រាជធានីភ្នំពេញ ៖ រយៈពេល៥ថ្ងៃមកហើយ ប្រធាននគរបាលប៉ុស្តិ៍រដ្ឋបាលវត្តភ្នំ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ធ្វើការសង្គ្រោះឱ្យរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីត្រូវជនដៃដល់ដែលគេស្គាល់ថា ជាមន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាញ់ប្រហារកាលពីយប់កន្លងទៅ ។ ចំណែកឯជនដៃដល់ ក៏រួចផុតពីស្លាប់ដែរ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោមការយាមកាមពីកម្លាំងនគរបាលព្រហ្មទណ្ឌអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងរង់ចាំបញ្ជូនទៅពន្ធនាគារព្រៃ.ស ។ ដឹងអត់ថា បាញ់គ្នាយប់មិញនោះដោយសារអ្វី?
លោកអនុសេនីយ៍ឯក ឃួន ងួន អធិការរងនគរបាលខណ្ឌដូនពេញ ទទួលផែនយុត្តិធម៌បានឱ្យដឹងថា ពេលនេះ លោកអ៊ុំ សំអាត ប្រធាននគរបាលប៉ុស្តិ៍វត្តភ្នំ មានសភាពធូរស្រាលបន្តិចហើយ ហើយត្រូវក្រុមគ្រូពេទ្យបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ ឱ្យមកសម្រាកនៅអគារប្រព័ន្ធប្រាសាទ ។
រីឯជនដៃដល់ឈ្មោះសិន សុធារិទ្ធ ក៏សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតដែរ ដោយជននេះត្រូវបាននគរបាលផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញចោទពីបទ «ប៉ុនប៉ងមនុស្សឃាត» ប្រើប្រាស់អាវុធខុសច្បាប់ និងរក្សាសារធាតុគ្រឿងញៀន ត្រូវបញ្ជូនទៅពន្ធនាគារព្រៃ.ស ក្រោយពីព្រះរាជអាជ្ញាពិនិត្យសំណុំ និងស្ថានភាពមុខរបួស ។
ចែករំលែកព័តមាននេះ