ខេត្តមណ្ឌលគិរី ៖ ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីត្រូវគេឃើញថា បានរងនឹងឧបសគ្គខ្លះៗ ដោយសារតែមានប្រជាជនជនជាតិដើមភាគតិច មិនព្រមធ្វើដោយសារតែមិនចង់បង់ប្រាក់តម្លៃ១ម៉ឺនរៀល ក្នុងការធ្វើអត្តសញ្ញាណប័ណ្ណថ្មីនេះ ។
ការមិនព្រមធ្វើអត្តសញ្ញាណប័ណ្ណថ្មីដោយបញ្ហានេះហើយ គឺកំពុងក្លាយជាចំណោទប្រឈមមួយដែលកម្ពុជា កំពុងជំរុញការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដល់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ។ សេចក្តីរាយការណ៍ពីខេត្តមណ្ឌលគិរីបានឱ្យដឹងថា បន្ទាប់ពីផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មីដល់ប្រជាពលរដ្ឋចំនួន៣.២៤៩នាក់ កាលពីឆ្នាំ២០១៥រួចមក អធិការដ្ឋាននគរបាលស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានបន្តសកម្មភាពធ្វើអត្តសញ្ញាណប័ណ្ណថ្មី ជូនប្រជាពលរដ្ឋក្នុងឆ្នាំ២០១៦ ខណៈប្រជាពលរដ្ឋ ដែលគ្រប់អាយុ១៥ឆ្នាំ ក៏មានការកើនឡើងផងដែរ ។
អធិការរងទទួលបន្ទុកអត្តសញ្ញាណកម្មបានឱ្យដឹងថា កន្លងមកមន្ត្រីជំនាញបានចុះធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងផ្តល់ជូនរួចម្តងហើយ កាលពីឆ្នាំ២០១៥ ក្នុងនោះចាប់ពីថ្ងៃទី១ មករា ២០១៥ រហូតដល់ថ្ងៃ១១ កញ្ញា ២០១៥ ប្រជាពលរដ្ឋក្នុងឃុំចំនួន៦ ក្នុងស្រុកកែវសីមា បានទទូលអត្តសញ្ញាណប័ណ្ណ២០១២នាក់ ។ ហើយនៅថ្ងៃ២៩ មីនា នេះ អធិការដ្ឋាននគរបាល ក៏បានផ្តល់អត្តសញ្ញាណប័ណ្ណដល់អជ្ញាធរចំនួន២៤៣៦នាក់ ដើម្បីយកទៅប្រគល់ឱ្យប្រជាពលរដ្ឋដល់លំនៅឋាន ។
សូមជម្រាបថា កន្លងមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានប្រគល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋសរុប២៣.៩២៣នាក់ ស្រី៦.៩៩៥នាក់ ។ ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកតូច យ៉ុន បញ្ជាក់ថា មន្ត្រីរបស់លោកបានជួបប្រទះបញ្ហាប្រឈមនានា ដូចជាការមិនយល់ពីតម្លៃរបស់អត្តសញ្ញាប័ណ្ណ (បងប្អូនជនជាតិភាគតិចខ្វះចំណេះដឹង) ភូមិសាស្ត្រផ្លូវតំបន់ព្រៃភ្នំ ពិបាកធ្វើដំណើរ
(ត្រូវចុះធ្វើដល់មូលដ្ឋាននាពេលកន្លងមក) ហើយពេលថ្មីៗនេះ ការធ្វើអត្តសញ្ញាណប័ណ្ណតម្រូវឱ្យមានការបង់ប្រាក់១ម៉ឺនរៀល ។
ប្រជាពលរដ្ឋខ្វះបញ្ជីអត្រានុកូដ្ឋាន ដូច្នេះហើយធ្វើឱ្យប្រជាពលរដ្ឋដែលជាជនជាតិភាគតិចមួយចំនួនគាត់គិតថា មិនចាំបាច់ធ្វើទេ ព្រោះគាត់រស់នៅជិតមួយជីវិតហើយ មិនដែលផង ។ ចឹងមិនបាច់ធ្វើក៏មិនអីដែរ នាំតែអស់លុយ និងប្រជាពលរដ្ឋមួយចំនួនខ្វះបញ្ជី អត្រានុកូលដ្ឋាន ។
ចែករំលែកព័តមាននេះ