រាជធានីភ្នំពេញ ៖ នៅលើបណ្តាញទំណាក់ទំនងសង្គម (Facebook) របស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហោះនៅប៉ុន្មាននាទីមុននេះមានខ្លឹមសារទំាងស្រុងដូចតទៅ ៖ “នៅថ្ងៃទី ២៩ មីនាព្រឹកមិញនេះ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក Nikolay Nikiforov រដ្ឋមន្ត្រីទូរគមនាគមន៍ និងប្រព័ន្ឋ ផ្សព្វផ្សាយសហព័ន្ធរុស្ស៊ីចូលជួបពិភាក្សាការងារ។
ដំណើរទស្សនកិច្ចរបស់ លោក Nikolay Nikiforov គឺដើម្បីចូលរួមកិច្ចប្រជុំអន្ដររដ្ឋាភិបាល កម្ពុជា-រស្ស៊ីលើកទី៩។ លោក Nikolay បានចាត់ទុកសម្តេចជាមេដឹកនាំស្មោះត្រង់បំផុត ហើយ លោក មើលឃើញកម្ពុជារីកចម្រើនជឿនលឿនក្រោមការដឹកនាំរបស់សម្តេចតេជោ។ លោក Nikolay រីករាយពេញចិត្តចំពោះមិត្តភាព និងសហប្រតិបត្តិការល្អរវាងកម្ពុជា និងសហព័ន្ធរុស្ស៊ីមក ទល់សព្វថ្ងៃ។ ទន្ទឹមនឹងនេះ សហព័ន្ឋរុស្ស៊ី កំពុងចាប់អារម្មណ៌ក្នុងការជំរុញនិងពង្រឹងលើផ្នែកវិនិយោគ និងកិច្ចសហប្រតិបត្ដិការលើវិស័យមួយចំនួនថែមទៀត ជាពិសេស វិស័យទេសចរណ៍ ធុរកិច្ច និងសេដ្ឋកិច្ចជាដើម ។ កាលពីមុនជនជាតិរុស្ស៊ីរាប់លាននាក់ចូលចិត្តទៅសម្រាកលំហែរកាយនៅប្រទេស Turkey និង Egypt តែដោយសារអសន្តិសុខ និងអស្ថិរភាព ទើបរដ្ឋាភិបាល រុស្ស៊ីហាមប្រាមមិនអោយពលរដ្ឋគេទៅកំសាន្តនៅទីនោះតទៅទៀត។ ឥឡូវនេះភ្ញៀវទេសចររុស្ស៊ីបានបង្វិលទិសដៅមកប្រទេសថៃ ដែលជាឱកាសដល់កម្ពុជាក្នុងការស្រូបយកភ្ញៀវទេសចរ មកប្រទេសយើង។ រុស្ស៊ីក៏មានបំណងវិនិយោគធំលើវិស័យទេសចរណ៌ ដែលមានបីប្រទេសចូលរួមគឺ កម្ពុជា រុស្ស៊ី និងចិន ហើយមានការចាប់អារម្មណ៌ក្នុងការពង្រីកផ្លូវយន្តហោះអោយបាន ធំទូលាយដើម្បីទទួលយន្តហោះខ្នាតធំៗមកពីរុស្ស៊ី ដែលនឹងពិភាក្សាលម្អិតលើកិច្ចសហប្រតិបត្តិការនេះនៅពេលក្រោយ។ ទេសចររុស្ស៊ីចាប់អារម្មណ៌ខ្លាំងនៅតំបន់សមុទ្រក្រុងព្រះសីហនុ។
សម្ដេចតេជោហ៊ុន សែន បានចាត់ទុកទំនាក់ទំនងនៃប្រទេសទាំង២ក្នុងរយៈពេលថ្មីៗនេះគឺមានដំណើរការជឿនលឿនជាសកម្មទៅមុខ។ សម្តេចតេជោ សង្ឃឹមថាកិច្ចប្រជុំអន្ដររដ្ឋាភិបាល កម្ពុជា -រស្ស៊ី លើកទី៩ នឹងទទួលផលវិជ្ជមានជាច្រើនថែមទៀត ដែលយើងរំពឹងថានឹងឈានទៅដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនរវាងប្រទេសទាំង២។ ដើម្បីរិតចំណងមិត្តភាព កម្ពុជា -រុស្ស៊ី អោយកាន់តែល្អរឹងមាំ គឺនឹងមានគម្រោងដាំដើមឈើមិត្តភាពនៅកម្ពុជានិងនៅរុស្ស៊ី ក្នុងកំឡុងពេលសម្តេចតេជោអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីនោះក្នុងខែ ឧសភា ខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំពិភាក្សាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់ លោក Nikolay និងអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជាអំពីការបន្តផ្តល់អាគាររដ្ឋអោយរុស្ស៊ីប្រើប្រាស់ ជា មជ្ឈមណ្ឌលវប្បធម៌ និងវិទ្យាសាស្រ្ត នៅទីក្រុងភ្នំពេញដើម្បីពង្រឹងនិងពង្រីកនូវមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អរឹងមាំរវាងប្រទេស និងប្រជាជាតិទាំងពីរ។ ទន្ទឹមនឹងនោះ សម្តេចតេជោ ហ៊ុន សែន បានស្នើអោយភាគីវិនិយោគទុនរុស្ស៊ី រៀបចំដឹកអ្នកទេសចរណ៌ ពាណិជ្ជករ និងវិនិយោគទុន ព្រមទាំងក្រុមកីឡាបាល់ទាត់ ឬបាល់ទះតាមយន្តហោះមកកម្ពុជា ដើម្បីបង្ហាញពី សក្តានុពលវិនិយោគនៅកម្ពុជាយើងផង និងដើម្បីរិតចំណងមិត្តភាពនៃប្រទេសទាំងពីរផង។
សម្តេចតេជោ បានផ្តាំផ្ញើសួរសុខទុក្ខ លោកប្រធានាធិបតី Vladimir Putin និងនាយករដ្ឋមន្រ្តីរុស្ស៊ីផងដែរ។ កិច្ចប្រជុំបានបញ្ចប់ដោយភាពរីករាយ ស្និទ្ឋិស្នាល និងផ្លែផ្កាវិជ្ជមានគួរជាទីមោទនៈបំផុត៕”
ចែករំលែកព័តមាននេះ