ខេត្តសៀមរាប ៖ អាជ្ញាធរជាតិអប្សរា សហការជាមួយប្រជាពលរដ្ឋនៅឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ចាប់ផ្តើមត្រួសត្រាយកូនឈើ ដើម្បីជួសជុលទំនប់ថ្នល់ដាច់ សម្រាប់ទប់ទឹកជូនប្រជាពលរដ្ឋប្រើប្រាស់ប្រចាំថ្ងៃ ។ ការសម្រេចជួសជុលនេះ គឺយោងតាមសំណើសុំរបស់ប្រជាពលរដ្ឋ ដែលស្នើសុំមកអាជ្ញាធរជាតិអប្សរា កាលពីចុងឆ្នាំ២០១៥កន្លងទៅ ។ ហើយការជួសជុលនេះ គ្រោងនឹងចំណាយពេលប្រហែលជា១ខែ ទើបរួចរាល់ ។
លោកហង់ ពៅ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានគ្រប់គ្រងទឹកបានបញ្ជាក់នៅថ្ងៃទី២៩ មីនា នេះថា ប្រជាពលរដ្ឋបានស្នើមកអាជ្ញាធរជាតិអប្សរាឱ្យជួយជួសជុលទំនប់ទឹកបុរាណនេះឡើងវិញ ដោយពួកគាត់យល់ថា អាជ្ញាធរជាតិអប្សរាមានក្រុមជំនាញ ដែលធ្លាប់ធ្វើការស្តារ និងជួសជុលប្រព័ន្ធទឹកបុរាណជាច្រើន ក្នុងតំបន់រមណីយដ្ឋានអង្គរ ។
ពេលនេះ ត្រូវក្រុមការងារសម្រេចជួសជុលហើយ ដោយកម្លាំងប្រជាពលរដ្ឋជាច្រើនបានចូលរួម ហើយយើងបញ្ជូនអ្នកបច្ចេកទេសទៅប្រចាំការនៅលើភ្នំផ្ទាល់តែម្តង ។ ការងារនេះ ក៏បានការចូលរួមដែរ ពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សហគមន៍ និងបេតិកភណ្ឌអង្គររបស់អាជ្ញាធរជាតិអប្សរា ហៅកាត់ថា ACHA និងមូលនិធិបុរាណវិទ្យា សម្រាប់ការអភិវឌ្ឍ (ADF) ។
នេះគឺជាទស្សនវិស័យរបស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ ចំពោះតម្រូវការនានារបស់សហគមន៍ប្រជាពលរដ្ឋ ជាពិសេស គឺការលើកកម្ពស់សុខុមាលភាព និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ ។
ចែករំលែកព័តមាននេះ