ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លប​ឆ្មក់​នារី​ម្នាក់ តែ​ត្រូវ​ម៉ូតូ​កង់​បី​សង្កត់ពីលើ​ផ្អើល​មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​ជនជាតិ​វៀត​ណាម​​ម្នាក់​ដែល​កំពុង​ជិះ​លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង មិន​បាន​សម្រេច រួច​ក៏​

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​នារី​ជា​ជនជាតិ​វៀតណាម​ម្នាក់​ដែល​កំពុង​ជិះ​លើ​ម៉ូតូ​កង់​បី​មួយ​គ្រឿង មិន​បាន​សម្រេច រួច​ក៏​បណ្តាល​ឲ្យ​ក្រឡាប់​ម៉ូតូ​កង់​បី​សង្កត់ពីលើ​ម៉ូតូ​របស់​ជនសង្ស័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២១ នៅ​ត្រង់​ចំណុច​ទល់មុខ​មន្ទីរពេទ្យ​កុមារ​ជាតិ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ ម៉ៃ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ​។

តាម​ប្រភព​ពី​បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​កង់​បី ដឹក​នារី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​ជា​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​បាន​ហៅ​ម៉ូតូ​កង់​បី​របស់​គាត់​ជិះ​ចេញពី​ម្តុំ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​ពួក​នាង​មាន​បំណង់​ទៅ​ពោធិ៍​ចិន​តុង​។ បន្ទាប់​មក គាត់​ក៏​បាន​បើក​ម៉ូតូ​កង់​បី​មួយ​គ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1HI-4055 ហើយ​គាត់​ក៏​បាន​បើក​ធ្វើ​ដំណើរ​ដឹក​ពួក​នាង​ៗ​ជា​ភ្ញៀវ តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ទិស​ដៅ​ពី​កើត​ទៅ​លិច​។

បុរស​ជា​អ្នក​បើក​ម៉ូតូ​កង់​បី​បន្ត​ថា លុះ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ នារី​ជា​ភ្ញៀវ​ម្នាក់​ក៏​បាន​ដក​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក IPHONE13 promax យក​មក​ចុច​មើល​ផែនទី និង​បាន​យក​បង្ហាញ​ប្រាប់​គាត់​ពី​គោលដៅ​ដែល​ពួក​នាង​ចង់ទៅ ខណៈ​ពេល​នោះ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1IW-9395 ជិះ​តាម​ពីក្រោយ និង​បាន​ជិះ​មក​វ៉ា​ជែង​ខាងស្តាំ​ម៉ូតូ​កង់​បី រួច​ជនសង្ស័យ​រូប​នោះ​ក៏​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ពី​នារី​រង​គ្រោះ តែ​ក៏​ត្រូវ​នារី​រង​គ្រោះ​ទាញ​យក​ត្រឡប់​មក​វិញ​។

បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​ដែរ រូប​គាត់​ក៏​បាន​លូកដៃ​ទៅ​ចាប់​ជនសង្ស័យ ទើប​ធ្វើ​ឲ្យ​រេ​ចង្កូត​ម៉ូតូ​កង់​បី​ក្រឡាប់​ផ្ងារ​សង្កត់​ទៅ​លើ​ម៉ូតូ​របស់​ជនសង្ស័យ បណ្តាល​ឲ្យ​ដួល​រង​ការ​ខូចខាត​ទាំង​ម៉ូតូ​ជរប​ស់ន​សង្ស័យ និង​ម៉ូតូ​កង់​បី​របស់​គាត់​យ៉ាងដំណំ​តែ​ម្តង និង​បណ្តាល​ឲ្យ​នារី​រង​គ្រោះ និង​ភ្ញៀវ​ទាំង​២​នាក់​ទៀត​រង​របួសស្រាល​ផង​ដែល​។ ហើយ​ភ្លាម​ៗ​នោះ គាត់​ក៏​បាន​ស្រវា​ស្ទុះ​ចេញពី​កង់​បី​ទៅ​ចាប់​ជនសង្ស័យ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​កើតហេតុ​ចុះ​មក​ជួយ ទើប​អាច​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន បន្ទាប់​ក៏​មាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​១ ដើម្បី​កសាង​សំណុំរឿង រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ