រាជធានីភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌទួលគោកក្របួចជាប់ ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាកIphone 6 មួយគ្រឿងពីបុរសម្នាក់ រួចព្យាយាមជិះគេចខ្លួន តែគេចមិនផុត បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី៣០ មីនា ២០១៦ ស្ថិតនៅចំណុចមុខផ្ទះលេខ៨០៥ ផ្លូវលេខ១២៨ ក្រុមទី២៧ ភូមិ៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះសម្បត្តិ វិសាល ហៅរុន អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៩បេ ផ្លូវលេខ២៥៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកបើកម៉ូតូ ) និងម្នាក់ទៀតឈ្មោះគឹម វី ហៅឈុន អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលពុំចាំលេខ ផ្លូវលេខ២៤៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកឆក់) ។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ុង សេរីវឌ្ឍនា ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនសន្តិសុខBDPS ស្នាក់នៅផ្ទះលេខ២០៨ ផ្លូវលេខ៥៨០ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
បើតាមសម្តីសមត្ថកិច្ចឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងជិះម៉ូតូម៉ាក Honda Today ពណ៌លឿងខ្ចី ពាក់ស្លាកលេខភ្នំពេញ 1DD-4821 បានមកឈប់នៅកន្លែងកើតហេតុ ហើយក៏ដកទូរស័ព្ទនិយាយទំនាក់ទំនងទៅកន្លែងធ្វើការ ខណៈនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះមកក្បែរ ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ឌដៃពីដៃជនរងគ្រោះបានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួនធ្វើឱ្យជនរងគ្រោះបានស្រែកថា (ចោរៗ) ។
ស្របពេលនោះ មានកម្លាំងល្បាតរបស់នគរបាលប៉ុស្តិ៍ទឹកល្អក់ទី១ កំពុងតែធ្វើការល្បាត ក៏បានអន្តរាគមន៍ដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ រហូតជនសង្ស័យទាំងនោះភ័យស្លន់ស្លោរព្យាយាមគេចខ្លួន តែភ្លាត់ស្នៀតគេចមិនផុតជាន់ហ្វ្រាំងដួលខ្លួនឯង ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះបានទាំង២នាក់ នាំយកមកអធិការខណ្ឌទួលគោក ។
វត្ថុតាងដកហូតបានមានទូរស័ព្ទមួយគ្រឿងម៉ាក Iphone 6 ពណ៌មាស (របស់ជនរងគ្រោះ) ត្រូវសមត្ថកិច្ចប្រគល់ឱ្យជនរងគ្រោះវិញ និងម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី2005 បិតតែមស៊េរី2015 ពាក់ស្លាកលេខបាត់ដំបង 1H-4316 ជាម៉ូតូរបស់ជនសង្ស័យ។
ចែករំលែកព័តមាននេះ