រាជធានីភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានឃើញផេកហ្វេសប៊ុកមួយបង្ហោះចោទប្រកាន់តារាសម្តែងវ័យក្មេង សូ ស៊ីតា ថា ជាមនុស្សបោកប្រាស់។ គេនៅមិនទាន់ដឹងទេថា ផេកហ្វេសប៊ុកដែលបានបង្ហោះខ្លឹមសារចោទប្រកាន់ សូ ស៊ីតា ជាមនុស្សបោកប្រាស់នោះ មានបំណងអ្វីឡើយ ខណៈពេលសាម៉ីខ្លួនបានចេញមុខបដិសេធ។
តារាសម្តែងនាង សូ ស៊ីតា បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា រហូតមកទល់ពេលនេះ នាងមិនដឹងថា ផេកហ្វេសប៊ុកដែលបានបង្ហោះមូលបង្កាច់នាងខាងលើនេះ មានប្រភពចេញមកពីណានោះឡើយ ប៉ុន្តែនាងជឿថា ផេកហ្វេសប៊ុកនោះ គឺជាហ្វេសប៊ុកក្លែងក្លាយប៉ុណ្ណោះ។
នាងបញ្ជាក់ថា អ្វីដែលហ្វេសប៊ុកខាងលើ បានបង្ហោះនោះ គឺគ្រាន់តែជាចេតនាមូលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះប៉ុណ្ណោះអោយបងប្អូន និងមហាជនមានការយល់ច្រឡំប៉ុណ្ណោះ។ នាងថា ធាតុពិតនាងមិនដែលបានបោកប្រាស់អ្នកណាម្នាក់ឡើយ ពោលគឺនាងរកស៊ីតាមកម្លាំង និងសមត្ថភាពដែលនាងមានប៉ុណ្ណោះ។
យ៉ាងណា សូ ស៊ីតា បានស្នើសុំអោយមហាជនកុំមានការភាន់ច្រឡំអំពីរឿងនេះ ត្បិតអ្វីដែលគេបានបង្ហោះនេះ គឺជាចេតនាបង្ខូចកេរ្តិ៍ឈ្មោះនាងតែប៉ុណ្ណោះ។
ជាការកត់សម្គាល់ គណនេយ្យហ្វេសប៊ុកដែលបានដាក់ឈ្មោះថា «កូនខ្មែរ ចិត្តល្អ» បានបង្ហោះសារដោយភ្ជាប់ជាមួយនឹងរូបថតតារាសម្តែង សូ ស៊ីតា ថា តារារូបនេះចូលចិត្តសម្តែងធ្វើជាមនុស្សថ្លៃថ្នូរ ត្រឹមត្រូវ សីលធម៌ខ្ពស់ ហើយមានអ្នកស្រឡាញ់រាប់អានច្រើន តែតាមពិតទៅគាត់ជាជនបោកប្រាស់ អ្នកស្គាល់គាត់ច្បាស់បានដឹងចរិតហ្ស៊ីនគាត់ សូមបងប្អូនប្រយ័ត្នម្នាក់នេះផង៕











ចែករំលែកព័តមាននេះ