ខេត្តបាត់ដំបង ៖ បើទោះជាក្រុងបាត់ដំបងបានជាប់ចំណាត់ថ្នាក់ ជាទីក្រុងស្អាតលេខ១ទូទាំងប្រទេស និងទទូលបានជ័យលាភីផ្ការំដួល៣ទង់ ជានិមិ្មតរូបក្ដី ប៉ុន្តែទីក្រុងដ៏ចំណាស់ដែលសំបូរទៅដោយអគារបេតិកភណ្ឌមួយនេះ កំពុងរងនូវការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន អំពីបញ្ហា «សណ្ដាប់» ដែលគ្មានរបៀបរៀបរយ នៅតាមដងផ្លូវសាធារណៈនានានៅក្នុងទីក្រុង ។
មហាជនបានលើកឡើងថា ទាំងភ្ញៀវក្នុងស្រុក ទាំងភ្ញៀវបរទេស ដែលធ្វើដំណើរដោយថ្មើរជើង ស្ទើរតែរកផ្លូវដើរគ្មាន ដោយសារតែការដាក់ទំនិញលក់ដូររបស់ប្រជាពលរដ្ឋពាសពេញទាំងនៅលើដងផ្លូវ ទាំងនៅលើចំណីផ្លូវសាធារណៈ ។ រីឯនៅតាមទីផ្សារនានាវិញ ការចតយានយន្តគ្រប់ប្រភេទ ក៏គ្មានរបៀបរៀបរយដែរ ។ ដូចជានៅម្ដុំផ្សារណាត់ជាដើម ជាពិសេសយានយន្តដែលចតនៅត្រង់ផ្លូវបំបែកខាងលិចផ្សារណាត់ខាងមុខផ្ទះអាជីវករប្ដូរលុយ «៧៣» តែម្ដង ចតគ្មានសណ្ដាប់ធ្លាប់ គ្មានរបៀបរៀបរយ ។
រីឯសមត្ថកិច្ចក៏មិនបើកភ្នែកមើលដែរ ។ ក្រៅពីការដាក់ទំនិញលក់ពាសពេញលើដងផ្លូវ និងការចតរថយន្តគ្មានសណ្ដាប់ធ្នាប់ ទីក្រុងស្អាតមួយនេះ មើលទៅហាក់ស្អេកស្កះ ទៅដោយផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម និងស្លាកយីហោហាងនានា ដែលមានទំហំធំៗ បិទបាំងជិតនូវអគារបេតិកភណ្ឌ ។
ផ្ទាំងប៉ាណូ ឬស្លាកយីហោធំៗទាំងនោះ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់ហាង មិនត្រឹមតែលើកបិទបាំងអគារបេតិកភណ្ឌទេ ថែមទាំងលើកគ្របទៅលើដងផ្លូវសាធារណៈទៀត ដែលបង្ហាញពីភាពរញេរញ៉ៃបំផុត ។ នេះជាការទទូលខុសត្រូវទាំងស្រុងរបស់សាលាក្រុងបាត់ដំបង ប៉ុន្តែលោកអភិបាលក្រុង ហាក់មិនបានយកចិត្តលើបញ្ហានេះទេ បើទោះជាលោកអភិបាលខេត្តបច្ចុប្បន្ន បាននិងកំពុងប្រឹងប្រែងគ្រប់បែបយ៉ាង ទាំងយប់ទាំងថ្ងៃ ស្ទើររកពេលទំនេរគ្មាន ក្នុងការរៀបចំកែលម្អរ និងអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យនៅក្នុងខេត្តបាត់ដំបងក្ដី ។
ជុំវិញបញ្ហានេះ មន្ត្រីសាលាខេត្តម្នាក់បាននិយាយថា សាលាក្រុងមានក្រុមគណៈបញ្ជាការកងឯកភាពមួយក្រុម ដើម្បីធ្វើការងារនេះ តែក្រុមនេះ ហាក់នៅទ្រឹងគ្មានសកម្មភាពអ្វីទាល់តែសោះ ។ មន្ត្រីដដែលថា ការលក់ដូរនៅតាមដងផ្លូវ សុទ្ធតែបានគូសវាសកំណត់ទីតាំងឱ្យលក់ ។ រីឯផ្ទាំងប៉ាណូ ឬស្លាកយីហោនានា សុទ្ធតែកំណត់ទំហំ ដែលចេញដោយការិយាល័យច្រកចេញ-ចូលតែមួយ ។ ប៉ុន្តែទីបំផុត ចង់ក្រុមហ៊ុន ឬម្ចាស់ហាងលើកប៉ាណូ ឬស្លាកយីហោបិទបាំងផ្ទះជិតឈឹង ក៏លោកអភិបាលក្រុង មិនទើសភ្នែកដែរ។
ផ្ទុយទៅវិញ គេឃើញមានតែមន្ត្រីសណ្តាប់ធ្លាប់ និងមន្ត្រីសាលាក្រុង ដើរប្រមូលលុយពីទីតាំងលក់ដូរលើដងផ្លូវគ្មានរបៀបទាំងនោះជារៀងរាល់ចុងខែទៅវិញ ។ ទាំងមន្ត្រីនានា ទាំងប្រជាពលរដ្ឋ រួមទាំងភ្ញៀវទេសចរផង សំណូមពរសុំឲ្យលោកអភិបាលក្រុងបាត់ដំបង មេត្តាពិនិត្យមើលភាពអសកម្មទាំងនេះឡើងវិញផង កុំសម្ងំស្ងៀមពេក ខណៈលោកអភិបាលខេត្ត ហាក់កំពុងប្រឹងប្រែងខ្លាំងណាស់ ក្នុងការកែទម្រង់ស្ទើរគ្រប់វិស័យ ដើម្បីឱ្យទីក្រុងបាត់ដំបង មានសោភណ្ឌភាពល្អ និងឱ្យស័ក្តិសមកេរ្តិ៍ឈ្មោះ ជាទីក្រុងស្អាតលំដាប់លេខ១ទូទាំងប្រទេសកម្ពុជា ។
ចែករំលែកព័តមាននេះ