រាជធានីភ្នំពេញ ៖ តារារះថ្មី លី សៀវម៉ី ពេញចិត្តសម្តែងជាតួរាយរង ដើម្បីបង្កើនបទពិសោធន៍សិល្បៈ ផ្ទុយពីតារារះថ្មីជាច្រើនដួងទៀត កញ្ញាមុខស្រស់បែបខ្មែរ លី សៀវម៉ី ទើបរះក្នុងសិល្បៈមិនចង់បានតំណែងជាតួឯកខ្លាំងក្លាដូចតារាផ្សេងៗទេ។ ការប្រកាន់ជំហរបែបនេះ ក៏ព្រោះតែនាងទើបតែប្រឡូកសិល្បៈ ហើយមិនចង់គិតគូររឿងតួឯកសំខាន់ក្រៅពីទទួលបានការងារសិល្បៈឲ្យសម្បូរបែបជាងមុន។

កញ្ញា លី សៀវម៉ី ដ្បិតតែនាងជាតារាពន្លកថ្មីក៏ពិតមែន ប៉ុន្ដែគេសង្កេតឃើញថា ទេពកោសល្យសិល្បៈរបស់នាងពិតជាមិនអន់នោះទេ។ នៅក្នុងឱកាសថតចម្រៀង និងមានការរាំលេងកម្សាន្ដដែលរៀបចំដោយសមាគមទូរទស្សន៍សម្រាប់ចាក់បញ្ចាំងក្នុងថ្ងៃចូលឆ្នាំខ្មែរនោះ គេឃើញនាងប្រឹងបង្ហាញសមត្ថភាពរាំកាច់រាងពត់ពេន មិនចាញ់តារារៀមច្បងមួយចំនួនឡើយ។ ប្រសិនបើម្ចាស់ផលិតកម្មណាបានឃើញច្បាស់ជាចិញ្ចឹមចិត្ដចង់បាននាងធ្វើជាតារាសម្ដែងប្រចាំផលិតកម្មរបស់គេជាមិនខាន។
គ្រាន់តែក្រឡេកមើលទៅលើទម្រង់មុខ និងរាងរៅរបស់កញ្ញា លី សៀវម៉ី មានអ្នកសិល្បៈមួយចំនួនបានលើកឡើងថា ប្រសិនបើនាងខំប្រឹងតែបន្ដិចទៀត នាងនឹងមានឱកាសចាប់បានតំណែងតួឯកជាក់ជាមិនខាន ព្រោះមួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ស្ទើរតែគ្រប់បណ្ដាផលិតកម្មបានចាប់ផ្ដើមងាកមកចាប់យកតារាសម្ដែងថ្មីៗដែលមានទេពកោសល្យ និងមានការប្រឹងប្រែងជាជាងចាប់យកតារាសម្ដែងជើងចាស់។

កញ្ញា លី សៀវម៉ី មានស្រុកកំណើតនៅខេត្ដកោះកុង នាងពោលថា នាងស្រឡាញ់សិល្បៈតាំងពីក្មេង គ្រាន់តែពេលនោះនាងគ្មានឱកាស។ ស្របពេលដែលនាងបានចាកចេញពីស្រុកកំណើតមកធ្វើការងារក្នុងក្រុមហ៊ុននៅភ្នំពេញ នាងក៏សម្រេចចិត្ដបោះជំហ៊ានចូលសិល្បៈតែម្ដង។ នាងបន្ថែមថា មុនពេលប្រឡូកចូលសិល្បៈនាងមិនបានទៅហាត់រៀនផ្នែកខាងសម្ដែងនៅទីណាឡើយ ក្រៅពីទេពកោសល្យពីធម្មជាតិរបស់នាង ។
កញ្ញា លី សៀវម៉ី បញ្ជាក់ទៀតថា នាងស្រឡាញ់សិល្បៈខ្លាំងតាំងពីក្មេង ដូច្នេះបើទោះជាផលិតកម្មណាដាក់ឲ្យនាងសម្ដែងជាតួរាយរងក៏នាងយល់ព្រមទទួលយកការសម្ដែងទាំងសប្បាយចិត្ដដែរ ដោយនាងលើកឡើងថា «ខ្ញុំចង់បង្កើនបទពិសោធន៍ឱ្យបានច្រើនជាមុន នឹងឈានទៅសម្ដែងតួធំដុំ មនុស្សយើងធ្វើអ្វីក៏ត្រូវផ្ដើមពីតិចទៅច្រើនដែរ»។ ដ្បិតែស្ដាប់សម្ដីតារាសម្ដែងរូបនេះ ដូចជានាងដាក់ខ្លួនក៏ដោយ ក៏នាងមានក្ដីប្រាថ្នាថា ថ្ងៃណាមួយនាងនឹងប្រឹងប្រែងដោយពិតជាទទួលបានតំណែងតួឯក។ តារាស្រគត់ស្រគំរូបនេះបញ្ជាក់ទៀតថា សិល្បៈប្រសិនបើនាងបានសម្តែងភាពយន្ត នាងពិតជាចង់ថតបែបកម្សត់បង្ហូរទឹកភ្នែកដែលនាងជាមនុស្សចូលចិត្តភាពស្ងប់ស្ងាត់ អណ្តែតអណ្តូង មិនសូវជារញ៉េរញ៉ៃ។ ប្រសិនបើគេឲ្យដើរតួយំ ពិតជាយំលឿន ដោយនាងឧស្សាហ៍ហាត់រៀនមើលតាមកញ្ចក់ដាក់អារម្មណ៍នៅពេលសម្តែងបែបទួញយំ។ ក្រៅពីនេះ បើនិយាយពីតារារៀមច្បងដែលនាងគិតថា មើលស្ទីលសម្តែងតាម គឺដូចជាបងស្រី នី មុនីនាថ ដែលនាងលួចមើលពីរបៀបយំ និងការសម្តែងពេលគាត់បង្ហាញស្នាដៃភាពយន្តថ្មីៗម្តង គឺចូលចិត្តលេងស្ទីលសម្តែងតាមគាត។ ទោះបីជានាងមានទឹកចិត្តស្រឡាញ់សិល្បៈ ប៉ុន្តែការសម្តែងសិល្បៈនេះពោរពេញដោយភាពតស៊ូយូរឆ្នាំណាស់ទំរាំបានល្បីឈ្មោះ ហើយនាងមិនអស់សង្ឃឹមឡើយ ដោយរំពឹងថា ពេលណាមួយទស្សនិកជន និងស្គាល់ច្បាស់ពីស្នាដៃទេពកោសល្យនាងដូចតារារៀមច្បងមុនៗជាក់ជាមិនខាន៕
ចែករំលែកព័តមាននេះ