ទោះបីជាប្រទេសកម្ពុជា មានការរីកចម្រើនផ្នែកសេដ្ឋកិច្ចប្រមាណជា៧% នៅក្នុងមួយឆ្នាំក្តី សេដ្ឋកិច្ចភាគច្រើនប្រមូលផ្តុំ តែនៅក្រុងភ្នំពេញ និងខេត្តមួយចំនួនតូចប៉ុណ្ណោះ ។ ខេត្តភាគច្រើន មិនមានសកម្មភាពសេដ្ឋកិច្ចរស់រវើកឡើយ ។
ដើម្បីធ្វើការបែងចែកផលសេដ្ឋកិច្ចឱ្យទៅដល់មនុស្សគ្រប់គ្នានោះ សកម្មភាពសេដ្ឋកិច្ច និងការវិនិយោគ គួរត្រូវបានពង្រីកឱ្យដល់២៥ខេត្ត-ក្រុងទូទាំងប្រទេសកម្ពុជា ។
ខេត្តនីមួយៗ ត្រូវចេះស្វែងរកចំណុចខ្លាំងរបស់ខ្លួន ដើម្បីធ្វើចេញជាគម្រោង ដែលនឹងនាំដល់សកម្មភាពសេដ្ឋកិច្ចរស់រវើក ។ បើសិនជាគេមិនអាចពង្រីកសកម្មភាពសេដ្ឋកិច្ច ទៅដល់គ្រប់ខេត្ត-ក្រុងទេនោះ មនុស្សតែមួយចំនួនតូចប៉ុណ្ណោះ គឺអ្នកទីក្រុងភ្នំពេញដែលទទួលផលច្រើនជាងគេ ពីការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ។ ចំណែកការកាត់បន្ថយភាពក្រីក្រ ក៏មិនអាចបានលឿនឡើយ បើសិនជាសកម្មភាពសេដ្ឋកិច្ច នៅតែប្រមូលផ្តុំនៅទីក្រុងភ្នំពេញ ។
ជាការសង្កេតទូទៅ ខេត្តនានាហាក់ដូចជាមិនទាន់មានគំនិតច្នៃប្រឌិតឱ្យបានគ្រប់គ្រាន់នៅឡើយទេ ដើម្បីនឹកឃើញតាក់តែងជាគម្រោងជំរុញសកម្មភាពសេដ្ឋកិច្ច ។ ទោះបីតូចក្តីធំក្តី ការផ្តួចផ្តើមជាគម្រោងនានានឹងបានជាប្រយោជន៍ដល់ប្រជាជនកម្ពុជា ។ ឧទាហរណ៍ បុណ្យចូលឆ្នាំខ្មែរ ដែលនឹងចូលមកដល់នៅពេលឆាប់ៗនេះជាដើម បើសិនជាខេត្តនានាអាចចេះរៀបចំជាកម្មវិធីកម្សាន្តដែលមានភាពទាក់ទាញនោះ ប្រជាជនកម្ពុជានឹងធ្វើដំណើរទៅចូលរួមកម្សាន្តកម្មវិធីទាំងនោះ ។ ដូច្នេះ សកម្មភាពសេដ្ឋកិច្ចជាច្រើនអាចនឹងកើតមាន ដូចជាការលក់ម្ហូបអាហារ និងការរៀបចំជាផ្ទះសំណាក់ និងសណ្ឋាគារជាដើម ។
វាដល់ពេលដែលគេត្រូវបែងចែកផលសេដ្ឋកិច្ចទៅឱ្យឆ្ងាយដល់ប្រជាជន ដែលនៅតាមបណ្តាខេត្ត ។ ការធ្វើបែបនេះបាន វានឹងជួយកាត់បន្ថយគម្លាតសេដ្ឋកិច្ចរវាងអ្នកមាន និងអ្នកក្រផងដែរ ។
ចែករំលែកព័តមាននេះ