មណ្ឌលគិរី ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងជំហានដំបូងនៅប៉ុន្មាននាទីមុននេះថា នៅវេលាម៉ោង៧និង១០នាទីព្រឹកថ្ងៃទី៣១ មីនានេះ កងកម្លំាងអភិរក្សជីវៈចម្រុះសីមា ដឹកនំាដោយលោក មាគ វុទ្ឋី បានឃាត់ចាប់រថយន្តដឹកឈើមួយគ្រឿងនៅចំណុចភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ។
សេចក្តីរាយការណ៍បានបន្តថា រថយន្តកាមរីគូថស្វិតដែលផ្ទុកឈើបេងពេញនេះដឹកចេញពីស្រុកអូររំាង និងជាកម្មសិទ្ឋិរបស់ស្រ្តីម្នាក់ឈ្មោះហៅក្រៅ ”ម៉ែមីស៊ីល” ចំណែកកូនប្រុសជាអ្នកបើកបរបានរត់គេចខ្លួនបាត់ ។
ជាការកត់សម្គាល់ បទល្មើសព្រៃឈើនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីក៍ដូចជានៅតាមបណ្តាខេត្តមួយចំនួនទៀតនៅភាគខាងជើងនិងឦសានប្រទេសកម្ពុជាបានស្ងប់ស្ងាត់មួយរយៈខ្លី ក្រោយពេលសម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជា ពិសេសបានបង្កើតគណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើដែលមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានបានចេញប្រតិបត្តិការត្រួតពិនិត្យនៅតាមក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួនដែលទទួលបានសិទ្ឋិពីរាជរដ្ឋាភិបាលក្នុងការវិនិយោគលើដំណំាកៅស៊ូ ឬវិនិយោគផ្សេងៗទៀត តែបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើរាប់សិបហិកតា និងស្តុកទុកឈើរាប់ពាន់ម៉ែត្រគូបទាំងមានច្បាប់ និងមិនស្របច្បាប់ដើម្បីនំាចេញទៅកាន់ប្រទេសជិតខាងនោះរួចមក ។
សេចក្តីរាយការណ៍បានបន្តថា នៅពេលនេះ ក្រោយគណៈកម្មការជាតិទប់ស្កាត់និងបង្រ្កាបបទល្មើសព្រៃឈើពុំឃើញមានសកម្មភាព បទល្មើសព្រៃឈើបានផ្តើមឡើងសារជាថ្មីទៀតហើយនៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីនិងខេត្តជាប់ខាងនេះ ប៉ុន្តែគ្រាន់តែសកម្មភាពនៅទ្រង់ទ្រាយតូចនៅឡើយ។
ក្រុមអ្នកតាមដានស្ថានការណ៍សង្គមក៍ដូចជាប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា សកម្មភាពរបស់សមត្ថកិច្ចជំនាញពាក់ព័ន្ឋនៅកម្ពុជា គឺទាល់សម្តេចតេជោនាយករដ្ឋមន្រ្តីស្រែកបញ្ជា ឬផ្តល់អនុសាសន៍ទើបហើបគូថស្ទុះស្ទាបង្រ្កាបនិងទប់ស្កាត់បទល្មើសផ្សេងៗ ហើយសកម្មភាពនោះទៀតសោតគឺធ្វើតែមួយចំអិនកំពឹសរួចក៍ស្ងាត់ទៅវិញ រីឯបទល្មើសផ្សេងៗក៍កើតមានតាមក្រោយដូចវែកចក និងថារឿងរ៉ាវនៅក្នុងសង្គមកម្ពុជាបែបនេះមិនចំាបាច់ឆ្ងល់ទេគឺដោយតែបា្រក់មួយមុខប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ