រាជធានីភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានប្រគល់ជូនលោកជំទាវភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នូវព្រះសិរចំនួនពីរ ដើម្បីរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា ជាសម្បត្តិបេតិកភណ្ឌជាតិ វេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ មីនា ២០១៦ នៅសារមន្ទីរជាតិកម្ពុជា។ ពិធីនោះមានវត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប ។
តាមគំនិតផ្តួចផ្តើមរបស់លោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង រូបព្រះសិរ្សនេះត្រូវបានបញ្ជូនពីនិវេសនដ្ឋាននៃស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសបារាំង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួចបន្តដឹកជញ្ជូនមកដល់សារមន្ទីរជាតិកម្ពុជា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ដោយសុវត្ថិភាព ។
រូបព្រះសិរទាំងពីរនេះធ្វើពីថ្មភក់ នៅសតវត្សទី១០ ស្ថិតក្នុងរចនាបថកោះកេរ្តិ៍ ដែលមានកម្ពស់ ប្រហាក់ប្រហែលគ្នា និងទំហំទទឹងខុសគ្នា គឺព្រះសិរ្សទី១ មានទំហំ ៤៧×៧៥×១១២ សង្ទីម៉ែត្រ និងព្រះសិរ្សទី២ មានទំហំ ៥២×៤៧×១១០សង្ទីម៉ែត្រ ។ ព្រះសិរទាំងពីរនេះត្រូវជនខិលខូចលួចចេញពីប្រាសាទណាមួយនៃក្រុមប្រាសាទកោះកេរ្តិ៍ ក្នុងអំឡុងពេលដែលកម្ពុជាកើតមានសង្គ្រាមស៊ីវិលនាទសវត្សឆ្នាំ១៩៧០ ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ដែលបានខិតខំទាមទារយកមកវិញនូវវត្ថុបុរាណខ្មែរទាំងពីរនេះ និងបានប្រគល់ជូនមកសារមន្ទីរជាតិកម្ពុជា ដែលផ្តល់ឱកាសសម្រាប់ការជួបជុំគ្នាវិញនៃរូបបដិមា ផ្សេងៗ មកពីរមណីយដ្ឋានប្រវត្តិសាស្ត្រកោះកេរ្តិ៍។ លោកជំទាវបានបន្ថែមទៀតថា «ការប្រគល់វត្ថុបុរាណនេះ គឺបង្ហាញនូវការស្រឡាញ់ និងការចូលរួមថែរក្សាចំពោះតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ។ ការប្រគល់នេះ ក៏ឆ្លុះបញ្ចាំងពីអំពើចោរកម្មយ៉ាងធ្ងន់មកលើវត្ថុបុរាណខ្មែរ ដែលបានកើតឡើងនៅប្រទេសយើងកាលពីសម័យអតីតកាល ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទាមទារត្រឡប់មកវិញនូវរូបបដិមាដែលជាផ្នែកមួយនៃដួងព្រលឹងជាតិ ដែលត្រូវបានយកចេញពីប្រទេសកម្ពុជាដោយខុសច្បាប់» ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បញ្ជាក់ថា ក្នុងពេលលោកធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង មានមិត្តភក្តិបានជម្រាបថា ប្រទះឃើញព្រះសិរចំនួនពីរដាក់តាំងលក់ក្នុងតម្លៃ១លានដុល្លារអាមេរិក នៅទីកន្លែងមួយនៃក្រុងប៉ារីស ។ លោកបានស្រាវជ្រាវ ហើយដឹងថា ព្រះសិរ្សទាំងពីរនោះ គឺជាវត្ថុបុរាណខ្មែរពិត ហើយលោកឧបនាយករដ្ឋមន្ត្រីបានប្តឹងទៅនគរបាលប្រឆាំងការជួញដូរវត្ថុបុរាណរបស់បារាំង។ នគរបាលបារាំងប្រឆាំងការជួញដូរវត្ថុបុរាណ បានស៊ើបអង្កេតអំពីការលក់ព្រះសិរ្សនោះ ហើយបានសម្រេចបញ្ជូនឯកសារ និងវត្ថុបុរាណទាំងពីរនោះទៅកាន់តុលាការបារាំងដើម្បីធ្វើការវិនិច្ឆ័យ ។
ជាភ័ព្វសំណាងល្អ តុលាការបារាំងដែលទទួលក្តីនេះ គឺលោកស្រី Pelligrini ដែលជាអតីតមន្ត្រីក្រសួងការបរទេសបារាំង ហើយជាសមាជិកមួយរូបរបស់គណៈប្រតិភូបារាំង ពេលបារាំងធ្វើជាសហប្រធានក្នុងកិច្ចចរចារស្វែងរកដំណោះស្រាយសន្តិភាពចំពោះបញ្ហាកម្ពុជា ពីឆ្នាំ១៩៨៧-១៩៩៣ ។ ដោយពេលនោះ លោកឧបនាយករដ្ឋមន្ត្រីក៏ជាសមាជិកមួយរូបរបស់គណៈប្រតិភូ «រដ្ឋកម្ពុជា» ក្នុងដំណើរការចរចានេះ ។ លោកក៏បានស្គាល់លោកស្រី Pelligrini យ៉ាងច្បាស់ ហើយជាមិត្តភក្តិនឹងគ្នា ។ លោកហោ ណាំហុង បានជួបស្នើសុំឲ្យលោកស្រីជួយក្នុងរឿងក្តីនេះ ហើយលោកស្រីក៏បានកាត់ឲ្យប្រគល់វត្ថុបុរាណទាំងពីរនោះមកកម្ពុជាវិញក្នុងឆ្នាំ១៩៩៤ ។ លោកហោ ណាំហុង បានទទួលយកបដិមាទាំងពីរនោះមករក្សាទុកនៅនិវេសនដ្ឋានឯកអគ្គរាជទូត នៅទីក្រុងប៉ារីស រហូតមកដល់ពេលបញ្ជូនត្រឡប់មកកម្ពុជាវិញ ។
នគរបាលប្រឆាំងការជួញដូរវត្ថុបុរាណរបស់បារាំង បានស៊ើបអង្កេតអំពីការលក់ព្រះសិរ្សនេះនៅប្រទេសថៃ តាមឈ្មោះ និងអាសយដ្ឋាន ដែលអ្នកទិញជនជាតិបារាំងបានផ្តល់ឲ្យ។ ក្រោយការស៊ើបអង្កេត នគរបាលបារាំងបានរាយការណ៍ទៅលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថា នគរបាលថៃ និងអ្នកលក់ជនជាតិថៃ មិនសហការក្នុងការស៊ើបអង្កេតនេះឡើយ ដោយឆ្លើយយ៉ាងខ្លីថាទិញបន្តពីគេ ។
តាមអ្នកជំនាញសារមន្ទីរជាតិកម្ពុជា បានឲ្យដឹងថា «ក្រោយពីបានសិក្សា និងពិនិត្យលើព្រះសិរ្សទាំងពីរនេះ បង្ហាញថាមានប្រភពមកពីបដិមាដើមតែមួយអង្គ ពោលគឺព្រះបដិមាព្រះព្រហ្មដ៏ធំមួយ ដែលប្រហែលយកចេញមកពីប្រាសាទណាមួយនៃក្រុមប្រាសាទកោះកេរ្តិ៍ ដែលបានកសាងនៅក្នុងសតវត្សទី១០ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ (៩២១-៩៤១ គ.ស) ដែលបានបន្សល់ទុកនូវស្នាព្រះហស្តផ្នែកសំណង់ប្រាសាទដ៏ស្កឹមស្កៃ និងបដិមា ធំៗផ្នែកព្រហ្មញ្ញសាសនា ។ តាមរយៈការផ្គុំសាកល្បងនូវព្រះសិរទាំងពីរនេះ ឃើញថាមានទំហំធំ ក៏កើតមានសំណួរថាតើមានប្រាសាទណាមួយសម្រាប់តម្កល់ទេពនេះ ? ដូច្នេះវាគឺជាកិច្ចការបន្ទាប់ដែលក្រុមការងារជំនាញរបស់សារមន្ទីរត្រូវធ្វើ» ។
ដោយលោកឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ជាអ្នកមានទឹកចិត្តស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះវត្ថុបុរាណខ្មែរ នៅក្នុងពេលនោះ លោកក៏បានតវ៉ាជាមួយរដ្ឋាភិបាលប្រទេសហូឡង់ ទាមទារបានវត្ថុបុរាណចំនួនពីរផ្សេងទៀត ដែលជាចម្លាក់ទេពអប្សរនៅតាមជញ្ជាំងប្រាសាទ ក្នុងរចនាបថបាយ័ន នាចុងសតវត្សទី១២និងដើមទី១៣ នៃគ.ស ដែលបច្ចុប្បន្នត្រូវបានរក្សាទុកនៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង ៕
ចែករំលែកព័តមាននេះ