ខេត្តកណ្ដាល ៖ កម្មករសំណង់២នាក់អូសរន្ទារដែកឡើងប្រក់ដំបូលផ្ទះ ស្រាប់តែប៉ះជាមួយខ្សែកាបភ្លើង បណ្ដាលឱ្យឆក់ស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ ដែលហេតុការណ៍នេះ កើតឡើងកាលពីកាលវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៨ មីនា ស្ថិតនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ ម្នាក់ឈ្មោះយ៉ែវ ធួន អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិរំពាកើពេន ឃុំឧត្តមសូរិយា
ស្រុកត្រាំកក់ ខេត្តតាកែវ និងម្នាក់ទៀតឈ្មោះតុង ហ៊ាន អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិសំពៅលូន ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ជាកម្មករសំណង់ បានអូសរន្ទារដែកមានកំពស់ខ្ពស់ ដើម្បីឡើងប្រក់ដំបូលផ្ទះ ។ ពេលដែលមេការបានប្រើជនរងគ្រោះទាំង២នាក់ឱ្យអូសរន្ទារដែកដើម្បីឡើងទៅប្រក់ដំបូលផ្ទះនោះ ដោយរន្ទារដែកមានកំពស់ខ្ពស់ក៏បានប៉ះនឹងខ្សែកាបអគ្គិសនីរាយនៅក្បែរផ្ទះនោះ បណ្តាលឆក់ដួលទៅនឹងដីសន្លប់ទាំង២នាក់ ។ ពេលនោះ ភ្លាមៗ ត្រូវកម្មករនាំគ្នាជួយសង្គ្រោះដោយធ្វើចលនាបេះដូង តែមិនដឹងខ្លួន ក៏បានដឹកទៅសង្ក្រោះបន្ទាន់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ តែពេលទៅដល់ ត្រូវក្រុមគ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
មន្ត្រីនគរបាលបានប្រាប់ថា ក្រោយពីដឹងថា ជនរងគ្រោះស្លាប់ មេការម៉ៅធ្វើផ្ទះខាងលើបានគេចខ្លួនបាត់ មិននៅទទួលខុសត្រូវនោះទេ ។ បច្ចុប្បន្ន កម្លាំងនគរបាលកំពុងស្រាវជ្រាវរកមេការសំណង់នេះហើយ ។
ចែករំលែកព័តមាននេះ