ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាពាហ៍ពិពាហ៍​ ៖ ចំណងដៃ​ ឬ​ចំណង​កម្ម?

7 ឆ្នាំ មុន

ឪពុក​ម្តាយ​ជា​ច្រើន​ប្រាថ្នា​រៀបចំ​ពិធី​មង្គលការ​ធំដុំ​ សម្រាប់​កូន​របស់​គាត់ ​ដើម្បី​បង្ហាញ​ពីមុខ​មាត់​​នៅ​ក្នុង​សង្គម​ ។

ឪពុក​ម្តាយ​ជា​ច្រើន​ប្រាថ្នា​រៀបចំ​ពិធី​មង្គលការ​ធំដុំ​ សម្រាប់​កូន​របស់​គាត់ ​ដើម្បី​បង្ហាញ​ពីមុខ​មាត់​​នៅ​ក្នុង​សង្គម​ ។

នៅ​ទីក្រុង​ភ្នំពេញ គេ​ក៏​កម្រ​ឃើញ​ពិធី​មង្គលការ​មួយ​ ដែល​តូច​ដូច​ជា​ត្រឹម​១០ ​ឬ​២០​តុ​ណាស់​ ។ អ្នកខ្លះ​រៀប​ការ​រហូត​ដល់​រាប់រយ​
តុ​ក៏​មាន ​ដោយ​ខំ​ហៅភ្ញៀវ​សឹង​គ្រប់​មនុស្ស​ ដែល​ពួក​គេ​បាន​ស្គាល់​មុខ​ ។ ក្រៅពី​ហេតុផល​ទី​មួយ​​នៃ​ការ​ចង់​មានមុខមាត់​អោយ​​គេ​កោត​សរសើរ​នោះ មាន​អ្នកខ្លះ​ចាត់​ទុក​អាពាហ៍ពិពាហ៍​នេះ​ គឺជា​ការ​ប្រមូល​លុយ​សម្រាប់​កូន​ក​ម្លោះ ​និង​កូនក្រមុំ​របស់​ពួក​គេ​ទៅ​
វិញ​ ។ និន្នាការ​រៀប​មង្គលការ ​ដើម្បី​ផល​ចំណេញ​ផ្នែក​លុយកាក់​ចេះ​តែ​កើនឡើង​ពិ​សេស ​នៅ​ក្នុង​ចំណោម​មន្ត្រី​ខ្មែរ ​។

ម្ល៉ោះហើយ​ សំបុត្រ​អញ្ជើញ​អាពាហ៍ពិពាហ៍​ពេល​ខ្លះ​ មិនមែន​ជា​រឿង​ត្រូវ​ត្រេកអរ​ឡើយ​ ។ ប៉ុន្តែ​វា​ជា​ការ​ខឹងសម្បារ​ និង​ចោទសួរ​ថា​ហេតុ​អ្វី​ក៏​គ្រាន់តែ​ស្គាល់គ្នា​បន្តិចបន្តួច​ក៏​ហៅ​ការ​ដែរ? ចំណែក​អ្នកខ្លះ​ទៀត​បារម្ភ​ថា ​តើ​ត្រូវ​ចងដៃ​ការកូន​របស់​មេ​ប៉ុន្មាន​ទើបសម​?

មនុស្ស​មិន​តិច​ទេ ​ដែល​រអ៊ូរទាំ​អំពី​បញ្ហា​លិខិត​អញ្ជើញ​ការ​ ។ ចំណូល​របស់​បុគ្គលិក​រដ្ឋ​ ដែល​មាន​ត្រឹម​ខ្ទង់រយ​ដុល្លារ ប្រហែលជា​មិន​អាច​ស៊ូទ្រាំ​បាន​នឹង​ការ​អញ្ជើញ​ការ​រហូត​ដល់​១០​ក្នុង​មួយ​ខែ​ដែរ ​។ ដូច្នេះ​ អាពាហ៍ពិពាហ៍​មួយ​ដែល​សម​នឹង​ទទួល​ការ​អបអរ​ ក៏​ត្រូវ​បាន​បង្កើត​ឱ្យ​​មានការ​ខឹងសម្បារ​ខ្លះ​នៅ​ក្នុង​សង្គម ​។

នៅ​ពេល​ដែល​អាពាហ៍ពិពាហ៍​មាន​លក្ខណ​:​ដូច​ជា​មុខ​ជំនួញ​នោះ វា​ក៏​ចោទសួរ​អំពី​សីលធម៌​របស់​មនុស្ស​ដែល​ សូ​ម្បី​តែ​ពិធី​មង្គល​ការ ​ក៏​ត្រូវ​បាន​គេ​ប្រែ​ក្លាយទៅជា​ឪ​កាស​មួយ​ ដើម្បី​រក​លុយកាក់​ចំណេញ​ដោយ​កេងប្រវ័ញ្ច​ដល់​សន្តាន​ចិត្តល្អ​របស់​មនុស្ស​ដែល​គិត​ថា​ វា​ជា​ការ​មិន​សាក​សម​ឡើយ​ដែល​មិន​ចូលរួម​ពិធី​មួយ​តាម​ការ​អញ្ជើញ​។

ពិធី​មង្គលការ​មិន​គួរ​ ត្រូវ​បាន​គេ​ប្រែក្លាយ​អោយទៅ​ជា​ឱ​កាស​នៃ​ការ​រក​លុយ​ឡើយ​ ។ វា​ត្រូវ​តែ​ជា​ពិធី​មួយ ​ដើម្បី​មនុស្ស​ចូលរួម​អប​អរ​ដល់​កូន​ក​ម្លោះ​ជាមួយនឹង​បេះដូង​ដ៏​រីករាយ​មួយ​ ។ ដូច្នេះ​ ការ​អញ្ជើញ​មនុស្ស​ចូលរួម​នៅ​ក្នុង​ពិធី​មង្គលការ​គួរតែ​ត្រូវ​បាន​ពិចារ​ណា​ល្អិតល្អន់​ជាង​នេះ​ ដោយ​ធ្វើការ​អញ្ជើញ​តែ​សាច់ញាតិ​ និង​មិត្តភក្តិ​ជិត​ស្និទ្ធ​​បំផុត​ ។ សំខាន់​ជាង​នេះ គេ​មិន​ត្រូវ​យក​ពិធី​នេះ​ដើម្បី​ដាក់​ការ​គាបសង្កត់​ដល់​មនុស្ស​ក្រោម​បង្គាប់​ ដើម្បី​ចូលរួម​នោះ​ដែរ​ ៕