ខេត្តមណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ផ្នូរសពលោក កែវ ឡាយ អតីតទាហានខ្មែរក្រហម និងក្រោយធ្វើសមាហរណកម្មឆ្នាំ១៩៩៨ បានត្រូវក្រសួងការពារជាតិតែងតាំងជានាយសេនាធិការចម្រុះប្រចាំខេត្តមណ្ឌលគិរី បានត្រូវអតីតកូនទាហាននិងប្រជាពលរដ្ឋជាច្រើន ដឹកនាំដោយមេបញ្ជាការសឹករងប្រចាំស្រុកកែវសីមាម្នាក់ ធ្វើការគាស់យកមកធ្វើបុណ្យដើម្បីរំលឹកគុណលោកដែលបានជីកស្រះទឹកទំហំ ៣,៥០ហិកតា ជូនអ្នកភូមិអំឡុងឆ្នាំ១៩៩៩-២០០០ ស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា និងត្រូវប្រជាពលរដ្ឋប្រើប្រាស់មកទល់នឹងសព្វថ្ងៃនេះ ។
សេចក្តីរាយការណ៍បានបញ្ជាក់ថា ផ្នូរសពលោក កែវ ឡាយ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវគេកប់នៅជាប់នឹងមាត់ស្រះទឹកដែលលោកដឹកនាំជីកនិងបច្ចុប្បន្នក្លាយជាទីតាំងទឹកស្អាតសម្រាប់ប្រជាពលរដ្ឋជាច្រើនគ្រួសារប្រើប្រាស់នៅក្នុងស្រុកកែវសីមា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ហើយត្រូវបានអតីតកូនទាហានរបស់គាត់ស្គាល់ទីតាំង ក៍ប្រាប់អ្នកភូមិនិងអាជ្ញាធរគាស់នៅវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៣១ មីនា ដើម្បីធ្វើបុណ្យរំលឹកគុណជូនគាត់ ។
ប្រភពបន្តទៀតថា នៅរសៀលថ្ងៃព្រហស្បតិ៍ដដែល ប្រជាពលរដ្ឋជាច្រើនរយនាក់ និងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីនឹងជួបជុំគ្នាធ្វើបុណ្យនៅក្នុងភូមិសាស្ត្រខាងលើ ៕
ចែករំលែកព័តមាននេះ