ចូលឆ្នាំថ្មីនេះ យើងភាគច្រើននឹងដើរលេងឆ្ងាយ ហើយខោអាវរបស់យើងនឹងប្រឡាក់។
ខាងក្រោមនេះ គឺជាគន្លឹះងាយៗក្នុងការជួយអ្នកបោកសម្លៀកបំពាក់ឱ្យបានស្អាតល្អ ដោយមិនចាំបាច់ចំណាយកម្លាំង និងថវិកា អស់ច្រើន ៖
១-ជាដំបូង អ្នកគួរតែចាក់ទឹកខ្មេះកន្លះពែងទៅលើសម្លៀកបំពាក់ ដែលបានត្រាំទុក ។ អ្នកគួរតែសាកល្បងនូវវិធីនេះ ពីព្រោះការធ្វើ ដូច្នេះ គឺអាចជួយបង្កើនល្បឿននៃការសម្អាតដោយប្រើម្សៅសាប៊ូធម្មតា និងជួយការពារការស្លកពណ៌ ក៏ដូចជាកាត់បន្ថយការកក នូវម្សៅសាប៊ូជាប់នឹងសម្លៀកបំពាក់ បន្ទាប់ពីហាលស្ងួត ។
២-ឬអ្នកអាចសាកល្បងចាក់ទឹកខ្មេះបន្តិចទៅក្នុងផ្នែកនៃកន្លែងលាយម្សៅសាប៊ូ ក្នុងម៉ាស៊ីន បោកខោ អាវជំនួសឱ្យការដាក់ទឹកក្រអូប ។ សម្គាល់ ការធ្វើដូចនេះ អ្នកនឹងឃើញថា វាមានប្រសិទ្ធភាព ដូចជាទឹកបន្ទន់ក្រអូបដែរ តែវាកាន់តែធ្វើឲ្យសម្លៀកបំពាក់ ទន់ល្មើយថែមទៀត ហើយនឹងមិនបង្កឲ្យមានផលប៉ះពាល់ដល់ បរិស្ថានទៀតផង ។
៣-ជាតិអាស៊ីត ក៏អាចជួយយកចេញនូវញើស និងស្នាមក្លិនមិនល្អ ដែលជាប់នៅលើសម្លៀកបំពាក់ពណ៌.ស ។
៤-យើងគ្រប់គ្នា សុទ្ធតែដឹងហើយថា ពេលខ្លះសារជាតិសាប៊ូ និងទឹកថ្នាំបោកសម្អាតសម្លៀកបំពាក់មួយចំនួន សុទ្ធតែមានផ្ទុកនូវ សារជាតិ ដែលអាចធ្វើឱ្យស្បែកអាចមានប្រតិកម្មអាលែហ្សីចំពោះស្បែកអ្នកដែលងាយរងគ្រោះនឹងបញ្ហានេះ ។ ដូច្នេះ ការប្រើ ទឹកខ្មេះជាវិធីធម្មជាតិ ក្នុងការសម្អាត គឺអាចដោះស្រាយនូវបញ្ហានេះបាន ។
៥-ទឹកខ្មេះ ក៏អាចជួយកំចាត់ ក្លិនមិនល្អ ដែលជាប់នៅលើសំលៀកបំពាក់ ដូចជាក្លិនបារី ឬក្លិនផ្សែង នៅពេលដែល អ្នកទៅ ទទួលទានអាហារប្រភេទសាច់អាំងជាដើម ។
៦-អ្នកអាចបោកសម្លៀកបំពាក់ ដែលជាប់ស្នាមប្រឡាក់ខ្លាំង ដោយដាក់វាត្រាំនៅក្នុងទឹកក្តៅ ជាមួយនឹងទឹកខ្មេះកន្លះពែង ។ បន្ទាប់ មកអ្នកគួរត្រាំវាទុកចោលមួយយប់ ហើយបោកសម្អាតវាដូចធម្មតា ។ អ្នកនឹងសម្គាល់ឃើញនូវភាពខុសប្លែក បន្ទាប់ពីបោក សម្អាតរួច ។
អ្នកក៏អាចប្រើទឹកខ្មេះនេះ ទៅសម្អាត និងដុសខាត់ជាតិកខ្វក់ ដែលជាប់មាននៅក្នុងម៉ាស៊ីនបោកខោអាវបានផងដែរ ដោយមិន ចាំបាច់ប្រើសារជាតិគីមីអ្វីផ្សេងទៀត ៕
ចែករំលែកព័តមាននេះ