រាជធានីភ្នំពេញ ៖ រហូតមកទល់នាពេលនេះ ជម្លោះស្នេហាត្រីកោណរវាងនាង ម៉ា នីតា និងអតីតគូស្នេហ៍លោក សន ពិសិដ្ឋ នៅមិនទាន់ស្ងប់រលកកំដៅនៅឡើយទេ ត្បិតនាងនៅតែកើតទុកមិនសុខចិត្តនៅពេលដែលលោក សន ពិសិដ្ឋ បានរកលេសដោះសាររកត្រូវ ហើយទម្លាក់កំហុសមកលើរូបនាងទៅវិញ។
គេថា ប្រុសប្រកែកស្រីប្រកាន់ ដោយសារតែមិនមានការអស់ចិត្តចំពោះការបកស្រាយរបស់លោក សន ពិសិដ្ឋ តាមរយៈបណ្តាញសារព័ត៌មាននោះ នាង ម៉ានីតា បានចេញមុខធ្វើសន្និសីតកាសែតមួយកាលពីពេលថ្មីៗនេះ ដើម្បីបកស្រាយ និងបង្ហាញភស្តុតាងមួយចំនួនរវាងនាង និងតារាសម្តែងលោក សន ពិសិដ្ឋ។
តាមរយៈសន្និសីទសារព័ត៌មាននោះ ម៉ានីតា បានលើកឡើងដោយបានធ្វើការបដិសេធចោលទាំងស្រុង ចំពោះការបកស្រាយពីសំណាក់លោក សន ពិសិដ្ឋ ត្បិតនាងចាត់ទុកការអះអាងពីតារាប្រុសរូបនេះ គ្រាន់តែជាលេសដោះសារតែប៉ុណ្ណោះ។
ម៉ានីតា បានលើកឡើងថា ការចេញមុខបកស្រាយរបស់នាងនាពេលនេះ គឺក្នុងគោលបំណងចង់ឲ្យលោក សន ពិសិដ្ឋ និងគូស្នេហ៍ថ្មីរបស់លោក ទទួលស្គាល់ការពិត ពីការលួចទាក់ទងគ្នានៅពេលដែលលោក សន ពិសិដ្ឋ កំពុងរស់នៅជាមួយនឹងរូបនាង។
នាងបញ្ជាក់ថា រូបនាង និងលោក សន ពិសិដ្ឋ បានចាប់ផ្តើមទំនាក់ទំនងគ្នា និងស្រឡាញ់គ្នាតាំងពីឆ្នាំ២០១៧ ខណៈពេលដែលពួកនាងទាំងពីរបានសម្រេចចិត្តរួមរស់នៅផ្ទះតែមួយ ដោយសារតែនាងអាណិតលោក សន ពិសិដ្ឋ ដែលមានជីវភាពខ្វះខាត ហើយរស់នៅតែបន្ទប់ជួល។
នាងថា លុះដល់ឆ្នាំ២០២០ នាង និងលោក សន ពិសិដ្ឋ បានបែកបាក់គ្នា ដោយសារនាងបានតាមទាន់ជាច្រើនដងពេលដែលលោក សន ពិសិដ្ឋ និងនារីថ្មីរបស់លោក បានលួចទាក់ទងគ្នា ក្នុងអំឡុងពេលលោកកំពុងរស់នៅជាមួយគ្នា។ នាងបន្តថា អំឡុងពេលនោះ នាងមិនដែលបានសុំអង្វរឲ្យលោក សន ពិសិដ្ឋ វិលមករកនាងវិញឡើយ ប៉ុន្តែលោកផ្ទាល់ដែលតែងតែនិយាយថា ទោះជាយ៉ាងណា លោកនឹងមិនទៅចោលរូបនាងនោះឡើយ។
យ៉ាងបីជាណា បើតាមនាង ម៉ានីតា បានធ្វើការច្រានចោលនូវការបកស្រាយរបស់លោក សន ពិសិដ្ឋ ដល់បណ្តាញសារព័ត៌មានក្នុងស្រុកថា ទំនាក់ទំនងរវាងនាង និងលោក បានត្រឹមជាមនុស្សសេពគប់គ្នាប៉ុណ្ណោះ។ ត្រង់ចំណុចនេះ ម៉ានីតា បញ្ជាក់ថា នាងមិនអាចទទួលយកបាននោះឡើយ ដោយសារនៅក្នុងសង្គមសិល្បៈ ក៏ដូចជាបងប្អូនអ្នកជិតខាងជាច្រើនបានដឹងពីទំនាក់ទំនងរវាងពួកនាងដែលបានរួមរស់នៅជាមួយគ្នាប្រមាណ៤ឆ្នាំមកហើយ បើទោះបីពួកនាងមិនទាន់បានចុះអេតាស៊ីវិលជាមួយគ្នាក៏ដោយ។
ម៉ា នីតា បានឲ្យដឹងទៀតថា លោក សន ពិសិដ្ឋ បានចោទប្រកាន់រូបនាងហាមឃាត់មិនឲ្យលោកទៅស្រឡាញ់អុ្នកផ្សេង ដែលនោះមិនមែនជាការពិតឡើយ ព្រោះនាងមិនដែលហាមឃាត់លោកឡើយនៅពេលដែលពួកនាងបានបែកគ្នានោះ។ នាងបញ្ជាក់ថា រឿងហេតុដែលនាងរំលឹកបើកកកាយរឿងនេះឡើង គឺដោយសារខាងគូស្នេហ៍ថ្មីរបស់លោក សន ពិសិដ្ឋ បានប្តឹងរូបនាង ហើយបានទាញនាងឲ្យចូលក្នុងរឿងនេះ នោះជាហេតុធ្វើឲ្យនាងសម្រេចចិត្តចេញមកតតាំងបកស្រាយរឿងនេះឲ្យបានមហាជនបានដឹង។
ទោះជាយ៉ាងណា អ្វីដែលនាងចេញមុខមកបកស្រាយនាពេលនេះ គឺមិនមែននាងចង់បានលោក សន ពិសិដ្ឋ មកវិញនោះឡើយ ពោលគឺនាងគ្រាន់តែចង់ឲ្យមហាជនបានដឹងពីរឿងពិតនៅពីក្រោយទំនាក់ទំនងនាង និងលោក សន ពិសិដ្ឋ ហើយចង់ឲ្យតារាប្រុសរូបនេះ និងគូស្នេហ៍ថ្មីរបស់លោក ទទួលស្គាល់ការពិតពីកំហុសដែលអ្នកទាំងពីរបានប្រព្រឹត្តមកលើរូបនាង។
ជាការកត់សម្គាល់ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ តារាសម្តែងលោក សន ពិសិដ្ឋ ធ្លាប់បានអះអាងប្រាប់កោះសន្តិភាពថា រវាងលោក និងម៉ានីតា មិនមានអ្វីទាក់ទងគ្នាទៀតឡើយ ហើយនាងក៏គ្មានសិទ្ធិផ្លូវច្បាប់ណាមួយដែលអាចហាមឃាត់រូបលោកទៅទាក់ទងអ្នកថ្មីនោះឡើយ ខណៈពេលដែលលោកនឹងមិនរំលឹកឈ្មោះរបស់នាងទៀតឡើយ ក្នុងករណីដែលនាងមិនបានធ្វើអ្វីអោយប៉ះពាល់ដល់រូបលោក។ លោកសារភាពថា លោកពិតជាមានទំនាក់ទំនងស្នេហាជាមួយអ្នកក្រោយនេះពិតមែន ហើយប្រសិនបើមិនមានបញ្ហាជំងឺកូវីដ១៩ ពួកលោកទាំងពីរនឹងឈានទៅដល់ពិធីភ្ជាប់ពាក្យជាផ្លូវការរួចហើយ ព្រោះស្នេហាពួកលោកគឺត្រូវបានដឹងលឺដល់ចាស់ៗទាំងសងខាងដែរ។
គួររំលឹកទៀតថា ៖ សន ពិសិដ្ឋ ចេញមុខបកស្រាយពាក់ព័ន្ធការចោទប្រកាន់ជម្លោះស្នេហាត្រីកោណ ៕
ចែករំលែកព័តមាននេះ