ខេត្តសៀមរាប៖ ដើម្បីចូលរួមអបអរសាទរខួបជិត ៣០ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ដែលជានិមិត្តរូបជាតិ វឌ្ឍនភាពជាតិ សាមគ្គីភាព និងសុខសន្តិភាព ក៏ដូចជា រំលឹកគុណដល់បុព្វបុរស និងបុព្វការីជនខ្មែរគ្រប់ជំនាន់ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធីបុណ្យ «រម្លឹកគុណអង្គរ» នៅក្នុងរមណីយដ្ឋានអង្គរ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។
តាមសេចក្តីប្រកាស ពិធីបុណ្យដ៏មានសារៈសំខាន់នេះ នឹងរួមមានការប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងការដាក់បាតព្រះសង្ឃ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ នៅថ្ងៃបើកពិធីបុណ្យ «រំលឹកគុណអង្គរ» ការសម្តែងល្ខោនស្បែកធំ នាពេលរាត្រី និងការរៀបចំស្តង់ពិពរណ៍សមិទ្ធផល និងសកម្មភាពការងាររបស់អាជ្ញាធរជតិអប្សរា ក៏ដូចជា ការបើកការទស្សនាការដ្ឋានជួសជុលនានា ក្នុងរមណីយដ្ឋានអង្គរ ជូនភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ផងដែរ។
ដោយឡែក មុនការប្រារព្ធពិធីនេះ ក៏នឹងមានការប្រារព្ធពិធីសាសនា និងការសម្តែងសិល្បៈ ជាពិសេសការសម្តែងល្ខោនបាសាក់ឧបត្ថម្ភគាំទ្រដោយវិស័យឯកជនផងដែរ នៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅបរិវេណប្រាសាទភ្នំបាខែង និងទីលានជល់ដំរី ក្រុងអង្គរធំ៕
ចែករំលែកព័តមាននេះ