* ក្រុមហ៊ុនថ្មីមួយឈ្មោះ RKS ដែលវាយលុកយកបានសិទ្ធិទទួលម៉ៅការ ទារប្រាក់ថ្លៃផ្សព្វផ្សាយពាណិជ្ជកម្មពីស្លាកយីហោ… ពីប៉ាណូតូច ធំទាំងឡាយតាមហាង តាមទីសាធារណៈ ក្នុងរាជធានីភ្នំពេញ រយៈពេល១០ឆ្នាំ បានបង្កើតនូវកម្តៅកាន់តែគួរឱ្យចាប់អារម្មណ៍ហើយ… ក្រោយពេលកោះសន្តិភាពចេញផ្សាយមួយឈុតកន្លងមក… ។
* ប្រភពប៉ះពាល់ជាច្រើនបានប្រាប់កោះសន្តិភាពថា តាំងតែពីក្រុមហ៊ុនថ្មីមួយនេះចេញមុខមក បានទារយកតម្លៃកាប់ឆៅតែម្តង… ធ្វើដូចមានតែអញ ! បង្កនូវបញ្ហាដែលត្រូវតែអាជ្ញាធរថ្នាក់ជាតិ ចាប់អារម្មណ៍ កុំឱ្យខ្លែងវាដាច់ខ្សែ ដូចពេលនេះ ពីព្រោះដូចជារំលោភសិទ្ធិសេដ្ឋកិច្ចជាតិហួសហេតុពេក ។
* បានជាពោលដូច្នោះ ពីព្រោះតាំងពីក្រុមហ៊ុននេះគ្រប់គ្រងមក ដែលកើបយកដោយមិនដេញថ្លៃ បានទារយកថ្លៃឈ្នួលមួយគុណនឹងពីរ ពីស្លាកយីហោ ប៉ាណូតូចធំទាំងឡាយ… ហាក់បីដូច អ្វីៗជាសាច់៣ជាន់ដូច្នោះដែរ ។
* ប្រភពក្រៅផ្លូវការ ដែលគ្មានមន្ត្រីណាហ៊ានអះអាងនោះ ខ្សិបប្រាប់ថា ពីអតីតកាល ស្លាកយីហោ ប៉ាណូតូចធំទាំងឡាយមិនសូវមានទេ គឺមានតិចតួចគេបង់ចំណូលរដ្ឋមួយឆ្នាំ១៥ម៉ឺនដុល្លារ និងបានឡើង១៥% ប្រចាំឆ្នាំ ។ ចំណែកប៉ាណូ តូចៗទាំងឡាយក្រោម៤ម៉ែត្រការ៉េ ដែលនៅតាមបណ្តាខណ្ឌនានា ថ្លៃតែ១៥ដុល្លារប៉ុណ្ណោះមួយផ្ទាំងក្នុងមួយឆ្នាំ ហើយទុកចំណូលនេះសម្រាប់ខណ្ឌទទួលបន្ទុកប្រមូល ។
* ពេលនេះក្រុមហ៊ុនថ្មីមកគ្រប់គ្រង បានប្រមូលយកទាំងអស់ ដោយមានតម្លៃ៣០ដុល្លារ គឺមួយគុណនឹងពីរ អត់បាច់តវ៉ា ។ចំណែកការបង់ចំណូលមៅការប្រចាំឆ្នាំឱ្យរដ្ឋលោកក្រុមហ៊ុន RKS បង់តែ២៥ម៉ឺនដុល្លារប៉ុណ្ណោះ ។ រីឯប៉ាណូស្លាកយីហោតូចធំទាំងឡាយ នៅរាជធានីភ្នំពេញរីកស្គុះស្គាយ ពី៣ទៅ៤ដង ប្រៀបនឹងពីមុន ដែលកាលណោះមានតែមួយប្រឡង់កណ្តាលក្រុង ហើយពេលនេះរីកកាន់តែធំទៅៗ… ។
* ក្រុមអ្នកសង្កេតការណ៍សេដ្ឋកិច្ច បានប្រាប់ថា ចំណូលបានពីការផ្សាយពាណិជ្ជកម្មនានា តាមប៉ាណូ អាចលើសពី៤ទៅ៥ដង នៃតម្លៃដែលបង់ចូលរដ្ឋ ដែលមិនគួរណាប្រគល់ភារកិច្ចម៉ៅការនេះ ដោយមិនដេញថ្លៃឱ្យទៅក្រុមហ៊ុនឯកជនបែបនេះឡើយ ។
* មិនទាន់មានប្រភពណាមួយ ប្រាប់ពីឈ្មោះ ប្រធានក្រុមហ៊ុន RKS នេះឱ្យដឹងនៅឡើយទេ ។ ពួកគេជាមន្ត្រីនាំគ្នាលាក់ជិតឈឹង… ដែលទំនងគេខ្លាចមានគ្រោះថ្នាក់ដល់ខ្លួន កាលណាមាត់ដាច… ។ ណ្ហើយ… មិនប្រាប់ក៏ហីទៅចុះ… អ្វីដែលខំលាក់… គឺជារបស់ដែលគេចង់ដឹង ចង់ឃើញ និងចង់ស្ទាប… ដែលគង់ថ្ងៃណាមួយ ធ្លាយចេញមិនខានឡើយ តាមរយៈកោះសន្តិភាព ។
* ដល់ពេលធ្លាយចេញជាផ្លូវការ ទើបនាំគ្នាគក់ទ្រូងស្រែកថា… អូ ! ម្នាក់ហ្នឹងទេអ្ហី !! អុីចឹងតើ… បានទទួលសំណាងប្រទានខុសគេម្លឹងៗ ? អុីចឹងតើបានជាខំប្រមូលដោយ អត់អៀនខ្មាស់… តើឧកញ៉ាមួយណាជាម្ចាស់ក្រុមហ៊ុន RKS ?
ចែករំលែកព័តមាននេះ