ខេត្តសៀមរាប ៖ រថយន្តដឹកដីមួយគ្រឿង មានស្លាកលេខសៀមរាប១០៧៥ S.R 3 ដោយសារមានទម្ងន់ធ្ងន់ពេក បានបង្កឱ្យស្រុតផ្លូវ និងបាក់លូនៅក្នុងតំបន់ទីក្រុងទេសចរណ៍ នៃខេត្តសៀមរាប ។ តែករណីនេះ មិនត្រូវបានខាងសមត្ថកិច្ច ឬមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធមានចំណាត់ការទៅលើរថយន្តនោះឡើយ ដោយត្រូវគេសង្ស័យថា អាចសង្ស័យត្រូវថ្នាំសណ្តំ ដែលហេតុការណ៍កើតឡើងខាងលើ កាលពីថ្ងៃទី២៩ មីនា ២០១៦ ស្ថិតនៅក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា មានរថយន្តដឹកដីនិងខ្សាច់ ដែលកំពុងចរាចរណ៍នៅតាមដងផ្លូវជាតិ និងតាមផ្លូវនានាក្នុងក្រុងសៀមរាប ព្រមទាំងមិនបានគ្របកៅស៊ូពីលើថែមទៀត ។ ប្រភពបន្តថា ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ មីនា រថយន្តដឹកដីជាច្រើនគ្រឿង បានដឹកយកមកលក់នៅម្តុំភូមិស្ទឹងថ្មី ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយបានធ្វើឱ្យស្រុតផ្លូវកៅស៊ូជម្រៅប្រមាណជាងកន្លះម៉ែត្រ ហើយក្នុងហេតុការណ៍នោះ បណ្តាលឱ្យពលរដ្ឋនាំគ្នានិយាយយ៉ាងខ្លាំងៗថា អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្ត មិនអើពើទៅនឹងផលប៉ះពាល់ដល់សុខភាពរបស់ពលរដ្ឋ ដោយម្នាក់ៗអង្គុយចាំតែទទួលផលលាភសក្ការៈរៀងៗខ្លួនតែប៉ុណ្ណោះ ។
ប្រភពពីពលរដ្ឋមានលំនៅជាប់ផ្លូវជាតិបានប្រាប់ថា បច្ចុប្បន្ននេះ រថយន្តដឹកដីនិងដឹកខ្សាច់ បើកលឿនខ្លាំងណាស់ ហើយហុយទ្រលោមពេញផ្លូវ ដោយគ្មានឃើញសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធណាមួយចេញមុខឃាត់ ឬយកមកធ្វើការអប់រំឡើយ ។ នៅក្នុងទឹកដីខេត្តសៀមរាប គឺសំបូរដោយភ្ញៀវជាតិ និងអន្តរជាតិ ដែលពួកគាត់ចូលមកលេងនៅតំបន់អង្គរ ខ្លះជិះរថយន្ត ខ្លះជិះម៉ូតូរ៉ឺម៉ក និងខ្លះជួលម៉ូតូ កង់គេជិះ គ្រាន់បានសប្បាយ ប៉ុន្តែផ្ទុយទៅវិញ បែរជានាំគ្នាខ្ទប់មុខទាំងអស់ ។
ប្រភពបន្ថែមថា ក្រុមហ៊ុនដែលកាយយកអាចម៍ដីលក់ទាំងនោះនៅក្នុងក្រុងសៀមរាប បើគិតជាមធ្យម មានជិត១០០ក្រុមហ៊ុន ហើយភាគច្រើនពួកគេចូលទៅកាយនៅតំបន់ព្រៃលិចទឹកសម្រាប់ត្រីពង ក្នុងសង្កាត់សៀមរាប, សង្កាត់ជ្រាវ, សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាបជាដើម ។
ទាក់ទិនករណីនេះ ខាងម្ចាស់ក្រុមហ៊ុនដឹកដីដែលមានលេខទូរស័ព្ទជាប់និងឡាននោះបានឱ្យដឹងនាល្ងាចថ្ងៃទី២៩នេះថា ខាងក្រុមហ៊ុនរបស់លោក បានសងសំណងដល់រដ្ឋចំនួនជាង២០០ដុល្លារ ដែលខាងជំនាញសាធារណការចុះមកពិន័យផ្ទាល់តែម្តង ។ លោកបន្តថា បន្ទាប់ពីផាកពិន័យរួច ខាងជំនាញសាធារណការបានអនុញ្ញាតឱ្យលោកយករថយន្តមកប្រកបរបរវិញដោយធម្មតា ។
ចែករំលែកព័តមាននេះ