ក្នុងទីក្រុងដ៏គ្រោះថ្នាក់ដូច Fallujah ឃ្លាតពីរដ្ឋធានីបាដាដរបស់អីុរ៉ាក់ ប្រមាណ៦៥គីឡូម៉ែត្រ សាឡែម (Salem) អាយុ៣៥ឆ្នាំ ធ្វើការចិញ្ចឹមមនុស្សក្នុងគ្រួសារទាំងមូល ។ ពេលពួក ISIS វាយកាន់កាប់បានក្រុង Fallujah សាឡែម ប្រកបរបរកាត់សក់ ហើយព្រោះតែរបរកាត់សក់នេះធ្វើឱ្យរូបគេត្រូវពួក ISIS ធ្វើទារុណកម្មវាយ៨០រំពាត់បែកឈាមពេញខ្លួន ។ ពួក ISISស្អប់ណាស់ អ្នកប្រកបរបរកាត់សក់ ដោយពួក ISISនិយាយថា គ្មានប្រុសណាមានសិទ្ធិកាត់សក់ និងកោរពុកមាត់ដាច់ខាត ។
កាត់សក់ និងកោរពុកមាត់ជារបៀបរបបរបស់ពួកបស្ចិមប្រទេស មិនមែនរបៀបរបបសម្រាប់ជនមូស្ល៊ីមទេ ។ ពេលពួក ISIS កាន់កាប់បានក្រុង Fallujah ការងារដំបូងបំផុតរបស់ពួកគេ គឺបិទទ្វារផ្ទះណាមានលើកស្លាកកាត់សក់ និងចាប់ជាងកាត់សកក់វាយ៨០រំពាត់គ្រប់គ្នា លើកលែងតែកន្លែងកាត់សក់សាឡែមអត់ត្រូវពួកគេបញ្ជាឱ្យបិទទ្វារទេ ព្រោះអត់មានលើកស្លាកកាត់សក់ដូចគេ ។ ប៉ុន្ដែទោះបីកន្លែងកាត់សក់របស់សាឡែមអត់ត្រូវបិទទ្វារក៏ដោយ ក៏របរកាត់សក់លែងកាក់កបទៀតហើយ ធ្វើឱ្យសាឡែនទៅលក់បន្លែនៅផ្សារ ដើម្បីចិញ្ចឹមគ្រួសារ យូរៗទើបភ្ញៀវកាត់សក់បានម្ដង ចំពោះមិត្តភក្ដិធ្លាប់ស្គាល់គ្នា និងជុំវិញខ្លួនអត់ឃើញពួក ISIS នៅក្បែរ ។
សាឡែមរស់ដូច្នេះរហូតដល់ថ្ងៃក្មួយប្រុសរៀបការ ស្រាប់តែជួបគ្រោះថ្នាក់ទៀត ។ សាឡែមនិយាយទាំងដកដង្ហើបវែង «ក្មួយប្រុសខ្ញុំដល់ថ្ងៃការប្រពន្ធ ក៏មករកខ្ញុំ សុំខ្ញុំកាត់សក់ឱ្យគេ ។ ក្មួយនេះមិនត្រឹមតែចង់កាត់សក់ប៉ុណ្ណោះទេ វាទទូចសុំខ្ញុំឱ្យកោរពុកមាត់ឱ្យទៀត សុទ្ធតែរឿងត្រូវរំពាត់បែកសាច់» ។
សាឡែមពេលនេះភ័យស្លុតវិះទន់ជង្គង់ ព្រោះធ្លាប់ស្គាល់រសជាតិត្រូវវាយ៨០រំពាត់ម្ដងហើយ ។ ប៉ុន្ដែក្មួយប្រុសរបស់នៅតែទទូចហើយទទូចទៀត ថែមទាំងនិយាយថា ពេលល្ងាចដូច្នេះអត់មានពួក ISIS ធ្វើដំណើរទេ ។ ដោយសារអាណិតក្មួយប្រុសពេក ទីបំផុតសាឡែមបង្ខំចិត្តកាត់សក់ និងកោរពុកមាត់ឱ្យក្មួយប្រុស ។ ដឹងអីសកម្មភាពរបស់ពួកគេ ត្រូវពួក ISIS លបមើលឃើញ ព្រោះពួកនោះចាត់កម្លាំងសម្ងាត់ចាំឃ្លាំមើលសកម្មភាពរបស់អ្នកដែលជាអតីតជាងកាត់សក់ទាំងអស់ ។ ហេតុនេះបន្ទាប់ពីក្មួយប្រុសរៀបការរួច សាឡែមត្រូវបានចាប់ខ្លួនយកទៅវាយ៨០រំពាត់តាមទីសាធារណៈទៀត ។ សាឡែមទ្រាំនឹងការឈឺចាប់មិនរួច ក៏ដួលសន្លប់ក្រាបលើដី ពេលទើបតែត្រូវវាយបាន៥០រំពាត់ ហើយកន្លែងកាត់សក់នោះ ក៏ត្រូវគេហាមលែងឱ្យទៅក្បែរ ។
នៅមានទារុណកម្ម ផ្សេងៗជាច្រើនទៀត ដែលសាឡែមមិនហ៊ាននិយាយចេញ ដូចយ៉ាងធ្វើដំណើរចេញពីផ្ទះ ដោយគ្មានមនុស្សប្រុសជាសាច់ញាតិដើរជាមួួយនោះ ពួក ISIS ចាប់ស្ដ្រីនោះនាំត្រឡប់ទៅផ្ទះវិញ ហើយចាប់ប្ដីរបស់នាងវាយ៨០រំពាត់នៅចំពោះនាងភ្លាម ។
ទោសផឹកស្រា ត្រូវវាយ៨០រំពាត់ ។ ចំណែកទោសលួចត្រូវកាត់ម្រាមដៃចោរ ។ ទោសប្លន់ត្រូវបោះដែកគោលបាតដៃ បាតជើងលើឈើឆ្កាង រហូតដល់ស្លាប់ ។ ទោសប្រមាថព្យាការីម៉ូហាម៉ាត់ត្រូវប្រហារជីវិត ។ បោះបង់សាសនាអ៊ិស្លាម ត្រូវប្រហារជីវិត ។ អ្នកស្រលាញ់ភេទដូចគ្នា ត្រូវប្រហារជីវិតទាំងពីរនាក់ ។ ការធ្វើទារុណកម្មវាយ៨០រំពាត់កើតមានស្ទើររាល់ថ្ងៃ ។ ការប្រហារជីវិតក៏មានញឹកញាប់ ។ ដូចយ៉ាងកាលពួក ISIS កាន់កាប់បានក្រុងម៉ូស៊ូលរបស់អីុរ៉ាក កាលពីឆ្នាំ២០១៤ នៅតាមទីលាន ឬជួនកាលកណ្ដាលផ្លូវថ្នល់តែម្ដង ត្រូវពួកគេប្រើប្រាស់ជាកន្លែងប្រហារជីវិតមនុស្ស ដើម្បីឱ្យមហាជនបានឃើញផ្ទាល់ភ្នែក ៕
ចែករំលែកព័តមាននេះ