អរុណញញឹមចាប់បេះដៃកែវចេញពីភ្នែករួចងើបឈរមើលមុខកែវក្តោបដៃកែវទាំងពីរដាក់ផ្អឹបលើទ្រូងភ្នែកស្រទន់ដាក់គ្នាទៅវិញទៅមក
អរុណ៖ បងនិយាយលេងទេ! បើបងចំណាំដៃកែវប៉ុណ្ណឹងមិនបានដូចជាមិនស្គាល់ខ្លួនឯងអញ្ចឹង !
កែវធ្វើអឹមអៀនសម្លក់អរុណធ្វើងរង៉ក់បែរខ្នងដាក់អរុណ
កែវ៖ ហ៊ឹះ! បងមិនបាច់មកនិយាយផ្អែមល្ហែមលួងចិត្តអូនទេ! អូននៅមិនច្បាស់ក្នុងចិត្តទេថាចិត្តបងដូចមាត់ឬអត់ព្រោះអូនដឹងណាថាភ្នែកបងពេលសម្លឹងភួងម្លិះម្តងៗខុសប្លែកពីបងសម្លឹងមើលមុខស្រីដទៃ ! បងឆាប់និយាយប្រាប់អូនឱ្យច្បាស់ ឥឡូវនេះភ្លាមមកថាបងគិតយ៉ាងម៉េចជាមួយអូនម្លិះនោះ !
អរុណឈ្ងោកមុខមករកថ្ពាល់កែវខ្សិបតិចៗដាក់ត្រចៀកកែវ
អរុណ៖ ចង់ដឹងខ្លាំងណាស់មែនទេ ? បាន! ខិតឲ្យជិតបងមកចាំបងប្រាប់!
ផ្លែត្នោតទុំមួយជ្រុះពីលើដើមមកក្បែរខ្លួនកែវធ្វើឲ្យកែវភ្ញាក់ស្ទុះលែងដៃពីអរុណ ។
ភួងម្លិះនិងកែវដេកនៅក្នុងបន្ទប់ជាមួយគ្នា។ កែវភ្ញាក់ក្រញ៉ាងស្ទុះងើបអង្គុយស្រែករបៀបភ្ញាក់។ ភួងម្លិះភ្ញាក់បើកភ្នែកធ្វើមីងមាំងបន្តិច ស្ទុះងើបអង្គុយដែរធ្វើមុខភ័យ
ភួងម្លិះ៖ មានរឿងអីហ្នឹងបងកែវ ? ចោរចូលផ្ទះមែនទេ ?
កែវបើកភ្នែកស្រឡះងាកមើលឆ្វេងស្តាំធ្វើមុខស្លឺបន្តិច
កែវ៖ អូហ៍! អត់អីទេ! បងយល់សប្តិ! ហ៊ឹះ! កំពុងតែយល់សប្តិសប្បាយផងដាច់សប្តិ អស់រលីង!
ភួងម្លិះគ្រវីក្បាលធ្វើមុខហួសចិត្ត
ភួងម្លិះ៖ យល់សប្តិសប្បាយស្អីស្រែកផ្អើលគេផ្អើលឯងអស់អញ្ចឹងនោះ ! មិនដឹងជា ស្អីទេបងកែវខ្ញុំកំពុងតែដេកលក់ស្រួលផង !
ភួងម្លិះដេកទៅវិញ ។ កែវអង្អែលមុខធ្វើមុខអឹមអៀនរអ៊ូតិចៗ
កែវ៖ ហ៊ឹះ! ផ្លែត្នោតនេះចេះមកបញ្ឆោតឯងអញ្ចឹងកើត !
ឃើញដៃអរុណកំពុងស្រោចផ្កាម្លិះមួយផើងដាក់នៅទីធ្លាមុខផ្ទះក្បែរមាត់ទ្វារចូល ។ អរុណដួសទឹកពីក្នុងធុងតូចម្តងមួយផ្តិលស្រោចដើមផ្កាម្លិះថ្នមៗស្របទឹករួចអរុណអង្គុយចុះយឺតៗលូកដៃអង្អែលផ្កាម្លិះដែលរីកពេញដើមថ្នមៗញញឹមលេចរូបភាពស្រមៃ ។
(រូបភាពស្រមៃ)
អរុណកំពុងភ្ជួរស្រែ វ៉ាន់រត់កាត់វាលស្រែបាចទឹកសំពោងស្រែកបណ្តើរ
វ៉ាន់៖ អរុណៗ!
អរុណទាញខ្សែគោឈប់ភ្ជួរទប់ដងនង្គ័លជាប់ងាកមើលទៅវ៉ាន់
អរុណ៖ ណែ! ឯងស្រែកអីក៏ស្រែកខ្លាំងម្ល៉េះ? ខ្លាចភ្លេចឈ្មោះគ្នាហ្អី ?
វ៉ាន់រត់លឿនពេកជំពប់ជើងដួលផ្កាប់មុខនឹងភ្លឺស្រែខំងើបរត់បន្តទៀត
វ៉ាន់៖ អរុណ! ពូផានប្រាប់គ្នាថាគាត់ឃើញម៉ែឯងគ្រោះថ្នាក់ចរាចរណ៍នៅមុខផ្សារឯណោះ ! មិនដឹងជាយ៉ាងម៉េចទៅហើយទេ! មានគេអ្នកនៅផ្សារជួយយកទៅពេទ្យហើយ! គាត់មិនបានទៅតាមទេព្រោះប្រញាប់មកប្រាប់ដំណឹងពួកយើង !
អរុណព្រលែងនង្គ័លចោលរត់ត្របាញ់ជើងចេញទៅ ។ គោអូសនង្គ័លខ្លួនឯងវិលពេញស្រែ។ វ៉ាន់រត់តាមអរុណ
វ៉ាន់៖ ណែវ៉ើយ! ចាំគ្នាផង!
(រូបភាពស្រម៉ៃ) ។ អរុណកំពុងរត់ចូលទៅក្នុងពេទ្យ (ស្កុបយឺតៗ) ។
ដូរទីតាំង៖
នៅមុខបន្ទប់ពេទ្យ ។ អរុណរុញទ្វារបន្ទប់ពេទ្យ ។ ទ្វាររបើក ឃើញមុខភួងម្លិះ។ អរុណនិងភួងម្លិះមើលមុខគ្នាភាំងបន្តិច។ អរុណអោនងក់ក្បាលគួរសម
អរុណ៖ សុំទោស ខ្ញុំច្រលំបន្ទប់ !
ម្លិះមើលមុខអរុណបន្តិច
ភួងម្លិះ៖ បងប្រុសមកមើលមីងរឿងមែនទេ? គាត់នៅក្នុងបន្ទប់នេះហើយ !
អរុណមើលមុខភួងម្លិះ ភាំងបន្តិចរួចរត់ចូលក្នុងបន្ទប់ ។ ឃើញមីងរឿងដេកនៅលើគ្រែពេទ្យ កំពុងព្យួរសឺរ៉ូម ក្បាលរុំរួចហើយ។ អរុណស្ទុះទៅក្តោបដៃមីងរឿងម្ខាងដែលនៅទំនេរ ទឹកមុខរន្ធត់
អរុណ៖ ម៉ែ! រឿងចាប់ដៃអរុណ
រឿង៖ កូនរុណ! កុំភ័យអី! ម៉ែមិនអីទេ! សំណាងល្អហើយ ដែលបានក្មួយភួងម្លិះ កូនលោកមេភូមិជូនមកពេទ្យទាន់ ! កុំអីម៉ែមិនដឹងជាយ៉ាងម៉េចទៅហើយទេ! ឥឡូវនេះអស់អីហើយ! យ៉ាងយូរសម្រាកនៅពេទ្យតែមួយអាទិត្យម៉ែអាចចេញទៅផ្ទះវិញ ហើយកូន !
អរុណក្តោបដៃរឿងយកមកដាក់ផ្អឹបនឹងចង្ការ មុខស្រពោន
អរុណ៖ ម៉ែ! ថ្ងៃក្រោយ បើចង់ទៅណា ម៉ែទុកឲ្យខ្ញុំជូនម៉ែទៅ! កុំដើរម្នាក់ឯងទៀត! គ្រោះថ្នាក់មើលមិនឃើញយ៉ាងនេះហើយ!
អរុណងាកមករកភួងម្លិះងក់ក្បាលគួរសម
អរុណ៖ ខ្ញុំអរគុណភួងម្លិះណាស់! ដែលបានជូនម៉ែខ្ញុំមកពេទ្យ!
ភួងម្លិះ៖ ច៎ា មិនអីទេ! អ្នកភូមិជាមួយគ្នាត្រូវតែជួយគ្នាអញ្ចឹងហើយ! ឥឡូវបានបងមកមើលគាត់ ខ្ញុំរកទៅវិញសិនហើយ! ព្រោះរកទិញរបស់របរខ្លះឲ្យអ្នកម៉ែ!
អរុណ៖ បាទ! អញ្ជើញចុះ!
អរុណជូនភួងម្លិះដល់ត្រឹមមាត់ទ្វារបន្ទប់។ ម្លិះដើរចេញទៅ ។ អរុណតាមមើលម្លិះរហូតទាល់តែម្លិះចេញផុត ។
(រូបភាពស្រម៉ៃ)។ ភួងម្លិះកំពុងដើរជាមួយច័ន្ទ្រតាមផ្លូវក្បែរវាលស្រែជាមួយគ្នាកំពុងជជែកគ្នាបណ្តើរ មើលទេសភាពវាលស្រែបណ្តើរ ស្រាប់តែមានគោបីក្បាល កំពុងរត់យ៉ាងលឿនពីចម្ងាយ តាមផ្លូវដែលភួងម្លិះ និងច័ន្ទ្រកំពុងតែដើរ។ ក្មេងឃ្វាលគោកំពុងរត់តាមពីក្រោយគោ រត់ចាប់ខ្សែគោតែរត់មិនទាន់។ ច័ន្ទ្រនិងម្លិះឃើញគោកំពុង តែរត់បោលពេញផ្លូវមកពីមុខ នាំគ្នាបើកភ្នែកធំៗ របៀបភ័យ (ហ្សូមមុខជិត) ។ ច័ន្ទ្រស្រែកយ៉ាងខ្លាំង
ច័ន្ទ្រ៖ ម្លិះគេច !
(នៅមានត)
ចែករំលែកព័តមាននេះ