ខេត្តបាត់ដំបង ៖ បុរសម្នាក់ជាប់ចោទពីបទប្លន់ប្រដាប់អាវុធកាលពី១៤ឆ្នាំមុន ត្រូវសមត្ថកិច្ចខេត្តបាត់ដំបង បានធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី៣១ មីនា នេះ ខណៈដែលសំងំធ្វើចម្ការនៅភូមិសួរស្ដី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
យោងតាមដីកាស្វែងរកចាប់ខ្លួនរបស់តុលាការខេត្តបាត់ដំបង ចុះហត្ថលេខាដោយលោកនិល ណុន ប្រធានតុលាការខេត្ត ចេញនៅឆ្នាំ២០០៤កន្លងទៅ ជនសង្ស័យឈ្មោះទឹម ភុន ហៅប៉ូច អាយុ២៩ឆ្នាំ រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ។ ជននេះ ត្រូវបានចោទប្រកាន់ពីបទប្លន់ប្រដាប់អាវុធ ដែលប្រព្រិត្តកាលពីយប់ថ្ងៃទី៣១ មីនា ២០០២ ស្ថិតនៅចំណុចអូរតាឃ្នូច ក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ។
តុលាការបានបើកសវនាការជំនុំជម្រះកំបាំងមុខ ដើម្បីផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន៨ឆ្នាំ តែជននេះ បានរត់គេចទៅសំងំលាក់ខ្លួននៅខេត្តប៉ៃលិន រហូតមកដល់ពេលនេះ ទើបត្រូវចាប់ខ្លួន។ សមត្ថកិច្ចស្នងការខេត្តបានបញ្ជូនជនឈ្មោះទឹម ភុន ហៅប៉ូច នេះទៅប្រគល់ឱ្យតុលាការហើយ ។
ចែករំលែកព័តមាននេះ