ចេះ​កែ​ច្នៃ​ឲ្យ​ទៅ​ជា​សម្បត្តិ​ធនធានធម្មជាតិ ដែល​នាំ​ប្រយោជន៍​ឲ្យ​ប្រជាពលរដ្ឋ ។ ក្នុង​ក្នុង​អំឡុង​ខែមករា ឬ​ខែកុម្ភៈ ឆ្នាំ​២០២២​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​ឡើង​វិញ បន្ទាប់​ពី​បិទ​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ។ ការ​បើក​នេះ សហ គមន៍​នឹង​ធ្វើ​កន្លែង​ទទួលភ្ញៀវ​ទេសចរ​ឲ្យ​បាន​សមរម្យ​ជាង​មុន ដោយ​ធ្វើ​ខ្យូ​ស​សម្រាប់​អង្គុយ​លេង មាន​ម្ហូបអាហារ មាន​កន្លែង​ចត​រថយន្ត​បាន​ស្រួល កន្លែង​រាវ​គ្រំ និង​ស្ទូចត្រី​កម្សាន្ត ។

លោក​ខុ​ង ប៊ុ​ន បាន​ថ្លែងអំណរគុណ​ឯកឧត្តម​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក​ជំទាវ​ឧកញ៉ា​ម៉ៅ ម៉ា​ល័យ កែ គឹ​ម​យ៉ា​ន ដែល​គ្រោង​នឹង​ផ្តល់​ប៉ុស្តិ៍​ប៉ម ដល់​ដើម្បី​ឲ្យ​មើល​សត្វ និង​ក្រុមការងារ​យាមល្បាត​ពិនិត្យ​មើល​ពី​សកម្មភាព​របស់​ជនខិលខូច ដែល​មាន​បំណង​បរបាញ់​សត្វ​ស្លាប ៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture