ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរថៃបានធ្វើការដោះលែងអ្នកទោសខ្មែរ២នាក់ នាំប្រគល់ឱ្យអាជ្ញាធរកម្ពុជា តាមមាត់ច្រកទ្វារអន្តរជាតិជាំ សាងាំ កាលពីម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៨ មីនា ២០១៦ ស្ថិតនៅភូមិជាំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ។
អ្នកទោសខ្មែរ២នាក់បានរៀបរាប់ឱ្យដឹងថា មុនពេលកើតហេតុ ខ្លួនមានបក្សពួក១ក្រុមមនុស្សជាង១០នាក់ បានសម្រេចចិត្តឡើងភ្នំដងរ៉ែក ហើយបង់លុយថ្លៃផ្លូវទៅឱ្យអ្នកមានសមត្ថកិច្ចឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងម្នាក់ៗអស់ជាង១០ម៉ឺនរៀល ទើបទៅបាន ពុំដូច្នោះទេ ពិតជាមិនបានទៅនោះទេ កាលពីរសៀលថ្ងៃទី១៨ ធ្នូ ១០១៥ ឆ្លងចូលទៅក្នុងទឹកដីថៃ រុករកកាប់ឈើគ្រញួង
អ្នកទោសដដែលបញ្ជាក់ថា កាលពីវេលាម៉ោង២រសៀលថ្ងៃទី១៩ ធ្នូ ២០១៥ ពួកខ្លួនកំពុងកាប់ឈើ ស្រាប់តែក្រុមទាហានថៃបាញ់គំរាមជាច្រើនគ្រាប់ចាប់ខ្លួនបានពលរដ្ឋខ្មែរ៥ ទៅ៦នាក់ នាំទៅដាក់នៅក្នុងពន្ធនាគាស្រុកខាន់តាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ
រយៈពេលជាង១ឆ្នាំ ទើបក្រុមអាជ្ញាធរថៃដោះលែងវិញនៅព្រឹកថ្ងៃទី២៨ មីនា ២០១៦ ។
មន្ត្រីបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំសាងាំបានឱ្យដឹងថា អ្នកទោសខ្មែរ២នាក់ ដែលត្រូវក្រុមអាជ្ញាធរថៃដោះលែងនាំខ្លួនមកប្រគល់ឱ្យកម្ពុជានោះ ១-ឈ្មោះតិ សី ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិកោះគ្រឹះស្នា ឃុំឬស្សីស្រុក ស្រុកកំពង់ត្រាច ខេត្តកំពត
និង២-ឈ្មោះម៉ម ប៊ុនធឿន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងគុយ ឃុំល្បើកស្រុកកំពង់ត្រាច ខេត្តកំពត ។
ចែករំលែកព័តមាននេះ