ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍ពីតំបន់ទន្លេសាបបានឱ្យដឹងថា មានករណីអគ្គភ័យមួយ ឆាបឆេះនៅក្នុងព្រៃរនាមដែលជាជម្រកត្រីពងកូនរាល់ថ្ងៃ តែគេសង្កេតឃើញ គ្មានកាអន្តរាគមន៍ពីអាជ្ញាធរ ឬស្ថាប័នពាក់ព័ន្ធណាមួយឡើយ ដែលជាហេតុនាំឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ពីការរលាយហិនហោចតំបន់ព្រៃលិចទឹកនេះ ។
អគ្គិភ័យឆេះតំបន់ព្រៃរនាមមួយថ្ងៃៗរាប់សិបហិកតានោះ គេសង្ស័យបង្កឡើងដោយក្រុមអ្នករុករកសត្វព្រៃ និងរកសត្វឃ្មុំ ។ ប្រជាពលរដ្ឋបានប្រាប់ថា តំបន់ព្រៃរនាមស្ទើរគ្រប់ទីកន្លែងនៅក្នុងភូមិសាស្ត្រនានា ក្នុងស្រុកឯកភ្នំ ត្រូវភ្លើងឆេះបំផ្លាញមួយថ្ងៃៗរាប់សិបហិចតា ដោយគ្មានការអន្តរាគមន៍ពីអាជ្ញាធរ ឬសមត្ថកិច្ចទេ ។
ប្រភពដដែលបញ្ជាក់ថា បច្ចុប្បន្ន ក្រុមអ្នករុករកសត្វព្រៃ និងរកឃ្មុំកំពុងលុកលុយពាសពេញតំបន់ព្រៃរនាមក្បែរទន្លេសាប ។ ពួកគេតែងដុតព្រៃដើម្បីរកសត្វ និងយកឃ្មុំ ហើយមិនបានពន្លត់ភ្លើងទេ មុនពេលចាកចេញ ។ ដូច្នេះហើយ ទើបពំនួកភ្លើង ដែលសេសសល់នោះ បង្កទៅជាអណ្ដាតភ្លើងឆេះរាលដាលតែម្ដង ។
អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនានា គួរតែមានវិធានការលើករណីនេះ មិនគួរសំងំយកសុខបែបនេះទេ ព្រោះបើមិនជួយទប់ស្កាត់ទេ តំបន់ព្រៃរនាម ដែលជាជម្រកសំរាប់ត្រីពងកូននៅរដូវទឹកឡើងនោះ អាចនឹងរលាយហិនហោចគ្មានសល់អស់ទាំងព្រៃលិចទឹក អស់ទាំងត្រីតែម្ដង ។
ចែករំលែកព័តមាននេះ