ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូមួយគ្រឿង បានបោលបុកតុលក់ស៊ុបដួលផ្ងារជើង ហើយប៊ីដុងទឹកសុទ្ធចំនួន២ ក៏បែកខ្ទេចខ្ទីរអស់ បន្ទាប់ពីត្រូវជនបង្កមួយក្រុម បើកម៉ូតូដេញកាប់យុវជន៣នាក់កំពុងជិះម៉ូតូបង្ករបួស២នាក់ ដែលហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោងជិត០៥ល្ងាចថ្ងៃទី៣០ មីនា ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
ប្រភពពីកន្លែងកើតហេតុ យុវជន២នាក់ដែលរងរបួស ម្នាក់ឈ្មោះយឺន ពីយ៉ាល់ អាយុ១៨ឆ្នាំ (របួសកំភួនដៃឆ្វេង) និងម្នាក់ទៀតឈ្មោះហួន ចិន អាយុ១៨ឆ្នាំ (របួសស្មារឆ្វេង) ទាំង២នាក់ជាកម្មករលើកដាក់ទឹកកកឱ្យថៃនៅផ្សាររុងក្លឿ មានទីលំនៅក្នុងភូមិទំនប់
ក៥ សង្កាត់ប៉ោយប៉ែត ។
បើតាមឈ្មោះហែម ភូ អាយុ១៦ឆ្នាំ ជាអ្នករួមដំណើរជាមួយជនរងគ្រោះទាំង២បាននិយាយថា ដំបូងពួកខ្លួនធ្វើដំណើរមកពីទិសខាងលិច ដោយឈ្មោះហួន ចិន ជាអ្នកបើកម៉ូតូម៉ាកសង់ធុនសេ១២៥ ស៊េរីឆ្នាំ២០០៥ ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែមានម៉ូតូជនសង្ស័យ២គ្រឿង មានគ្នា៤នាក់ ដោយមួយគ្រឿងម៉ាក MSX ពណ៌ក្រហម និងមួយគ្រឿងទៀត ម៉ាកសង់មិនស្គាល់ស៊េរី តាមកាប់ពីក្រោយដោយដាវសាមូរ៉ៃ ។ពេលនោះ ជនរងគ្រោះដោយភ័យខ្លាច ក៏បើកម៉ូតូគេចទើបជ្រុលទៅបុកតុលក់ស៊ុបរបស់អ្នកស្រា និងប៊ីដុងទឹកសុទ្ធបែកអស់ចំនួន២ តែម្តង ។ ក្រុមជនសង្ស័យ ក្រោយពីដេញកាប់ជនរងគ្រោះ ក៏នាំគ្នាជិះម៉ូតូគេចទៅទិសខាងកើតបាត់។
ក្រោយកើតហេតុ គេឃើញនគរបាលរដ្ឋបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានមកសួរនាំជនរងគ្រោះ និងណែនាំឱ្យទៅដាក់ពាក្យបណ្តឹងផងដែរ ។ ជនរងគ្រោះនិយាយថា ពួកខ្លួនមិនដែលមានទំនាស់ជាមួយក្រុមបង្កនោះទេ ។ តែទោះជាយ៉ាងណា គេគិតថា បើអត់ភ្លើងក៏គ្មានផ្សែងដែរ ។
ចែករំលែកព័តមាននេះ